បុរស​ម្នាក់​ត្រូវ​ពស់​ចឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​​មន្ទីរពេទ្យទាន់​ពេល​

​ខេត្ត​កំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​ពស់​ចឹក​​​កាលពី​វេលា​ម៉ោង​៩​យប់ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​​២០១៥ ស្ថិត​នៅ​ក្នុងភូមិ​អំពុះ ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ។

​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ ឈ្មោះ ន​ង ទិ​ត្យ ​អាយុ​៤៧​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំកើតហេតុ​ខាងលើ ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ​នេះ​ថា​ ​​ជា​រៀង​រាល់ថ្ងៃ​រូប​​គាត់​តែងតែ​ទៅ​បូមទឹក​ស្ទឹង​សែន​​ ដើម្បី​បាញ់​ស្រោចដំណាំ​របស់​គាត់​​ ដូច​ជា​ ស្រូវ ពោត និងបន្លែ​ផ្សេង​ៗ​ទៀត​​ ​ស្រាប់តែ​មាន​សត្វ​ពស់​១​ក្បាល​លូន​មក​​ចឹក​​ជើង​ខាងឆ្វេង​​គាត់​​​ជាប់​​​ធ្វើ​​ឲ្យ​ឈឺចុកចាប់​យ៉ាង​ខ្លាំង ​​​ពេល​នោះ​ រូប​គាត់​ក៏​រលាស់ជើងធ្វើ​ឲ្យ​​​ខ្ទាត​​បាត់​ទៅ​ ​​​​ពស់​​នោះ​មាន​ទំហំ​តូច​ជាង​មេជើង ​​ពណ៌​បៃតង ក្បាល​ធំ និង​មាន​កន្ទុយ​ពណ៌​ក្រហម ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​​ថា «ពស់​ពល​ម៉ា​» ​បន្ទាប់​ពី​កើតហេតុ​​​ភ្លាមៗ គាត់​​បាន​ឱ្យ​​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​ប​ង្អែក​ខេត្ត​ទាំង​យប់ ។​

ដោយ​មានការ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យចាក់​ថ្នាំ និង​ព្យួរសេរ៉ូម​បន្សាប​ជាតិ​ពិស​ផង​នោះ ទើប​ធ្វើ​ឲ្យ​អាកា​រៈ​របស់​គាត់​ធូរ​ស្រាយ​ឡើង​វិញ​ ​​និង​​ជើង​​​អន់​ហើម​បន្តិច​ម្តង​ៗ​ យ៉ាង​យូរ​១​ថ្ងៃ ​ឬ​​២​ថ្ងៃ​ទៀត ​​គាត់​នឹង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ ។​

​ព័ត៌​មាន​​នេះ​ក៏​ជា​ការ​អំពាវនាវ​ដល់​​​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​ ​នៅ​ពេល​ដែល​បងប្អូន​ត្រូវ​សត្វ​មាន​ពិស​ទិច ខាំ ​ឬ​ក៏​ចឹក ​ត្រូវ​តែ​ដឹក​ជន​រង​គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​អាយុជីវិត ពីព្រោះ​នៅ​មន្ទីរ​​ពេទ្យ​​​មាន​សម្ភារ​ទំនើប​ ​និង​មាន​ថ្នាំ​សម្រាប់​បន្សាប​ជាតិ​​ពិសពស់​គ្រប់​ប្រភេទ​ ​សូមកុំ​ពន្យា​រពេល​ទៅ​រក​គ្រូខ្មែរ​ឲ្យសោះ​ ​ប្រយ័ត្ន​ហួសពេល​ ជួយ​លែង​បាន​ ៕