រសៀល​នេះ ពលរដ្ឋ​ក្នុងស្រុក​រុក្ខ​គិរី​១០០​នាក់ ឡើង​រថយន្ត​ត្រឡប់​ទៅ​វិញ ខណៈ​ឯកភាព​គ្នា​ជា​មួ​យ​អាជ្ញាធរ​ខេត្ត

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ ក្នុងស្រុក​រុក្ខ​គិរី​ប្រមាណ​១០០​នាក់ ក្នុង​ចំណោម​ជាង​២០០​នាក់ បាន​នាំ​គ្នា​មក​ដល់​សាលា​ខេត្ត​​បាត់ដំបង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នេះ ដោយ​ការ​តវ៉ា​ទាមទារ​របស់​ពួក​គាត់​នៅ​ដដែល គឺ​ត្រូវ​បែង​ចែក​ដី​អភិរក្ស​របស់​សហគមន៍​នៅ​សេសសល់​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ខណៈ​ដែល​ត្រូវ​មន្ត្រីរាជការ និង​អ្នកមាន​អំណាច​បាន​រំលោភ​​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។

ដោយឡែក ខាង​អាជ្ញាធរ​ក៏​បាន​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ដោយ​សន្យា​ថា នឹង​សម្រេច​ដកហូត​ឈ្មោះ​ដែល​កំពុង​កាន់កាប់​ដី​ទាំងអស់​មក​វិញ តែ​អាជ្ញាធរ​សុំ​ប្រហែល​៧០​ហិ​កតា ព្រោះ​ដី​នោះ​មាន​ប័ណ្ណ​ត្រឹមត្រូវ និង​ជា​របស់​កូនចៅ​របស់​ចៅហ្វាយខេត្ត​បាត់​ដំបង​មុន គឺ​លោក​ប្រាជ្ញ ច័ន្ទ ។

ប្រជាពលរដ្ឋ​ទាំងនោះ ក៏​បាន​ឯកភាព​តាម​អាជ្ញាធរ ដោយ​នាំ​គ្នា​ឡើង​រថយន្ត​ត្រឡប់​ទៅ​វិញ​នៅ​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ ។ តែ​ប្រ​សិន​ពួក​គាត់​ដឹង​ថា បាន​តែ​សន្យា​តែ​គ្មាន​អនុវត្ត​នោះ គាត់​នឹង​លើកគ្នា​មក​តវ៉ា​ម្តងទៀត​។ គួរ​រំលឹក​ថា ការ​ធ្វើ​ដំណើ​របស់​ពលរដ្ឋ​កាលពី​វេលា​ព្រឹក គឺ​មាន​សមត្ថកិច្ច​ចាំ​ស្ទាក់​តាម​ផ្លូវ​តាំងពី​ស្រុក​រុក្ខ​គិរី រហូត​សាលាខេត្ត តែ​ពួក​គាត់​នៅ​តែ​បើក​ពង្វៀង​បាន​មក​ដល់​សាលាខេត្ត​ប្រហែល​១០០​នាក់ តែ​កម្លាំង​សមត្ថកិច្ច​ក្រុង​រាប់​សិប​នាក់ បាន​មក​រារាំង​ខាង​មុខ​សាលាខេត្ត​ដែរ ក្រែង​កើត​មាន​អំពើ​ហិង្សា​ណាមួយ ។ ជុំវិញរឿង កម្លាំង​សមត្ថកិច្ច​ស្ទាក់​រថយន្ត​ពលរដ្ឋ​ឡើង​មក​កាន់​សាលាខេត្ត ដែល​តវ៉ា​រឿង​ដី​អភិរក្ស​សហគមន៍