សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បើក​ការ​ប្រកួត​ពានរង្វាន់ Revive កីឡា​រាំ​ជា​លើក​ទី​1

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​រាំ​កម្ពុជា កាលពី​ថ្ងៃអាទិត្យ ទី​២៩ វិច្ឆិកា កន្លង​មកនេះ បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ពានរង្វាន់​Revive កីឡា​រាំ​ជា​លើក​ទី​១​នៅ​សាល​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដើម្បី​សម្រិតសម្រាំង​រក​អ្នក​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ។

លោកស្រី​ញ៉ែ​ម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​រាំ​នេះ​ធ្វើ​ឡើង​គឺ​ដើម្បី​អភិវឌ្ឍ ផ្សព្វផ្សាយ​កីឡា​រាំ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​ដទៃ​ទៀត​ដែរ ។ មិនតែប៉ុណ្ណោះ​ក៏​ដើម្បី​បង្ក​ឱកាស​ឱ្យ​យុវជន​បង្ហាញ​នូវ​ជំនាញ​ពិតប្រាកដ​របស់​ខ្លួន ។ លោកស្រី​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ពួក​គេ​ទាំងអស់​ដែល​មក​ចូលរួម​ប្រកួត​ក្នុង​ពេល​នេះ​មិន​ត្រឹមតែ​ទទួល​បានការ​លើកទឹកចិត្ត​ប៉ុណ្ណោះ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ថែម​ទាំង​ទទួល​បាន​នូវ​ការ​បណ្ដុះបណ្ដាល​បន្ថែម​ឱ្យ​ក្លាយទៅជា​កីឡាករ​ជម្រើសជាតិ​នៅ​ក្នុង​សហព័ន្ធ​កីឡា​រាំ និង​មានឱកាស​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង ។ ទោះបីជា​កីឡា​រាំ​គេ​ទទួលស្គាល់​តែ​ក្បាច់​រាំ​របៀប​អន្តរជាតិ​មែន ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ​សហព័ន្ធ​បាន​បើក​ទូលាយ​ឱ្យ​មានការ​ប្រកួត​ទាំង​ក្បាច់​រាំ​បរទេស​និង​ក្បាច់​រាំ​របស់​ខ្មែរ​យើង​ផង​ដែរ ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ក្នុង​ចំណោម​យុវជន​ដែល​ចូល​ចិត្ត​រាំ ។ ជាក់ស្ដែង ការ​ប្រកួត​នេះ​ទោះបី​ទើបតែប្រព្រឹត្ត​​ទៅ​ជា​លើក​ទី​១​មែន ក៏​ប៉ុន្តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​និង​មាន​អ្នក​មក​ចូលរួម​ប្រកួត​យ៉ាងច្រើន​កុះករ ។

គួរ​រំលឹក​ផង​ដែរ​ថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៣ និង​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៤ ។ គោលបំណង​សំខាន់​ដែល​សហព័ន្ធ​កីឡា​រាំ​រៀបចំ​ឱ្យ​មានការ​ប្រកួត​រាំ​នេះ​ឡើង គឺ​ដើម្បី​រក​អ្នក​ដែល​មាន​ជំនាញ​ពិតប្រាកដ​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ និង​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ការ​ប្រកួត​រាំ​នេះ​បាន​បែងចែក​ជា​៣​វិញ្ញាសា គឺ​ការ​ប្រកួត​រាំក្បាច់​អន្តរជាតិ ដែល​មាន​ទាំងអស់​១៦​គូ ការ​ប្រកួត​រាំ​លើកទឹកចិត្ត មាន​៣​ក្រុម និង​ការ​ប្រកួត​រាំក្បាច់ Hip Hop មាន​៨​ក្រុម ។ ជា​លទ្ធផល​វិញ្ញាសា​ប្រកួត​រាំក្បាច់​អន្តរជាតិ​ជា​គូ លេខ​១​បាន​ទៅ​លើ​ឈ្មោះ​វី​ញ ប្រ៉ុ​នេ​ម៉ា និង​ទូច សុធា​រ័​ត្ន មក​ពី​ក្លិប​រាំ​អន្តរជាតិ លេខ​២​បាន​ទៅ​លើ​ឈ្មោះ សាន រ៉ូ​ស្សា និង​សេង សុ​គី​ម មក​ពី​សហព័ន្ធ​កីឡា​រាំ និង​លេខ​៣​បាន​ទៅ​លើ​ឈ្មោះ ងួ​ន ស្រី​ហយ និង​ឡាយ ពៅ មក​ពី​ក្លិប​រាំ PSE​។

វិញ្ញាសា​ប្រកួត​រាំ​លើកទឹកចិត្ត លេខ​១​បាន​ទៅ​លើ​ក្រុម Smart GB មក​ពី​សហព័ន្ធ​កីឡា​រាំ លេខ​២​បាន​ទៅ​លើ​ក្រុម PSE 2 និង​លេខ​៣​បាន​ទៅ​លើ​ក្រុម PSE1 ។ ចំណែក​វិញ្ញាសា​ប្រកួត​រាំក្បាច់ Hip Hop វិញ លេខ​១​បាន​ទៅ​លើ​ក្រុម Cambo លេខ​២​បាន​ទៅ​លើ​ក្រុម SATAN និង​លេខ​៣​បាន​ទៅ​លើ​ក្រុម CA Crew ៕