អីុ​ស្រា​អែ​ល​ផាត់​ចោល​សហភាព​អឺរ៉ុប​ពី​ដំណើរការ​សន្តិភាព

នាយក​រដ្ឋមន្ត្រី​អីុស្រា​អែ​ល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា បាន​ចេញ​បញ្ជា​ឱ្យ​ពិនិត្យ​ឡើង​វិញ​ការ​ចូលរួម​របស់​សហភាព​អឺរ៉ុប​ក្នុង​ដំណើរការ​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន ។ លោក​អះអាង​ថា ច្បាស់​ណាស់​សហភាព​អឺរ៉ុប​ពុំ​អាច​ចូលរួម​ក្នុង​ដំណើរការ​សន្តិភាព​ឡើយ ។

លោក​នេ​តាន់​យ៉ា​ហ៊ូ អះអាង​បែប​នេះ​ជា​ប្រតិកម្ម​តប​ចំពោះ​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ឱ្យ​បិទ​ស្លាក​បណ្តា​ផលិតផល​នាំ​ចូល​ពី​តំបន់​និគមជន​ជ្វី​ហ្វ​ក្នុង​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន​ដែល​អុ​ី​ស្រា​អែ​ល​កាន់កាប់ ។

ពេល​រង់ចាំ​ការ​ពិនិត្យ​ឡើង​វិញ​នេះ នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​បាន​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ទំនាក់ទំនង​ការទូត​លើ​បញ្ហា​នេះ​ជាមួយ​សហភាព​អឺរ៉ុប និង​បណ្តា​តំណាង​របស់​ខ្លួន ។

ពួក​ប៉ា​ឡេ​ស្ទី​ន​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​នោះ​របស់​សហភាព​អឺរ៉ុប​ថា ជា​ជំហាន​មួយ​ក្នុង​ទិស​ដៅ​ដ៏​ល្អ ទោះបីជា​មិន​ទាន់​គ្រប់គ្រាន់​ក្តី ។ នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​វាយតម្លៃ​ថា ការ​សម្រេច​ឱ្យ​បិទ​ស្លាក​បណ្តា​ផលិតផល​របស់​រដ្ឋ​ជ្វី​ហ្វ​ដោយ​សហភាព​អឺរ៉ុប​នាំ​ឱ្យ​គេ​នឹកឃើញ​ដល់​ស្រមោល​នៃ​លទ្ធិ​ណា​ហ្ស៊ី និង​នាំ​ឱ្យ​គេ​នឹកឃើញ​អនុស្សាវរីយ៍​ខ្មៅ​ងងឹត​ទាំងឡាយ ។ លោក​ថា អឺរ៉ុប​ត្រូវ​មានការ​ខ្មាស់​អៀន ខណៈ​មាន​ជម្លោះ​ដែនដី​ជា​ច្រើន​រយ​លើ​ពិភពលោក តែ​សហភាព​អឺរ៉ុប​សម្រេច​ចាត់ការ​លើ​អីុ​ស្រា​អែ​ល​គត់ ៕