មនុស្ស​ជាង​៤០​នាក់​ស្លាប់ ដោយសារ​ទ័ពអាកាស​រុស្ស៊ី​ទម្លាក់​គ្រាប់​ចំ​ផ្សារ​នៅ​ស៊ី​រី​

​ស៊ី​រី​៖​មនុស្ស​ប្រមាណ​៤៤​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ដោយ​សារ​ការវាយប្រហារ​រ​បស់​កងកម្លាំង​អាកាស​រុស្ស៊ី​កាលពី​ម្សិលមិញ​ចំ​ផ្សារ​មួយ​នៅ​ក្រុង Ariha ដែលមាន​មនុស្ស​កកកុញ ។​ទីក្រុង​ខាងលើ​ត្រូវបាន​កាន់កាប់​ដោយ​កងកម្លាំង​ឧទ្ទាម និង​ក្រុម​រណសិរ្ស Nusra ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Al Jazeera​។​

​       អង្គការ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ី​រី​បាន​អះអាងថា ក្រៅពី​ផ្សារ​ដែលមាន​មនុស្ស​កកកុញ កងកម្លាំង​រុស្ស៊ី​ក៏បាន​វាយប្រហារ​ទៅលើ​គោលដៅ​ផ្សេងទៀត​មួយចំនួន​ផងដែរ នៅក្នុង​ខេត្ត​ខាងលើ​។ យោងតាម​សារព័ត៌មាន​ក្នុង​តំបន់​បាន​ចោទ​រុស្ស៊ី​ថា បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ក្នុង​យុទ្ធនាការ​វាយប្រហារ​លើ​ទីតាំង​ខាងលើនេះ​។ ប៉ុន្តែ​គេ​មិនអាច​សុំ​ការបំភ្លឺ​ពី​ខាង​មន្ត្រី​ក្រសួង​ការពារ​រុស្ស៊ី​ឡើយ ជុំវិញ​ការវាយប្រហារ​ដែល​សម្លាប់​ជន​ស៊ីវិល​ច្រើន​នាក់​នោះទេ​។ គេ​កំពុង​រង់ចាំ​ការបកស្រាយ​ពី​មន្ត្រី​យោធា​រុស្ស៊ី​ជុំវិញ​ករណី​ទម្លាក់ គ្រាប់បែក​លើ​ទីប្រជុំ​ជននេះ​ផងដែរ​។  

​    ​តាមពិតទៅ​ក្រុម​សម្ព័ន្ធ​ទាហាន​នៃ​ជ័យជម្នះ​បាន​ដណ្តើម​កាន់កាប់​ទីក្រុង Ariha កាលពី​ខែឧសភា​កន្លងទៅ​ក្រោយ​វាយ​ប្រយុទ្ធ​ជាមួយ​ទាហាន​លោក អាសាដ យ៉ាងខ្លាំង​ក្លា​និង​ក្រោយមក​បាន​ជោគជ័យ​លើ​ទាហាន​ទាំងនោះ​។ ជុំវិញ​ការវាយប្រហារ​របស់​រុស្ស៊ី​នេះដែរ គេ​ឆ្ងល់​ថា ហេតុអ្វី​រុស្ស៊ី​បន្ត​វាយប្រហារ​លើ​តំបន់​ខាងលើ​ឥត​ឈប់ ព្រោះ​តំបន់​ខាងលើ​មិន​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម​ភេរវជន​រដ្ឋ ឥស្លាម​នោះឡើយ​។

​     រុស្ស៊ី បានចាប់ផ្តើម​យុទ្ធនាការ​យោធា​ដោយ​វាយប្រហារ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម កាលពី​ចុងខែ​កញ្ញា​ដើម្បី​ជួយ​គាំទ្រ​ទាហាន​របស់​រដ្ឋាភិបាល​ស៊ី​រី​។ ប៉ុន្តែ​លោកខាងលិច​បាន​រិះគន់​រុស្ស៊ី​ថា ប្រើប្រាស់​លេស​វាយប្រហារ​លើ​ក្រុម​ភេរវជន​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ដែល ប្រឆាំង​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ​៕

មនុស្ស​ជាង​៤០​នាក់​ស្លាប់ ដោយសារ​ទ័ពអាកាស​រុស្ស៊ី​ទម្លាក់​គ្រាប់​ចំ​ផ្សារ​នៅ​ស៊ី​រី​