សហភាព​អឺរ៉ុប​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ជាមួយ​តួ​ក​គី​ទប់ស្កាត់​ការ​សម្រុក​ហូរ​ចូលពួក​អន្តោប្រវេសន៍

សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​មួយ​ជាមួយ​តួ​ក​គី​ដើម្បី​ទប់ស្កាត់​ការ​សម្រុក​ហូរ​ចូល​នៃ​ពួក​អន្តោប្រវេសន៍​មក​កាន់​សហភាព​អឺរ៉ុប ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ថ្នូរ​មួយ​ចំពោះ​តួ​ក​គី​ដែល​បែប​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​តួ​ក​គី​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ។

ការ​ជួប​គ្នា​មួយ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២៨​ជា​សមាជិក​សហភាព​អឺរ៉ុប និង​តួ​ក​គី​បាន​សម្រេច​លើ​ជំនួយ​មួយ​មាន​ទឹកប្រាក់​៣​ពាន់​លាន​អឺ​រ៉ូ ដែល​ពួក​អឺរ៉ុប​ផ្តល់​ឱ្យ​ដើម្បី​ជួយ​ក្រុង​អង់កា​រ៉ា ក្នុង​ការ​ទទួល​ដោយ​ល្អ​នូវ​ពួក​ជនភៀសខ្លួន​ស៊ី​រី ដើម្បី​ចៀសវាង​កុំឱ្យ​ពួក​គេ​លើកគ្នា​ទៅ​កាន់​អឺរ៉ុប ដែល​ឯកភាព​របស់​អឺរ៉ុប​រង​ការ​គាបសង្កត់ ព្រោះតែ​ការ​សម្រុក​ហូរ​ចូល​នៃ​ពួក​ជនភៀសខ្លួន​ទាំងនោះ ។

រយៈពេល​៤​ឆ្នាំ​កន្លះ​សង្គ្រាម​នៅ​ស៊ី​រី បណ្តាល​ឱ្យ​មនុស្ស​ជាង​២៥០.០០០​នាក់ ស្លាប់ និង​ជិត​១២​លាន​នាក់​ភៀសខ្លួន​ដោយ​ប្រទេស​តួ​ក​គី​ទទួល​ពួក​ជនភៀសខ្លួន​ស៊ី​រី​ជាង​២,២​លាន​នាក់​រួច​ហើយ ។ តួ​ក​គី​ប្រកាស​ថា ខ្លួន​នឹង​ពុំ​អាច​រែក​នូវ​អ​ម្រែ​ក​នេះ​តែ​ម្នាក់ឯង​បាន​ទេ ។

លោក JEAN CLAUDE JUNCKER ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប ថ្លែង​ថា យើង​នឹង​ត្រួតពិនិត្យ​យ៉ាង​ច្បាស់លាស់​បំផុត​លើ​ការ​ប្រើប្រាស់​ទឹកប្រាក់​៣​ពាន់​លាន​អឺ​រ៉ូ ដែល​ជួយ​ដល់​តួ​ក​គី ។

ក្រុង​អង់កា​រ៉ា​សន្យា​ជា​ពិសេស​ធ្វើ​ឱ្យ​ព្រំដែន​របស់​ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​ជា​ច្រកចូល​សំខាន់​របស់​ពួក​អន្តោប្រវេសន៍​មក​កាន់​អឺរ៉ុប​ឱ្យ​កាន់តែ​ពិបាក​ចូល​សម្រាប់​ពួក​អន្តោប្រវេសន៍​សេដ្ឋកិច្ច​មិន​រៀបរយ ហើយ​រួម​សហការ​ក្នុង​ការ​តស៊ូ​ប្រឆាំង ពួក​មេខ្យល់​នាំ​ពួក​ជនភៀសខ្លួន​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ឆ្នេរសមុទ្រ​តួ​ក​គី ។

ភាគី​តួ​ក​គី​បាន​សន្យា​ជំរុញ​ការ​ចរចា​ដែល​កំពុង​ធ្វើ​សម្រាប់​សម្រួល​ដល់​ការ​ផ្តល់​ទិដ្ឋាការ​ចូល​ទៅ​អឺរ៉ុប ។ រួច​ខាង​ផ្នែក​នយោបាយ​វិញ ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ជា​ពិសេស​ជំរុញ​ការ​ចរចា​អំពី​ការ​ចូល​របស់​តួ​ក​គី​គឺជា​សមាជិក​សហភាព​អឺរ៉ុប ៕