ចំណុច​សំខាន់ ៤​យ៉ាង​ធ្វើ​ឲ្យ​បឹងកេត​ឈ្នះ Yangon United យប់​មិញ


ចំណុច​សំខាន់ ៤​យ៉ាង​ធ្វើ​ឲ្យ​បឹងកេត​ឈ្នះ Yangon United យប់​មិញ

ក្រុម​បឹងកេតអង្គរ​បាន​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​លីក​កំពូល​មីយ៉ាន់ម៉ា Yangon United ៣-០ ដែល​ជា​លទ្ធផល​ដ៏​ល្អ​មួយ​លើស​ការ​រំពឹង​ទុក។ មាន​ចំណុច​សំខាន់ ៤​យ៉ាង​ធ្វើ​ឲ្យ​បឹងកេត​ទទួល​ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​ដែល​ក្នុង​នោះ​មាន ការ​ប្រើ​កីឡាករ​បរទេស ការ​ប្រកួត​ក្នុង​​​ដី ក្រុម​ភ្ញៀវ​សម្រុក​ខ្លាំង​ពេក និង​យុទ្ធសាស្ត្រ​ដ៏​ល្អ​របស់​គ្រូ​បង្វឹក។ ​

 

ចំណុច​សំខាន់ ៤​យ៉ាង​ធ្វើ​ឲ្យ​បឹងកេត​ឈ្នះ Yangon United យប់​មិញ
កីឡាករ Esoh Omogba

 

១. ការ​ប្រើ​កីឡាករ​បរទេស
កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Samuel Gbenga និង Esoh Omogba ព្រម​ទាំង​កីឡាករ​សញ្ជាតិ​ជប៉ុន Yuya Wada និង Kazuki Tatsuta បាន​ស្ថិត​ក្នុង​ជម្រើស​ដំបូង​របស់​លោក​ ប្រាក់ សុវណ្ណារ៉ា ដែល​ធ្វើ​ទម្រង់​លេង​បឹងកេត​មាន​ប្រសិទ្ធភាព​ខុស​ពី​សព្វ​មួយ​ដង។ កីឡាករ​បរទេស​ទាំង៤​រូប​នេះ បាន​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​កីឡាករ​កម្ពុជា​ផ្សេង​ទៀត​រហូត​ទម្លាយ​សំណាញ់​ទី​ក្រុម​ភ្ញៀវ​បាន៣​គ្រាប់។

 

មុន​ជំនួប​ដ៏​ជក់​ចិត្ត​នេះ​កើត​ឡើង បឹងកេត​បាន​ខ្ចី​ជើង​កីឡាករ​បរទេស២​រូប​មក​ពង្រឹង​ក្រុម។ Kazuki Tatsuta ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេច​ធ្លោ​នៅ​ការពារ​ជាតិ និង​កីឡាករ Dzarma Bata ដែល​រក​បាន២១​គ្រាប់​ឲ្យ​ក្រុម​ស្វាយរៀង​ក្នុង​ការ​ប្រកួត​លីក​កំពូល​កម្ពុជា។ បន្ទាប់​ពី​សម​ជើង​​ជាមួយ​ក្រុម​បឹងកេត​បាន​ប៉ុន្មាន​ថ្ងៃ Kazuki Tatsuta បាន​ជាប់​ជម្រើស​ដំបូង និង​បំពេញ​ការងារ​នៅ​តំបន់​កណ្ដាល​មិន​ឲ្យ​ខ្សែ​ប្រយុទ្ធ​ក្រុម Yangon United ទម្លុះ​ចូល​ដល់​តំបន់​ការពារ​ងាយ​ៗ​ឡើយ។

 

ចំណែក​ក្រុម Yangon United បាន​ប្រើ​កីឡាករ​បរទេស​តែ ២រូប​ប៉ុណ្ណោះ​ក្នុង​ក្រុម។ Luis Fernando ជា​អ្នក​ចាំ​ទី​ដៃ​ទី១ និង​ខ្សែ​ប្រយុទ្ធ​ដែល​មាន​សញ្ជាតិ​ប្រេស៊ីល​ដូច​គ្នា Adison Dos Santos Souza។ ជម្រើស៩​រូប​ផ្សេង​ទៀត​ជា​កីឡាករ​សញ្ជាតិ​មីយ៉ាន់ម៉ា ដែល​សុទ្ធតែ​បង្ហាញ​ទម្រង់​ល្អ​គួរ​សម​និង​ធ្លាប់​យក​ឈ្នះ​ក្រុម Lao Toyota FC ៥-២ ប៉ុន្តែ​បែរ​ជា​មិន​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម​បឹងកេត​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត​នោះ កីឡាករ​ខ្សែ​ប្រយុទ្ធ​ ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​របស់​ Yangon United ២រូបគឺ Cesar Augusto និង Emerson Luiz  បាន​ចាក​ចេញ​ពី​ក្រុម​មុន​ពេល​ប៉ះ​បឹងកេត​ដើម្បី​ទៅ​ប្រកប​អាជីព​នៅ​អឺរ៉ុប។

 

២. ផល​ចំណេញ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ
ធម្មតា​ការ​ប្រកួត​ក្នុង​ដី​តែង​ជា​ផល​ចំណេញ​មួយ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ ព្រោះ​មាន​អ្នក​គាំទ្រ​លើក​ទឹក​ចិត្ត​ច្រើន កត្តា​អាកាស​ធាតុ ចំណីអាហារ បូក​រួម​ទាំង​ទីលាន​ប្រកួត​ដែល​ធ្លាប់​រត់​ជា​ច្រើន​ដង ​ស្គាល់​ស្ថានភាព​ច្បាស់​ជាង​ក្រុម​ភ្ញៀវ​ដែល​ទើប​សម​ជើង​បាន​មុន​ការ​ប្រកួត​មួយ​ថ្ងៃ។

 

ពេល​ប្រកួត​ឈ្នះ​ក្រុម Lao Toyota FC ក្រុម Yangon United បាន​ប្រើ​កីឡាដ្ឋាន Thuwunna Youth Training Centre Stadium ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។ ចំណែក​ការ​ប្រកួត​លើ​ទឹក​កម្ពុជា​ម្សិលមិញ​ធ្វើ​ឡើង​​លើ​ស្មៅ​សិប្បនិម្មិត​ពហុ​កីឡដ្ឋាន​ជាតិ ដែល​អាច​ជា​បញ្ហា​មួយ​សម្រាប់​កីឡាករ​ក្រុម​ភ្ញៀវ។

 

៣. ក្រុម Yangon United សម្រុក​រក​គ្រាប់​បាល់​ខ្លាំង​ពេក
​គិត​តាម​រូប​មន្ត​គ្រាប់​ស៊ុត​ក្រៅ​ដី​គុណ​នឹង​២ ក្រុម Yangon United មិន​អាច​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បាន​ឡើយ ប្រសិន​លទ្ធផល​បញ្ចប់​ទៅ​ត្រឹម ០-០។ ដូច​នេះ​ក្រុម​ម្ចាស់​ជើង​ឯក​លីក​កំពូល​មីយ៉ាន់ម៉ា ប្រឹង​សម្រុក​តាំង​ពី​​ដើម​តង់​ទី១ ដោយ​មិន​សំចៃ​ជើង។ ទោះ​បែប​នេះ​ក្ដី ការ​សម្រុក​រក​គ្រាប់​បាល់​នោះ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ហើយ​ការ​វាយ​បក​របស់​ក្រុម​កម្ពុជា​បាន​កើត​ឡើង​បន្ត​បន្ទាប់។

 

​ចូល​ដល់​តង់​ទី២ ក្រុម​កម្ពុជា​មាន​ឱកាស​ជា​ញឹកញាប់ វាយ​បក​លឿន​ៗ​រហូត​ទម្លាយ​សំណាញ់​ទី​បាន​​សម្រេច។ ក្រុម​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​រក​គ្រាប់​បាល់​ស្មើ ដើម្បី​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ប៉ុន្តែ​បែរ​ជា​ត្រូវ​ដាច់​មាត់ បណ្ដាល​ឲ្យ​ក្រុម​កម្ពុជា​​ស៊ុត​បន្ថែម តួយ៉ាង​ដូច​ជា​គ្រាប់​ទី២ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​៩៩ Gbenga ជា​ដើម។​

 

លោក ប្រាក់ សុវណ្ណារ៉ា​ បាន​លើក​ឡើង​ថា ធម្មតា​បើ​ក្រុម​មួយ​ព្យាយាម​វាយ​សម្រុក​ដើម្បី​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​របស់​ដៃ​គូ​ហើយ ប្រាកដ​ជា​ចន្លោះ​ប្រហោង​នៅ​តំបន់​ការពារ​ខ្លះ​ជា​មិន​ខាន​ឡើយ។ ប្រការ​នេះ​ហើយ​ទើប​បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​វាយ​បក​ប្រកប​ដោយ​ប្រសិទ្ធភាព​។

 

៤. យុទ្ធសាស្ត្រ​គ្រូ​បង្វឹក​បត់​បែន​តាម​កាលៈទេសៈ
លោក ប្រាក់ សុវណ្ណារ៉ា បាន​រៀប​ចំ​យុទ្ធសាស្ត្រ​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​នេះ និង​​បត់​បែន​តាម​កាលៈទេសៈ​ទាន់​ពេល​វេលា។ ដោយសារ​គិត​ថា ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី មិន​អាច​ចុះ​ជួយ​​តំបន់​ការពារ​ទាន់​ពេល​វេលា ទើប​លោក​សម្រេច​ចិត្ត​ប្ដូរ​​ខ្សែ​បម្រើ ឈុន សុធារ័ត្ន តាំង​ពី​តង់​ទី១។ ក្រោយ​មក​តំបន់​កណ្ដាល​ចាប់​ផ្ដើម​ប្រទាក់​ក្រឡា​គ្នា​ល្អ ខុស​ប្លែក​ពី​ដើម​តង់ និង​ចាប់​ផ្ដើម​មាន​ឱកាស​អូស​បាល់​ទៅ​មុខ​ទី​គូ​ប្រកួត​ច្រើន។

 

ចំណែក​គ្រូ​បង្វឹក​ក្រុម Yangon United ប្រាប់​កីឡាករ​ឲ្យ​វាយ​សម្រុក​រក​គ្រាប់​បាល់​ប៉ុន្តែ​មិន​បាន​សម្រេច។ លោក​បញ្ជាក់​ថា តង់​ទី​មួយ​ក្រុម​បាន​លេង​ដូច​ការ​គ្រោង​ទុក ប៉ុន្តែ​នៅ​តង់​ទី​២ ទម្រង់​លេង​បាន​ធ្លាក់​ចុះ រហូត​ធ្វើ​ឲ្យ​ក្រុម​បឹង​កេត​មាន​ឱកាស​វាយ​បក​លឿន និង​​ទម្លាយ​សំណាញ់​ទី​​រហូត​ដល់​ទៅ ៣​គ្រាប់៕

 

អត្ថបទ៖ គង់ វិសាល
​​​​