​រថយន្ត​​​បុក​​ម៉ូតូ​​ពេញ​ទំហឹង​​បណ្តាល​ឲ្យ​​២នាក់ប្តីប្រពន្ធ​និង​កូន​តូច​​រង​របួសធ្ងន់​​ទាំង​៣នាក់​

​ខេត្ត​ឧត្តរមានជ័យ ៖​ បុរស​ម្នាក់​​​ជិះ​ម៉ូតូ​​ឌុប​​ប្រពន្ធ​ និង​​កូន​តូច​ តាម​​​បណ្តោយ​ផ្លូវ​ជាតិ​ស្រប​ទិស​ ​ស្រាប់តែ​មាន​រថយន្ត​ម៉ា​កកា​ម​រី បើក​យ៉ាង​លឿន​បុក​​​ពេញ​ទំ​ហឹង​បណ្តាល​ឲ្យ​​​រង​របួសធ្ងន់​​ទាំង​៣​នាក់ កាល់ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​២៩ វិច្ឆិកា ​២០១៥ ​ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​និយាយថា មុន​ពេល​កើតហេតុ​ ​​គេ​ឃើញ​​​រថយន្ត​ម៉ា​កកា​ម​រី ​ស៊េរី​១៩​៩៥ ​ព​ណ៌ស្លែ​ ពាក់​ស្លាកលេខ​ភ្នំពេញ​២D-០៦២០ ​បើក​បរ​ដោយ​ឈ្មោះ​ញ៉ែ​ម ភេ​ម ​ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង​ ​​​ចេញពី​​​ជប់លៀង​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោកជាំ​ ​លុះ​មក​ដល់​កន្លែង​កើតហេតុ​​ក៏​​​រេចង្កូត​ទៅ​បុក​ម៉ូតូ​ម៉ាក​​ហុង​ដា ធុន​សេ​១២៥ ​ព​ណ៌​ខ្មៅ​ ស៊េរី​២០​០៥ ​គ្មាន​ស្លាក​លេខ​​ ​​បណ្តាល​ឱ្យ​ប្តី​ប្រពន្ធ​និង​​កូន​តូច​១​ខូ​ប​៣​ខែ​រង​របួសធ្ងន់​​តែ​ម្តង ​ដោយ​បុរស​ជា​ប្តី​បាក់​ភ្លៅ​ទាំង​សងខាង​ ស្ត្រី​ជា​ប្រពន្ធ​នៅ​សល់​តែ​ដង្ហើម​ច​ង្រិ​ច ​ចំណែក​កូន​តូច​​របួស​ក្បាល​ធ្ងន់​ធ្ងរ​ ​​​​។

លោក​វរសេនីយ៍ត្រី​ ស៊ូ នូវ​ អធិការ​ស្តីទី​ប៉ូ​លិ​ស​ស្រុក​អន្លង់​វែង ​បាន​​ឲ្យ​ដឹង​ថា ​អ្នក​បើក​​បរ​រថយន្ត​​​ក្រោយ​​កើត​ហេតុ​បាន​ព្យាយាម​បើក​​រថយន្ត​រត់គេច ​តែ​ត្រូវ​​​​ប៉ូ​លិស​​​ស្រុក​​​ស្ទាក់​ចាប់​បាន​នៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង​វែង ​ដែល​មាន​​ចម្ងាយ​​ពី​កន្លែង​កើតហេតុ​១៥​គីឡូម៉ែត្រ​ ។

​​ក្រោយ​កើតហេតុ រថយន្ត​និង​ម៉ូតូ ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​មក​រក្សា​ទុក​​​នៅ​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​ ចំណែក​​អ្នក​បើក​បរ​​រថយន្ត​សមត្ថ​​កិច្ច​​​​​​ធ្វើការ​សាកសួ​រ​ និង​​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​ ដើម្បី​ចាត់ការ​​​តាម​នី​តិ​វិធី​ ៕