លោក​អង្គ វង្ស​វ​ឌ្ឍ​នា បញ្ជា​ឲ្យ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ លើក​ពេល​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧

ភ្នំពេញ: លោក​អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយបាន​សម្រេចឲ្យរាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ លើក​កាលបរិច្ឆេទ នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧ ទៅ​ថ្ងៃក្រោយ​វិញ ដើម្បី​ធ្វើការ​ពិនិត្យ​នូវ​បែបបទ​ឡើងវិញ ក្នុង​គោលបំណង​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងយុត្តិធម៌ ស្តីពី ការលើក​កាលបរិច្ឆេទ​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី ៧ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៥ លោក​អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​អំពី ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧ នៃ រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨ និង​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខនេះ​។​

​ជា​លទ្ធផល លោក​អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌  បានសម្រេច​ឲ្យ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ លើក​កាលបរិច្ឆេទ​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧ ទៅ​ពេល​ក្រោយ និង​សម្រេច​បញ្ជូន​ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌ ដើម្បី​ធ្វើការ​ពិនិត្យឡើងវិញ នូវ​បែបបទ​និង​នីតិវិធី​ទាក់ទង​នឹង​កិច្ចដំណើរការ​នៃ​ការប្រឡង​ជ្រើសរើស​នេះ ក្នុង​គោលបំណង​ធានា​ឲ្យ​កាន់​តែមាន​តម្លាភាព ភាពត្រឹមត្រូវ និង​យុត្តិធម៌​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះដែរ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​សរសេរ​លិខិត​ជូន​លោក ឈន ព្រលឹង បណ្ឌិត​រដ្ឋ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ដើម្បី​ឆ្លើយតប​នឹង​លិខិត​ស្តីពី​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម ជំនា​ន់ទី​៧ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​។​

​ក្នុង​លិខិត លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់​យ៉ាងខ្លី​ថា "​ខ្ញុំ​សូម​ជម្រាប ឯកឧត្តម ជ្រាបថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បដិសេធ​មិន​ចូលរួម​ក្នុងការ​សង្កេតការណ៍ លើ​ដំណើរ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ទេ ដោយហេតុថា រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ គ្មាន​ឆន្ទៈ និង​មិនមាន​ការសហការ​ល្អជា​មួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​"៕​

លោក​អង្គ វង្ស​វ​ឌ្ឍ​នា បញ្ជា​ឲ្យ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ លើក​ពេល​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧

លោក​អង្គ វង្ស​វ​ឌ្ឍ​នា បញ្ជា​ឲ្យ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ លើក​ពេល​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧