អ្នក​ភូមិ​លាងដៃ​ខេត្ត​សៀមរាប​ធ្វើ​ពិធី​បែប​បុរាណ​បួង​សួង​សុំ​ឆ្លង​ផ្លូវ​ស្ពាន​ថ្មី

បច្ចុប្បន្ន នៅ​ពេល​ដែល​ការ​សាងសង់​ផ្លូវ​ជាតិ ឬ​ស្ពាន​ថ្នល់ ព្រម​ទាំង​អគារ​សាធារណៈ​ធំៗ​រួច​រាល់ គេ​តែង​តែ​ឃើញ​ប្រមុខ​រដ្ឋាភិបាល ឬ​ក៏​មន្ត្រី​ថ្នាក់​ជាតិ ជាដើម ទៅ​ធ្វើ​ពិធី​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ដោយ​កាត់​ខ្សែ​បូ​ជា​និមិត្តរូប។ ចំណែក​នៅ​ឯ​ភូមិ​លាងដៃ ឃុំ​លាងដៃ នៃ​ស្រុក​អង្គរធំ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​អង្គរ ខេត្ត​សៀមរាប វិញ គឺ​អ្នក​ភូមិ​មិន​ធ្វើ​ពិធី​ដូច​គ្នា​នេះ​ទេ។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​ពិធី​បែប​បុរាណ​ដែល​បាន​បន្សល់​ទុក ដោយ​មាន​ការ​បួង​សួង​សុំ​ឆ្លង​ផ្លូវ ស្ពាន ព្រម​ទាំង​មាន​ពិធី​ក្រុង​ពាលី សែន​ព្រេន​ជូន​ម្ចាស់​ទឹក​ដី ហើយ​និង​មាន​បញ្ចូល​រូប​ទៅ​តាម​ទំនៀមទម្លាប់​ដែល​មនុស្ស​សម័យ​ថ្មី​កម្រ​បាន​ឃើញ។

ភូមិ​លាងដៃ គឺ​ជា​ភូមិ​មួយ​ដែល​ស្ថិត​នៅ​តំបន់​អង្គរ​ធំ ចម្ងាយ​ប្រមាណ ១៦​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

ទីនោះ​នៅ​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ដោយ​ប្រកាន់​ខ្ជាប់​តាម​ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​បុរាណ​នៅ​ឡើយ ដូចជា​មនុស្ស​ស្រី​ចាស់ៗ​ជាច្រើន​នៅ​តែ​នាំ​គ្នា​ស្លៀក​សំពត់​ចង​ក្បិន ហូប​ស្លា​ម្លូ ព្រម​ទាំង​មាន​ជំនឿ​ទៅ​លើ​ព្រលឹង​អារុក្ខអារក្ខ​អ្នក​តា និង​ម្ចាស់​ទឹក​ម្ចាស់​ដី ជាដើម។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា កន្លង​ទៅ អ្នក​ភូមិ​លាងដៃ បាន​ទទួល​អំណោយ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១.៦០០​ម៉ែត្រ​ពី​អាជ្ញាធរ​អប្សរា។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​ពិធី​បួង​សួង​សុំ​ឆ្លង​ផ្លូវ និង​ស្ពាន​តាម​បែប​ប្រពៃណី​ដូនតា​ដែល​បាន​បន្សល់​ទុក ជា​និមិត្តរូប​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវ​ស្ពាន​នោះ។

ពិធី​បួង​សួង​តាម​បែប​បុរាណ​នេះ គឺ​គេ​បាន​ធ្វើ​រោង​មួយ​យ៉ាង​ធំ​នៅ​ចំ​កណ្ដាល​វាល ហើយ​គេ​បាន​យក​បាយសី​ដែល​រំលេច​ទៅ​ដោយ​ទៀន​ធូប និង​ផ្កា​ភ្ញី ដាក់​រាយ​គ្រប់​ទិស​ធំ​ទាំង​បួន​នៅ​ជុំវិញ​រោង​បុណ្យ ព្រម​ទាំង​លើក​ទង់​ជ្វាលា ដោយ​មាន​ភ្លេង​ពិណពាទ្យ​ប្រគំ​បួង​សួង​ថ្វាយ​ព្រលឹង​អារុក្ខអារក្ខ​អ្នក​តា ទេវតា ម្ចាស់​ទឹក​ម្ចាស់​ដី ឲ្យ​ដឹង​ឮ និង​ជួយ​ប្រសិទ្ធិពរ​ជ័យ​សេរី​សួស្តី​ដល់​អ្នក​ភូមិ​គ្រប់​រូប ព្រម​ទាំង​អ្នក​ដំណើរ​ជិត​ឆ្ងាយ​ដែល​ឆ្លង​កាត់​ផ្លូវ​នេះ​ផង។

«សំឡេង​ភ្លេង»

ចាស់​ព្រឹទ្ធាចារ្យ​ដែល​ចេះ​ចាំ​ពិធី​នេះ​ជាង​គេ ហើយ​កំពុង​តែ​បង្រៀន​អ្នក​ភូមិ​លាងដៃ ឲ្យ​ស្នង​តំណែង​បន្ត​សម្រាប់​អនាគត គឺ​លោក​អាចារ្យ ពាង។ លោក​មាន​ប្រសាសន៍​ថា ពិធី​បួង​សួង​សុំ​ឆ្លង​ស្ពាន​ថ្នល់​នេះ គឺ​ប្រៀប​ដូចជា​សម័យ​បច្ចុប្បន្ន គេ​ធ្វើ​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវ​ស្ពាន​ដូច្នេះ​ដែរ ក៏ប៉ុន្តែ​ដោយសារ​តែ​ភូមិ​របស់​លោក​មាន​ប្រពៃណី​ពី​បរម​បុរាណ និង​ជឿ​លើ​ទេវតា​ថែរក្សា និង​វត្ថុ​ស័ក្តិសិទ្ធិ ព្រម​ទាំង​ព្រលឹង​អារុក្ខអារក្ខ​អ្នក​តា ម្ចាស់​ទឹក ម្ចាស់​ដី គឺ​លោក​មិន​អាច​ធ្វើ​ពិធី​សម្ពោធ​ដូច​សម័យ​បច្ចុប្បន្ន​បាន​ទេ មាន​តែ​ធ្វើ​តាម​ទំនៀមទម្លាប់​ប្រពៃណី​បុរាណ​ដែល​អ្នក​ភូមិ​របស់​លោក​ធ្លាប់​ធ្វើ​ត​គ្នា​ជាច្រើន​ជំនាន់​មក​ហើយ។

លោក​អាចារ្យ ពាង មាន​ប្រសាសន៍​ទៀត​ថា ការ​ធ្វើ​ពិធី​បួង​សួង​សុំ​ឆ្លង​ផ្លូវ​ស្ពាន ព្រម​ទាំង​ក្រុង​ពាលី​ថ្វាយ​ម្ចាស់​ទឹក​ម្ចាស់​ដី​នេះ គឺ​រូប​លោក ព្រម​ទាំង​អ្នក​ភូមិ​មាន​ជំនឿ​ថា វា​អាច​នាំ​មក​នូវ​សេចក្តី​សុខ​សប្បាយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ ដោយ​មិន​មាន​គ្រោះថ្នាក់ ឬ​ក៏​មាន​ឧបទ្រព​ចង្រៃ​មក​យាយី​ជាដើម។ លោក​ជឿ​ថា ផ្លូវ​ថ្មី​ដែល​នឹង​ប្រើប្រាស់​នេះ គឺ​សុទ្ធតែ​មាន​ព្រលឹង​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​ថែ​រក្សា៖ «មាន​ម្ចាស់​ទឹក​ដី​ដែល​គេ​កាន់​ជាប់​នៅ​ហ្នឹង​នេះ។ អ៊ីចឹង​បាន​ជា​យើង​ធ្វើ​ដើម្បី​ប្រាប់​អស់​ម្ចាស់​ទឹក​ម្ចាស់​ដី ឲ្យ​គេ​ដឹង​ឮ និង​ជួយ​ថែ​រក្សា​ឲ្យ​បាន​សុខ​ទាំងអស់​គ្នា»

នៅ​ក្នុង​ពិធី​បួង​សួង​បែប​បរម​បុរាណ ដែល​មនុស្ស​សម័យ​ថ្មី​ជាច្រើន​កម្រ​បាន​ជួប​នេះ ក្រៅ​តែ​មាន​ព្រះសង្ឃ​សូត្រ​ធម៌ ប្រោះព្រំ​ចម្រើន​ព្រះ​បរិត្ត ក៏​មាន​ពិធី​ក្រុង​ពាលី អំពាវនាវ​សុំ​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ ព្រម​ទាំង​ទេវតា​ថែ​រក្សា​គ្រប់​ទិសទី ជួយ​ប្រសិទ្ធិពរ​ជ័យ​បវរ​សួស្ដី​លើ​អ្នក​ភូមិ និង​អ្នក​ដំណើរ​ជិត​ឆ្ងាយ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ផង។

បន្ថែម​ពី​លើ​នេះ ក្រុម​អ្នក​ភូមិ​បាន​ធ្វើ​ពិធី​បញ្ចូល​រូប ដោយ​មាន​ដាក់​ថ្វាយ​ចេក​ទុំ នំ​ចំណី មាន់​ស្ងោរ ក្បាល​ជ្រូក និង​គ្រឿង​ស្រវឹង ជាដើម ដើម្បី​ឲ្យ​វិញ្ញាណ​អារុក្ខអារក្ខ​អ្នក​តា ដែល​ចូល​មក​សណ្ឋិត​បាន​សេពសោយ ហើយ​សប្បាយ​ចិត្ត និង​ជួយ​ថែ​រក្សា​ដល់​ពួក​គេ​ឲ្យ​មាន​សេចក្តី​សុខ។

ក្រុម​អ្នក​ភូមិ​លាងដៃ ទាំងអស់​សុទ្ធ​តែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅ​លើ​ពិធី​បួង​សួង ដែល​ពួក​គេ​នាំ​គ្នា​ធ្វើ​នេះ ព្រម​ទាំង​បង្ហាញ​សេចក្តី​ស្រឡាញ់​ថា ពួក​គេ​នឹង​បន្ត​ថែ​រក្សា​ប្រពៃណី​បែប​នេះ​មិន​ឲ្យ​បាត់បង់​ជា​ដាច់​ខាត។

ស្ត្រី​វ័យ ៦៥​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​លាងដៃ ជាច្រើន​ទៀត លោកស្រី ហៃ វឿន មាន​ប្រសាសន៍​ថា ប្រពៃណី​បែប​នេះ គាត់​ធ្លាប់​ឃើញ​នៅ​ក្នុង​ភូមិ​តាំង​តែ​ពី​គាត់​ធំ​ដឹង​ក្តី​មក។ ស្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​គាត់​នៅ​ក្មេងៗ ជីតា និង​ឪពុក​របស់​គាត់ តែង​ដឹក​នាំ​ធ្វើ​ពិធី​បួង​សួង នៅ​ពេល​ដែល​សង់​ផ្ទះ​ថ្មី ធ្វើ​ផ្លូវ​ថ្មី ឬ​ក៏​សាងសង់​សាលាឆទាន​រួច​រាល់ ជាដើម៖ «ខ្ញុំ​ពេញ​ចិត្ត បាន​ជា​ខ្ញុំ​ខំ​ឲ្យ​រហាម​តាំង​ពី​ម្សិល​មក មិន​ទាន់​បាន​ហូប​បាយ​ផង។ ពិធី​នេះ ខ្ញុំ​ស្រឡាញ់​ណាស់ ព្រោះ ពីព្រោះ​ធ្វើ​ទៅ​បាន​សុខ សុខ​ទាំង​អ្នក​ភូមិ សុខ​ទាំង​បង​ប្អូន​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់»

បុរស​អ្នក​ភូមិ​លាងដៃ ដែល​កំពុង​រៀន​ក្បួន​រៀបចំ​ពិធី​បួង​សួង​នេះ​បន្ត​វេន​ពី​ចាស់​ព្រឹទ្ធាចារ្យ លោក ឈើយ ឆប មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ឲ្យ​ប្រពៃណី​ដ៏​កម្រ​នេះ​រលាយ​បាត់​ពី​ភូមិ​របស់​លោក​នៅ​ពេល​ខាង​មុខ​ទេ៖ «ពិធី​បរម​បុរាណ​បួង​សួង​សុំ​ឲ្យ​សុខ​សប្បាយ​នៅ​ពេល ដែល​ចាស់​ជំនាន់​មុន​បាត់​អស់​ទៅ មក​ដល់​ជំនាន់​មួយ​ទៀត គឺ​តែង​តែ​ធ្វើ​បុណ្យ​បួង​សួង​ដូច្នេះ​នៅ​ក្នុង​ភូមិ​ខ្ញុំ»

មន្ត្រី​អាជ្ញាធរ​អប្សរា ទទួល​ស្គាល់​ថា ភូមិ​លាងដៃ នៃ​ឃុំ​លាងដៃ ស្រុក​អង្គរធំ ដែល​នៅ​ជិត​បរិវេណ​ប្រាសាទ​អង្គរ​ធំ​បំផុត​នោះ ក្រៅ​តែ​ពី​មាន​វប្បធម៌​ល្អ​ឯក​នៃ​ប្រាសាទ​បុរាណ​ជាច្រើន ក៏​នៅ​មាន​វប្បធម៌​អរូបិយ​លើ​មនុស្ស​ដែល​កំពុង​រស់នៅ​ផង​ដែរ។

អគ្គនាយក​រង​នៃ​អាជ្ញាធរ​អប្សរា លោក ស៊ឺង គង់ អំពាវនាវ​ឲ្យ​អ្នក​ភូមិ​លាងដៃ ទាំងអស់ ជួយ​ការពារ និង​ថែ​រក្សា​សម្បត្តិ​វប្បធម៌​ជាតិ ដូចជា​ប្រាសាទ​បុរាណ និង​វប្បធម៌​ប្រពៃណី​បរម​បុរាណ ដែល​អ្នក​ភូមិ​បាន​បន្សល់​ទុក​ជាច្រើន​ជំនាន់​មក​ហើយ​ឲ្យ​គង់វង្ស​យូរ​អង្វែង​ត​ទៅ​ទៀត៖ «សូម​អំពាវនាវ​បង​ប្អូន​នៅ​ក្នុង​តំបន់​នេះ ពីព្រោះ​ជា​តំបន់​ប្រវត្តិសាស្ត្រ សូម​បង​ប្អូន​មេត្តា​ជួយ​ថែ​រក្សា​ការពារ​នូវ​សម្បត្តិ​វប្បធម៌​របស់​យើង»

អ្នក​ស្រាវជ្រាវ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ឲ្យ​ដឹង​ថា ពិធី​បួង​សួង​សុំ​ឆ្លង​ផ្លូវ និង​ស្ពាន​ថ្មី ដែល​អ្នក​ភូមិ​លាងដៃ នាំ​គ្នា​ប្រារព្ធ​ធ្វើ​នេះ គឺ​ជា​ប្រពៃណី​របស់​ខ្មែរ​ដែល​បាន​បន្សល់​ទុក​រាប់​ពាន់​ឆ្នាំ​មក​ហើយ ពីព្រោះ​តាម​ការ​សិក្សា​បង្ហាញ​ថា ចាប់​តាំង​ពី​ជនជាតិ​ខ្មែរ​មាន​ទឹក​ដី​នៅ​មុន​សតវត្ស​ទី​១ នៃ​គ្រិស្ដសករាជ​មក​ម្ល៉េះ គឺ​ខ្មែរ​បាន​គោរព​ប្រតិបត្តិ​ទៅ​លើ​ព្រលឹង​អារុក្ខអារក្ខ​អ្នក​តា​ម្ចាស់​ទឹក​ម្ចាស់​ដី ឲ្យ​ជួយ​ការពារ និង​ថែ​រក្សា​ឲ្យ​មាន​សេចក្តី​សុខ ថ្កុំថ្កើង និង​រីក​ចម្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។