រិ​ទ្ធ ប្រាក់​ប៊ិ​ន ចំណាយពេល​ត្រឹមតែ​2​ទឹក​ប៉ុណ្ណោះ​ផ្ដួល អ៊ុ​ន រតនា ឱ្យ​សន្លប់​បាន

រាជធានី​ភ្នំពេញ ៖ រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ចំណាយពេល​មិន​ដល់​២​ទឹក​ស្រួលបួល​ផង បាន​ផ្ដួល​អ៊ុ​ន រតនា មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ឱ្យ​ដួល​សន្លប់​យ៉ាង​ងាយ​បំផុត សម្រាប់​ការ​ជួប​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​កាលពី​ថ្ងៃអាទិត្យ​ទី​២៩ វិច្ឆិកា កន្លង​មកនេះ ។

គូ​នេះ​សម្រុកចូល​វាយ​គ្នា​យ៉ាង​សន្ធាប់​តាំងពី​នៅ​ក្នុង​ទឹក​ទី​១​មក​ម្លេ​៉ះ ។ រិ​ទ្ធ ប្រាក់​ប៊ិ​ន បាន​ដើរ​ចូល​ម៉ាត់ និង​ទាត់​ទៅ​លើ​អ៊ុ​ន រតនា ដូច​ព្យុះ ហាក់ដូចជា​ចង់​ផ្ដួល​មិន​ឱ្យ​ហួស​ទឹក​ទី​១​ឡើយ ។ ប៉ុន្តែ​អ៊ុ​ន រតនា ក៏​មិន​អន់​ប៉ុន្មាន​ដែរ គេ​បាន​ម៉ាត់​និង​ទាត់​សង​វិញ​ភ្លាម​ៗ ធ្វើ​ឱ្យ​រិ​ទ្ធ ប្រាក់​ប៊ិ​ន ចង់​ញាក់សាច់​ម្ដង​ៗ ។ ទោះជា​យ៉ាងណា​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​១​នេះ ទាំង​សងខាង​មាន​ប្រៀប​ស្មើគ្នា​ដោយសារ​កម្លាំង​នៅ​ពេញ​ដូច​គ្នា​។ ចូល​ដល់​ទឹក​ទី​២​រិ​ទ្ធ ប្រាក់​ប៊ិ​ន នៅ​តែ​ស​ង្ខើ​ញ​ដើរ​ចូល​វាយ​ទៅ​លើ​អ៊ុ​ន រតនា កាន់តែ​សាហាវ​លើស​ដើម ។ ជា​ពិសេស​កណ្ដាប់ដៃ​របស់​គេ​បាន​ម៉ាត់​ចូល​មុខ​គូប្រកួត​ពេញ​ៗ​ធ្វើ​ឱ្យ​អ៊ុ​ន រតនា បង្ខំចិត្ត​ដកថយ​ការពារ​ពី​ការ​វាយលុក​ទាំង​ព្រលឹង​ចុង​សក់ ។ អ៊ុ​ន រតនា ព្យាយាម​វាយបក​សង​វិញ​ដែរ​ប៉ុន្តែ​កម្លាំង​របស់​គេ​ចាប់ផ្ដើម​ស្រុត​ចុះ​ជា​បណ្ដើរ​ៗ​ជា​ហេតុ​ធ្វើ​ឱ្យ​រិ​ទ្ធ ប្រាក់​ប៊ិ​ន មានឱកាស​បុក​កែង និង​ជង្គង់​តាម​ចិត្ត ។ ចូល​ដល់​ទឹក​ទី​២​មិន​បាន​២​នាទី​ស្រួលបួល​ផង រិ​ទ្ធ ប្រាក់​ប៊ិ​ន បាន​បុក​ចូល​ពោះ​ទឹក​គូប្រកួត​ជា​ច្រើន​ជង្គង់ ធ្វើ​ឱ្យ​អ៊ុ​ន រតនា ដួល​ក្រោក​លែង​រួច ។ ការ​បរាជ័យ​របស់​អ៊ុ​ន រតនា លើក​នេះ​មិន​ធ្វើ​ឱ្យ​អ្នក​មើល​រិៈ​គន់​ឡើយ ព្រោះថា​គេ​បាន​ប្រឹង​បញ្ចេញ​អស់ពី​សមត្ថភាព​ទៅ​ហើយ ។ សូ​ម្បី​តែ​រតនា​ខ្លួនឯង​គ៏​បាន​សារភាព​ថា ទៅ​មិន​រួច​ជាមួយ​រិ​ទ្ធ ប្រាក់​ប៊ិ​ន ដែរ ។

ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ផ្ដួល​ឯម សារៈ មក​ពី​ក្លិប​ឬ​ទ្ធី​ពោធិ​សែន​ជ័យ​ឱ្យ​សន្ល​ប​នៅ​ទឹក​ទី​៣ ។ គូ​នេះ​វាយ​សម្រុក​គ្នា​មិន​ដក​ដៃ​ឡើយ​តាំងពី​នៅ​ក្នុង​ទឹក​ទី​១​មក​ម្ល៉េះ ។ ប៉ុន្តែ ហែល វ៉ា​មាន​ប្រៀប​ជាង​ទាំង​កម្លាំង​ឡើង​ទៅ រាល់​ការ​វាយ​ចេញ​សុទ្ធតែ​ត្រូវ​ចំ​គោលដៅ​យ៉ាង​ល្អ​បំផុត ខណៈ​ឯម សារៈ បាន​ត្រឹមតែ​ទាត់​ចេញពី​ចម្ងាយ​ជាមួយនឹង​ទម្ងន់​ជើង​ស្រាល​ៗ មិន​ហ៊ាន​ចូល​កៀក​ឡើយ​។ ចូល​ដល់​ទឹក​ទី​២ ហែល វ៉ា នៅ​តែ​ស​ង្ខើ​ញ​ចូល​កៀក​វាយ​សន្ធាប់​ទៅ​លើ​សារៈ នៅ​ក្នុង​ពេល​ដែល​កម្លាំង​សារៈ កាន់តែ​ខ្សោយ​ទៅ ។ សារៈ​ព្យាយាម​ចូល​កៀកក​ដើម្បី​ប្ដូរ​កែង​ដែរ​ប៉ុន្តែ​ទៅ​មិន​រួច ដោយសារ​ហែល វ៉ា​បារាស​ជាប់​រហូត និង​បាន​បុក​ជង្គង់​ចូល​ពោះ​ទឹក​ពេញ​ៗ​ទៀត​ផង ។ ទីបំផុត ផ្លែ​ជង្គង់​របស់​ហែល វ៉ា បាន​ធ្វើ​ឱ្យ​សារៈ​មិន​អាច​ឆ្លង​ផុត​ពី​ទឹក​ទី​៣​ឡើយ ។

ចំណែក​លទ្ធផល​គូ​ផ្សេង​ទៀត​មាន​ថៃ ស័ក្ក​រៈ​មក​ពី​ក្លិប​កងទ័ពជើងគោក ឈ្នះ​ពិន្ទុ​ផា​ន់ សា​រ៉ែ​ម​មក​ពី​ក្លិប​គជសារ​កីឡា ។ កីឡាករ​ប្រាក់ វិ​ឆ័​យមក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង​ឈ្នះ​ពិន្ទុ​វេន សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ខណៈ​ជា ចំរើន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ផ្ដួល សោម ច​ន្ថា មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ឱ្យ​សន្លប់​ទឹក​ទី​១ ៕