Duchess ក្លាយជាម្ចាស់ជើងឯកបាល់បោះពានខេមអេដ ឆ្នាំ២០១៥

ក្រុមបាល់បោះ Duchess បានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតបាល់បោះផ្នែកនារី ដណ្តើមពានរង្វាន់ខេមអេដ ប្រចាំឆ្នាំ២០១៥ (CamED Women’s Basketball Tournament 2015) បន្ទាប់ពីក្រុមនិស្សិតស្រីទាំងនេះ បានផ្តួលក្រុម FiiNix ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។
mm1
mm2
mm3
សម្រាប់ការប្រកួតរដូវកាលទី១ ប្រចាំឆ្នាំ២០១៥ ដែលមានក្រុមកីឡាការិនីចំនួន៦ក្រុមបានចូលរួមប្រកួតនេះ ក្រុម Duchess និង FiiNix បានបង្ហាញភាពខ្លាំងរៀងៗខ្លួន ដើម្បីឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ហើយតាមរយៈការប្រកួតកាត់សេចក្តី នៅទីលាន Premium Sport Club កាលពីល្ងាចថ្ងៃអាទិត្យនោះ ក្រុម Duchess បានយកឈ្នះលើក្រុម FiiNix ជាមួយពិន្ទុ ២១-១១ ដើម្បីក្លាយជាម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍នេះ។

ចំណែកក្រុម Rim Shots និងក្រុម Star Knight ដែលបានសម្តែងការខកចិត្តរួមគ្នា កាលពីសប្តាហ៍មុន ក្រោយបាត់បង់ឱកាសទៅដណ្តើមយកពាននោះ ក៏បានធ្វើការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញផងដែរ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ ប្រចាំព្រឹត្តិការណ៍នេះ ហើយតាមរយៈការប្រកួតនោះ ក្រុម Rim Shots បានលត់ក្រុម Star Knight ជាមួយពិន្ទុ ៣៤-១៦។

តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដែលបានធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អស់រយៈពេល៣សប្តាហ៍នេះ បានធ្វើឲ្យលោក Casey Barnett ដែលជានាយកវិទ្យាស្ថានខេមអេដ និងជាផ្តួចផ្តើមឲ្យមានការប្រកួតនេះ មានការពេញចិត្តយ៉ាងខ្លាំង ព្រោះលោកបានមើលឃើញថា ការប្រកួតនេះ បានបង្រៀនឲ្យនិស្សិតរបស់លោក ចេះធ្វើការងារជាក្រុម។
mm4
mm6
mm7
លោក Casey Barnett បានថ្លែងក្នុងពិធីបិទការប្រកួត កាលពីថ្ងៃអាទិត្យនោះថា៖«ការបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង គឺខ្ញុំចង់ផ្តល់ឱកាសឲ្យស្រ្តីបានចូលរួមលេងកីឡាដូចបុរសដែរ ព្រោះការលេងកីឡា វាមិនត្រឹមតែធ្វើឲ្យយើងសប្បាយរីករាយ បង្កើតមិត្តភាព និងមានសុខភាពល្អប៉ុណ្ណោះ ប៉ុន្តែការលេងកីឡាជាក្រុម នឹងបង្រៀនឲ្យអ្នកទាំងអស់គ្នាចេះធ្វើការងារជាក្រុម និងចេះដឹកនាំក្រុម ហើយនេះជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ក្នុងការជួយឲ្យអ្នកទាំងអស់គ្នា ទទួលបានជោគជ័យក្នុងការធ្វើការងារ នាថ្ងៃអនាគត»។

គួរបញ្ជាក់ថា ក្រុមកីឡាការិនីទាំង៦ក្រុម ដែលបានចូលរួមនៅក្នុងការប្រកួត CamED Women’s Basketball Tournament 2015នេះ គឺសុទ្ធតែជានិស្សិត កំពុងរៀននៅវិទ្យាស្ថានខេមអេដទាំងអស់ ហើយដោយមើលឃើញពីអត្តប្រយោជន៍ទាំងនេះ លោក Casey Barnett បានប្រកាសថា លោកនឹងបើកឲ្យមានការប្រកួតបាល់បោះផ្នែកនារី ដណ្តើមពានរង្វាន់ខេមអេដ នេះឲ្យបានរៀងរាល់ឆ្នាំ៕