ជ​ប៉ុ​ន​នឹង​ជួយ​ប្រទេស​ថៃ​ឱ្យ​ចូលរួម​ក្នុង​ប្លុក​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP )

ប្រទេស​ជ​ប៉ុ​ន ៖  ថៃ​ទំនងជា​នឹង​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ដែល​ចុះហត្ថលេខា​ដោយ​បណ្តា​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​ចំនួន​១២ កាលពី​ខែ​មុន​នេះ ។

នៅ​ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ី​ន ហ្សូ​អា​បេ កាលពី​ថ្ងៃ​សុក្រ លោក Somkid Jatusripitak មាន​ប្រសាសន៍​ថា ៖ «​រដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​ជួយ​គាំទ្រ​ប្រទេស​ថៃ ឲ្យ​ចូលរួម​ជាមួយ​ប្លុក​ពាណិជ្ជកម្ម​ថ្មី​នេះ​។ ជប៉ុន​បាន​ជួយ​ជ្រោមជ្រែង​ដល់​ថៃ ទៅ​លើ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​សមាជិកភាព​របស់ TPP ដែល​គិត​ទាំង​គុណ​ប្រយោជន៍​ផ្សេង​ៗ ហើយ​ថៃ​ចាំបាច់​ត្រូវ​ត្រៀមខ្លួន​ជា​មុន​ដើម្បី​ប្រកួតប្រជែង​ផង​ដែរ​» ។

លោក​បន្ត​ថា ៖ «​ប្រទេស​ថៃ​ពិតជា​ចង់​ដឹង​អំពី​កិច្ចព្រមព្រៀង TPP ដែល​ផ្តល់​នូវ​កាលានុវត្តភាព​ដ៏​ទូលំទូលាយ​ប្រកបដោយ​សក្តានុពល​នេះ ។ បណ្តា​វិនិយោគិន​ជប៉ុន​បាន​សម្តែង​ក្តី​បារម្ភ​អំពី​ជំហរ​របស់​ថៃ​ថា តើ​ថៃ​នឹង​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឬ​យ៉ាងណា ពីព្រោះ​ជ​ប៉ុ​ន​ខ្លាច​ថា ប្រសិនបើ​យើង​បដិសេធ​មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​វិនិយោគ​របស់​ជ​ប៉ុ​ន​នៅ​ថៃ​» ។

លោក​បន្ថែម​ថា ៖ «​គណៈកម្មការ​បាន​សិក្សា​អំពី​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​ត្រូវធ្វើ​រចនាសម្ព័ន្ធ​ឡើង​វិញ​ជា​ចាំបាច់ ដោយ​រាប់​បញ្ចូល​ទាំង​អ្នកតំណាង​មក​ពី​ឧស្សាហ​កម្ម​ផ្សេង​ទៀត​ដូច​ជា​ការងារ កសិកម្ម សុខភាព​សាធារណៈ និង​កិច្ចការ បរទេស ជាដើម​» ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ស៊ី​ន ហ្សូ​អា​បេ ប្រទេស​ថៃ​ក៏​បាន​អំពាវនាវ​ដល់​វិនិយោគិន​ជប៉ុន ដើម្បី​ឲ្យ​មានការ​ផ្សព្វផ្សាយ​ជា​ចង្កោម​នូវ​ការ​អភិវឌ្ឍ​ផ្លូវដែក និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​ក្នុង​បណ្តា​ឧស្សាហកម្ម​១០ ផង​ដែរ ។

សុន្ទរកថា​គន្លឹះ​មួយ​ក្នុង​សិក្ខាសាលា​ស្តី​ពី​គោលនយោបាយ​សេដ្ឋកិច្ច​ថ្មី​របស់​ថៃ មាន​ចំណងជើង​ថា «​ថៃ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ​ក្នុង​កំណើន​ដែល​អាច​ទ្រទ្រង់​រួច​» កាលពី​រសៀល​ថ្ងៃ សុក្រ លោក Somkid Jatusripitak ឱ្យ​ដឹង​ថា​៖ «​ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​ស្ពឹក ហើយ​ការ​នាំ​ចេញ​របស់​ថៃ​កំពុង​ជួប​ផល​ប៉ះពាល់​យ៉ាងណា​ក្តី ក៏​ចក្ខុវិស័យ​ទាំងមូល​នៃ​សេដ្ឋកិច្ច​ថៃ នៅ​តែ​ខ្លាំង​ដដែល​» ។

រូបិយប័ណ្ណ​បរទេស​បម្រុង​ទុក​របស់​ថៃ​ត្រូវ​បាន​គេ​ព្យាករ​ថា ស្ថិត​ក្នុង​កម្រិត​១៥៧​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​បំណុល​បរទេស​រយៈពេល​ខ្លី​ចំនួន​៥៥​ប៊ី​លាន​ដុល្លារ និង​បំណុល​សាធារណៈ​ក្នុង​អនុ​បាត GDP ត្រឹមតែ​៤៣%​ប៉ុណ្ណោះ គឺ​អតិផរណា​បាន​ចុះ​ខ្សោយ ហើយ​អត្រា​អត់​ការងារ​ធ្វើ​មាន​០,៩% ។

បើ​ទោះជា​មានការ​ធា្ល​ក់​ចុះ​ក្នុងឆ្នាំនេះ​ក្តី ក៏​គេ​រំពឹង​ថា ការ​ជឿជាក់​ផ្នែក​ឧស្សាហកម្ម​នឹង​មាន​អតិថិជន​កាន់តែ​ច្រើន​ឡើង វា​ជា​លទ្ធផល​នៃ​កញ្ចប់​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​ដែល​បាន​រៀបចំ​កាលពី​៣​ខែ​មុន ។

ការ​លើកទឹកចិត្ត​ទាំងនោះ​រួម​មាន ៖ ១-​ការ​បញ្ចូល​មូលនិធិ និង​ឥណទាន​ទៅ​ឱ្យ​សហគមន៍​ថ្នាក់​ស្រុក និង​ឃុំ ដើម្បី​បង្កើត​ការងារ និង​ចំណូល​ក្នុងស្រុក ២-​ការ​ផ្តល់​នូវ​ឥណទាន​តម្លៃ​ទាប និង​កាត់​ពន្ធ​ដើម្បី​បន្ថយ​បន្ទុក​របស់​បណ្តា​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​បច្ចុប្បន្ន​កំពុង​ជួប​ការ​ខ្វះខាត​មូលធន ។ វិធានការ​លើកទឹកចិត្ត​ដល់ទី​ផ្សារ​អចលនទ្រព្យ គឺជា​កត្តា​សំខាន់​មួយ​ដែល​អាច​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​សុក្រ អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន សមាគម​ទេសចរណ៍ និង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ជប៉ុន ។

ប្រធាន​អាជ្ញាធរ​ទេសចរណ៍ លោក Yuthasak Supasorn ថ្លែង​ថា ៖ «​កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ជំរុញ​ឱ្យ​អ្នកទេសចរ​ជប៉ុន​មក​ទស្សនា​ថៃ ឱ្យ​បាន​ចំនួន​២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ ។ ម្យ៉ាងទៀត អាជ្ញាធរ​ថៃ​បាន​ដាក់​ទិស​ដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជប៉ុន​ឲ្យ​បាន​ចំនួន​១,៣​លាន​នាក់ ដោយ​នាំ​មក​នូវ​ចំណូល​ចំនួន​៥៤,៩​ប៊ី​លាន​បាត​រហូត​មក​ដល់​ពេល​នេះ និង​ស្រូប​យក​អ្នកទេសចរ​ចំនួន​១,៤​លាន​នាក់ និង​ទទួល​បាន​ចំណូល​៦១​ប៊ី​លាន​បាត​នៅ​ឆ្នាំ​ក្រោយ ។ ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ អ្នកទេសចរ​ជប៉ុន​ដែល​មក​ទស្សនា​ប្រទេស​ថៃ បាន​កើនឡើង​១២% ដោយ​បង្កើត​ចំណូល​បាន​ចំនួន​៤៧,២​ប៊ី​លាន​បាត​» ៕