លោក​អាសា​ដ​ចោទប្រកាន់​ពួក​សត្រូវ​ថា​ជួយ​ទ្រទ្រង់​ថែម​ទៀត​ដល់​ពួក​ភេរវ​ករ​ក្រោយ​អះអាង​ពី​ប្រភព​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា បាន​ចោទប្រកាន់​ដោយ​មិន​លើក​ឈ្មោះ​បណ្តា​ប្រទេស​ដែល​ប្រទូស្ត​រ៉ា​យ​នឹង​ស៊ី​រី​ថា ជា​អ្នក​ពង្រឹង​ការ​ជួយ​ទ្រទ្រង់​ដល់​ពួក​ភេរវ​ករ​ជា​ប្រតិកម្ម​តប​ចំពោះ​ការ​វាយលុក​របស់​កងទ័ព​លោក​ជាមួយ​ជំនួយ​របស់​អីុរ៉​ង់ និង​រុ​ស្ស៊ី ។

ពេល​ទទួល​លោក​អា​លី អាក់​បា​វ៉ើ​ឡា យ៉ា​ទី ទីប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​របស់​មេដឹកនាំ​កំពូល​អីុរ៉​ង់ លោក​អា​យ៉ា តុល​ឡា អា​លី​ខា​មេ​នី នៅ​ក្រុង​ដា​ម៉ាស់ លោក​អាសា​ដ បាន​សរសើរ​ស្នាដៃ​សំខាន់​ៗ​របស់​កងទ័ព​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​បណ្តា​មិត្ត​ពិសេស​អុ​ី​រ៉​ង់ និង​រុ​ស្ស៊ី ។ លោក​បន្ថែម​ថា ស្នាដៃ​ទាំងនេះ​ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​ដែល​ប្រទូស្ត​រ៉ា​យ​នឹង​ស៊ី​រី ហើយ​ដែល​មាត់​និយាយ​ថា ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ពិនិត្យ​ឡើង​វិញ​ពី​ការ​បង្កើន​ជំនួយ​ហិរញ្ញវត្ថុ ព្រមទាំង​គ្រឿង​សព្វាវុធ​ឱ្យ​ដល់​បណ្តា​ក្រុម​ភេរវកម្ម ។

យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា ពួក​ឧទ្ទាម​ស៊ី​រី​ទទួល​ជំនួយ​ពី​បណ្តា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ។ រួច​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ក្រុង​ដា​ម៉ាស់ បាន​ចោទប្រកាន់​ប្រទេស​តួ​ក​គី​ថា​បង្កើន​ការ​ជួយ​ទ្រទ្រង់​ដល់​ពួក​ភេរវ​ករ ព្រមទាំង​ផ្តល់​អាវុធ និង​គ្រាប់រំសេវ​ដល់​ពួក​នេះ ។

ចំណែក​លោក​វ៉ើ​ឡា​យ៉ា​ទី អះអាង​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អីុ​រ៉​ង់​បន្ត​ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ស៊ី​រី ។ លោក​មាន​ប្រសាសន៍​ថា សាធារណរដ្ឋ​អ៊ិ​ស្លា​ម​អីុ​រ៉​ង់​នឹង​បន្ត​ជួយ​ទ្រទ្រង់​រដ្ឋាភិបាល​ស្របច្បាប់​ស៊ី​រី​របស់​លោក​បា​ចា អាល់​អាសា​ដ ហើយ​ការ​ជួយ​ទ្រទ្រង់​នេះ​គឺ​រឹង​មាំ រួច​បែប​នោះ​ជា​កាតព្វកិច្ច​របស់​យើង ។ លោក​កត់​សម្គាល់ថា អីុរ៉​ង់ និង​ស៊ី​រី​មាន​ទំនាក់ទំនង​ភាតរភាព​យ៉ាង​រឹង​មាំ​ចាប់តាំងពី​ជ័យជម្នះ​នៃ​បដិវត្តន៍​អ៊ិ​ស្លា​ម​នៅ​អុ​ី​រ៉​ង់​មក ។

អីុ​រ៉​ង់ និង​រុ​ស្ស៊ី​ក្លាយជា​អ្នក​ជួយ​ទ្រទ្រង់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​លោក​អាសា​ដ ។ រុ​ស្ស៊ី​បាន​ជួយ​ផ្តល់​ដល់​កងទ័ព​ស៊ី​រី​នូវ​ការ​ជួយ​ទ្រទ្រង់​ខាង​អាកាស​យ៉ាង​ខ្លាំងក្លា ចំណែក​អីុរ៉​ង់ និង​ពួក​យុទ្ធ​ជន​ស៊ី​អីុ​ត​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ បាន​ជួយ​ជា​កម្លាំង​ប្រយុទ្ធ​នៅ​លើ​ដី រួម​ជាមួយ​កងទ័ព​ស៊ី​រី​ដែល​អាច​ឱ្យ​កងទ័ព​នេះ​វាយ​រុលទៅមុខ​ក្នុង​រណសិរ្ស​ជា​ច្រើន​រយៈពេល​ចុង​ក្រោយ​នេះ ។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា កន្លង​មកនេះ ជាមួយ​ទូរទស្សន៍​ជាតិ​អុ​ី​តា​លី RAI ប្រធានាធិបតី​ស៊ី​រី​បាន​ចោទប្រកាន់​ពួក​លោក​ខាងលិច​ថា ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​កកើត​នៃ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ។ លោក​សង្កត់ធ្ងន់​លើ​ប្រការ​ដែល​ថា ពួក​ជី​ហា​ដ​ទទួល​ការ​ហ្វឹកហ្វឺន​នៅ​ស៊ី​រី ដើម្បី​ប្រព្រឹត្ត​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​អាច​ទៅ​រួច ដោយសារ​ការ​ជួយ​ទ្រទ្រង់​របស់​តួ​ក​គី អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​កា​តា ហើយ​ប្រាកដ​ណាស់​គឺ​នយោបាយ​របស់​លោក​ខាងលិច ដែល​ជួយ​ទ្រទ្រង់​ពួក​ភេរវ​ករ​តាម​បែប​ផ្សេង​ៗ ។ លោក​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដំបូង​ពុំ​មែន​កកើត​នៅ​ស៊ី​រី​ទេ ។ ក្រុម​អ្នក​ចាប់ផ្តើម​កើត​នៅ​អីុ​រ៉ា​ក់ ហើយ​មុន​នេះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ លោក​អះអាង​បែប​នេះ​ដោយ​សំអាង​លើស​ម្តី​របស់​អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​តូ​នី​ប្ល៊ែ​រ ដែល​ថា សង្គ្រាម​នៅ​អីុ​រ៉ា​ក់​រួមចំណែក​ដល់​ការ​កកើត​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ លោក​បន្ត​ថា ការ​សារភាព​របស់​លោក​តូ​នី ប្ល៊ែ​រ ជា​ភស្តុ​តាង​យ៉ាង​ច្បាស់​មួយ ៕