សាកសព​អ្នក​បើក​យន្តហោះ​រុ​ស្ស៊ី​បាញ់​ធ្លាក់​បញ្ជូន​ទៅ​តួ​ក​គី

ក្រុង​អង់កា​រ៉ា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា សាកសព​របស់​អ្នក​បើក​យន្តហោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​មួយ​គ្រឿង​ត្រូវ​យន្តហោះ​តួ​ក​គី​បាញ់​ធ្លាក់ កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា កន្លង​មកនេះ ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​តួ​ក​គី​ដើម្បី​ប្រគល់​ទៅ​ឱ្យ​រុ​ស្ស៊ី ។

នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក​អា​ហ៍​ម៉េ​ដ ដា​វូ​តូ​គ្លូ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ទីក្រុង​អីុ​ស្តង់​ប៊ុល​ថា អ្នក​បើក​យន្តហោះ​ដែល​បាត់​បង់ជីវិត​ពេល​រំលោភ​ដែនអាកាស​តួ​ក​គី ត្រូវ​បាន​គេ​ប្រគល់​ឱ្យ​យើង​នៅ​តាម​ព្រំដែន​ស៊ី​រី កាលពី​យប់​មុន ។ អ្នកការទូត​រុ​ស្ស៊ី​ម្នាក់​ទៅ​កាន់​តំបន់​ហា​តៃ ជាប់​ព្រំដែន​ស៊ី​រី​ជា​កន្លែង​សព​អ្នក​បើក​យន្តហោះ​ត្រូវ​ប្រគល់​ឱ្យ​អមដំណើរ​ដោយ​តំណាង​មួយ​រូប​នៃ​កងទ័ព​តួ​ក​គី ។

យន្តហោះ​ធុន SU-24 រុ​ស្ស៊ី​ត្រូវ​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ពេល​ហោះ​វិល​ត្រឡប់​ពី​បំពេញបេសកកម្ម​ប្រយុទ្ធ​នៅ​តាម​ព្រំដែន​តួ​ក​គី​-​ស៊ី​រី ដោយ​យន្តហោះ​ប្រដេញ F-16 តួ​ក​គី​២​គ្រឿង ។ អ្នក​បើក​យន្តហោះ SU-24 ទាំង​២​នាក់​អាច​លោត​ចេញ​តាម​ឆ័​ត្រ​យោង​មុន​ពេល​ធ្លាក់​លើ​ដែនដី​ស៊ី​រី ។ យោង​តាម​ក្រុង​មូ​ស្គូ​ថា ពួក​ឧទ្ទាម​តួ​ក​ម៉ែ​ន ដែល​ត្រួតត្រា​តំបន់​នេះ​បាន​សម្លាប់​អ្នក​បើក​យន្តហោះ​ម្នាក់ ហើយ​អ្នក​បើក​ម្នាក់​ទៀត ត្រូវ​កងទ័ព​ស៊ី​រី និង​កង​កុំម៉ង់ដូ​រុ​ស្ស៊ី​មួយ​ជួយ​សង្គ្រោះ​នាំ​មក​មូលដ្ឋាន​វិញ ។ អ្នក​បើក​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​ម្នាក់ ដែល​ក្រុង​មូ​ស្គូ​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​អ្នក​បើក​យន្តហោះ SU-24 ទាំង​២​នាក់ ក៏​ត្រូវ​ស្លាប់​ពេល​បំពេញបេសកកម្ម​ដែរ​។ អ្នក​បើក​យន្តហោះ​ទាំង​២​នាក់​នោះ​ជា​យោធា​រុ​ស្ស៊ី​រង​គ្រោះ​ដំបូង​គេ​ចាប់តាំងពី​វិមាន​ក្រឹម​ឡាំង​ឱ្យធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ី​រី​ពី​ថ្ងៃ​ទី​៣០ កញ្ញា​មក ។

ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​នេះ​នាំ​ឱ្យ​ទំនាក់ទំនង​រវាង​តួ​ក​គី និង​រុ​ស្ស៊ី​មាន​ភាព​តានតឹង​ខ្លាំង ដោយ​រុ​ស្ស៊ី​សម្រេច​ជា​ពិសេស​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​មួយ​ចំនួន​ប្រឆាំង​ក្រុង​អង់កា​រ៉ា ៕