គ្មានជំនួបរវាង CPP និង CNRP នៅថ្ងៃទី៣០ វិច្ឆិកានេះ

ភ្នំពេញ ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ បានថ្លែងថា ថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ មិនទាន់កំណត់ ពេលជួបគ្នា នៅល្ងាចនេះទេ ដោយសារតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មមាញឹកក្នុងការបំពេញភារកិច្ច។

លោក សុខ ឥសាន្ត បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា « ដោយសារថ្នាក់ដឹកនាំ គណ បក្សប្រជាជន លោកជាប់បំពេញការងារ និងជាប់មមាញឹក ក្នុងការងារភារកិច្ចហ្នឹង ! ដូច្នេះអត់មានពេលជួបជាមួយ នឹងភាគីតំណាងគណបក្សសង្រ្គោះជាតិទេបាទ»!។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ ពីពេលវេលាច្បាស់លាស់ថា បក្សទាំងពីរ នឹងជួបគ្នានៅថ្ងៃ ណានោះទេ ។

គួរបញ្ជាក់ថា គម្រោងនៃការជួបគ្នាជាថ្មីម្តងទៀតនេះ ធ្វើឡើងបន្ទាប់ពីលោកកឹម សុខា បានវិលត្រឡប់ មកដល់ ប្រទេសកម្ពុជាវិញ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ដែលកើតឡើង ក្នុងរយៈពេលចុងក្រោយនេះ ៕