ឆបោក​ម៉ូតូ​បាន​៤​ថ្ងៃ​ ត្រូវ​​​PMខេត្ត​ឃាត់ខ្លួន

ខេត្ត​ព្រះ​សីហ​នុ ៖ ​យុវជន​២​នាក់ ជាប់​ពាក់​ព័​ន្ឋ​ករណី​ឆបោកម៉ូតូ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​ ធ្វើការ​ស្រាវជ្រាវឈាន​ដល់​ការ​ឃាត់ខ្លួន​បាន និង​​បញ្ជូន​ខ្លួន​ទៅ​​សាលា​​ដំបូង​ខេត្ត​​នា​រសៀល​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​ ​​២០១៥ ។

លោកឧត្តមសេនីយ៍ត្រី ហេង ​ប៊ុ​នទី មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឱ្យ​​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ​សុខ ​ខ្នា ភេទប្រុស អាយុ​២៦​ឆ្នាំ ​ជា​​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​ ជុំវិញ​ករណី​យុវជន​២​នាក់​ បាន​ឆបោក​យក​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដាឌ្រី​ម ព​ណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កាលពី​ថ្ងៃ​ទី​២៤ ​វិច្ឆិកា​ ​រួច​មក ​កម្លាំង​​​ដែល​ដឹក​នាំ​​ដោយ​​លោកវរសេនីយ៍ទោ ធុ​ល វ៉ា​រី អនុប្រធាន​មន្ទីរបាន​ធ្វើការ​ស្រាវជ្រាវ​​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​​បាន​នៅ​ក្នុង​ហាង​ហ្គេ​ម KL ស្ថិត​ក្នុង​ក្រុម​៦ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ រួម​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​​១​គ្រឿង​​​ផង​ដែរ ។

ជនសង្ស័យ​ទាំង២នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ខាង​លើ​​នេះ ម្នាក់​ឈ្មោះ ចូ​វ សំណាង ភេទប្រុស អាយុ២៥​ឆ្នាំ ​ជា​​សន្តិសុខ​​ក្រុមឯកជន​​មួយ​ មាន​ទីលំនៅ​ក្រុម​៣៨ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ម្នាក់​ទៀត​​ឈ្មោះ ពេជ្រ សំណាង ភេទប្រុស ​អា​យុ២៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្រុម​ទី​១៧ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ ៕