យក​លុយ​ដុល្លារ​ក្លែងក្លាយ​ទៅ​ដូរ នារី​វ័យក្មេង​ម្នាក់​​ត្រូវ​​ចាប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ជើងឆើត​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​សហការ​ជាមួយ​ក្រុម​អាជីវករ​ប្ដូរ​ប្រាក់ ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បន្ទាប់​ពី​ស្ត្រី​រូប​នោះ​​បាន​យក​លុយ​ដុល្លារ​ក្លែងក្លាយ​៨០០​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ទើបតែ​ប្ដូរ​បាន​១០០​ដុល្លារ​ប៉ុណ្ណោះ ត្រូវ​បាន​អាជីវករ​ដឹង​ទាន់​ក៏​បាន​ហៅ​អ្នក​លក់ដូរ​តូប​ជិត​គ្នា​នៅ​ក្នុង​ផ្សារ​នោះ​ឲ្យ​ទៅ​ជួយ​មើល និង​បាន​ប្ដឹង​ឲ្យ​ប៉ូលិស​ចុះ​ទៅ​ចាប់ខ្លួន​បាន​តែ​ម្ដង ។

ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្នុង​ផ្សារ​ទួល​ពង្រ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ស្ត្រីរូប​នោះ​ឈ្មោះ ចក់ នាង អាយុ​២១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជ្រោយ​អំពិល​២ ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ស្ត្រី​រូប​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ​ទួល​ពង្រ បន្ទាប់​មក​បាន​យក​លុយ​ក្រដាស់​១០០​ដុល្លារ​ក្លែងក្លាយ​ទៅ​ដូរ​យក​លុយ​រៀល​នៅ​តូប​អាជីវករ​ប្ដូរ​ប្រាក់​នៅ​ក្នុង​ផ្សារ​ខាងលើ លុះ​ដូរ​បាន​ហើយ​បម្រុង​ដើរ​ចាកចេញ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ខាង​អាជីវករ​បាន​ពិនិត្យ​មើល​លុយ​ម្តងទៀត ទើប​ដឹង​ថា ជា​លុយ​ក្លែងក្លាយ ។ ក្រោយ​ពេល​ដឹង​ថា​ជា​លុយ​ក្លែងក្លាយ អាជីវករ​រូប​នោះ​បាន​ហៅ​គ្នីគ្នា​ដែល​ជា​អាជីវករ​ដូច​គ្នា​នៅ​ក្នុង​ផ្សារ​នោះ​ឲ្យ​ជួយ​មើល និង​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ឲ្យ​ជួយ​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ ដើម្បី​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង ។

ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ប៉ូលិស​បាន​ដកហូត​កាបូបស្ពាយ​មួយ និង​រក​ឃើញ​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ដុល្លារ​ក្រដាស់​១០០​ដុល្លារ​ក្លែងក្លាយ​ចំនួន​៧​សន្លឹក​(​ស្មើនឹង​៧០០​ដុល្លារ​)​ទៀត ដែល​ជា​លុយ​មិន​ទាន់​បាន​ដូរ បន្ទាប់​មក​ប៉ូលិស​បាន​ដកហូត​វត្ថុ​តាង​រួច​បា​នប​ញ្ជួ​ន​ស្ត្រី​រូប​នោះ​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕