ចិន​នឹង​វិនិយោគ​460​ពាន់​លាន​ដុល្លារ​ក្នុង​ផ្លូវដែក​រយៈពេល​5​ឆ្នាំ

កាសែត​ចិន ECONOMIC INFORMATION DAILY រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា កន្លង​មកនេះ​ថា ប្រទេស​ចិន​នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជា​២.៨០០​ពាន់​លាន​យន់ (៤៦០​ពាន់​លាន​ដុល្លារ​) លើ​ផ្លូវដែក ហើយ​កសាង​ផ្លូវដែក​ថ្មី​ៗ​យ៉ាងតិច​ប្រវែង​២៣.០០០​គីឡូម៉ែត្រ រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ។

តំបន់​ភាគ​កណ្តាល និង​ភាគ​ខាងលិច​ប្រទេស​នឹង​ជា​កន្លែង​អាទិភាព​សម្រាប់​ការ​កសាង​ផ្លូវដែក​ត​ភ្ជាប់​ក្រុង​ទាំងឡាយ​ក្នុង​ផែនការ​៥​ឆ្នាំ​ថ្មី​ទី​១៣ (២០១៦-២០២០) របស់​ប្រទេស ។

ការ​វិនិយោគ​ក្នុង​ផ្លូវដែក​មាន​ដល់​៣.៥០០​ពាន់​លាន​យន់ ក្នុង​ដំណាក់កាល​នៃ​ផែនការ​៥​ឆ្នាំ​ទី​១២ ដែល​ត្រូវ​បញ្ចប់​នា​ឆ្នាំ​នេះ គឺ​ពិតជា​ខ្ពស់​ជាង​ទិស​ដៅ​នៃ​ផែនការ​៥​ឆ្នាំ​ថ្មី​ប្រមាណ​ជា​២,៨​ពាន់​លាន​យន់ ។

រដ្ឋាភិបាល​កណ្តាល​ចិន​គ្រោង​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​៨០០​ពាន់​លាន​យន់ ក្នុង​ផ្លូវដែក ហើយ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវដែក​ថ្មី​ប្រវែង​៨.០០០​គីឡូម៉ែត្រ​នា​ឆ្នាំ​នេះ ។ ការ​បង្កើន​វិនិយោគ​ក្នុង​ផ្លូវដែក​របស់​ចិន​មានការ​កើនឡើង​ក្នុង​អត្រា​ប្រចាំឆ្នាំ​១១,៣% ជា​មធ្យម​ពី​ឆ្នាំ​២០១១ ដល់​២០១៤ ។ រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ខេត្ត SHAAXI ភាគ​ពាយ័ព្យ​ចិន​គ្រោង​វិនិយោគ​ប្រមាណ​ជា​២៥០​ពាន់​លាន​យន់ សម្រាប់​កែ​លម្អ​ប្រព័ន្ធ​ផ្លូវដែក កសាង​ផ្លូវដែក​ថ្មី​៤.៦០០​គីឡូម៉ែត្រ ហើយ​បង្កើន​បណ្តាញ​ផ្លូវដែក​ដល់​៧.០០០​គីឡូម៉ែត្រ ។

ខេត្ត FUJIAN ភាគ​ខាងកើត​ចិន គ្រោង​វិនិយោគ​ទឹកប្រាក់​ជិត​១៦០​ពាន់​លាន​យន់​សម្រាប់​កសាង​ផ្លូវដែក​ថ្មី​ប្រវែង​១.៣៧៤​គីឡូម៉ែត្រ​បន្ថែម​លើ​ផ្លូវដែក​សរុប​ដែល​មាន​ស្រាប់​ក្នុង​ខេត្ត​នេះ ៕

  • ចិន​នឹង​វិនិយោគ​460​ពាន់​លាន​ដុល្លារ​ក្នុង​ផ្លូវដែក​រយៈពេល​5​ឆ្នាំ已关闭评论
  • 209 views
  • Hide Sidebar
    A+
Publish on:2015/11/30  Category:​អន្តរជាតិ