គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់មានពេល​ជួប​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ពី​បញ្ហានយោបាយ​រវាង​គណ​បក្ស​ទាំងពីរ​ទេ​

ភ្នំពេញ: នៅពេលនេះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ជាប់រវល់​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​។ ដូច្នេះ​មិនទាន់មាន​ពេល​ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុខ​ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា លោក សុខ ឥ​សាន្ត បាន​បញ្ជាក់ថា "​មិនទាន់មាន​គម្រោង​នៃ​ការជួបគ្នា រវាង​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគច្រើន និង​ក្រុម​ភាគតិច​នៅ​រដ្ឋសភា​ទេ​។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ សុទ្ធតែ​មមាញឹក​ក្នុង​ភារកិច្ច​នៃ​ការបម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​។ ដូច្នេះ​មិនមាន​ពេល​ពិភាក្សា​ការងារ​អី​ផ្សេងៗ ជាមួយនឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទេ​"​។​

​លោក​សុខ​ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ  បន្ទាប់ពី​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ បានធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាក់ទង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​មាន​ជំនួប​ជជែក​ពី​បញ្ហានយោបាយ​ថ្មីៗ​នេះ មុននឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចូលរួម​ប្រជុំ​នៅ​រដ្ឋសភា​។​

​យ៉ាងណាក៏ដោយ ទោះបីជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលធ្វើការ និង​មិន​ចូលរួម​ប្រជុំ​រដ្ឋសភា ប៉ុន្តែ​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់ថា ដំណើរការ​នៅ​រដ្ឋសភា នៅតែ​ប្រព្រឹត្តិ​ទៅជា​ធម្មតា​។ ក្នុងនោះ ដំណើរការ​កិច្ចប្រជុំ​រដ្ឋសភា ក្នុងការ​អនុម័ត​ច្បាប់ ក៏​នៅតែ​ធ្វើឡើង​ស្របតាម​ច្បាប់ ដែល​កំណត់​ឲ្យ​មាន​កូរ៉ុម​ប្រជុំ និង​សំឡេង​អនុម័ត​គាំទ្រ​ត្រឹម​មតិ​ភាគច្រើន​ដាច់ខាត ឬ​៥០​ភាគរយ បូក ១ នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​សរុប ១២៣ រូប​។ ពោលគឺ​សំឡេង​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ រូប អាច​ដំណើរការ​នៅ​រដ្ឋសភា​បាន​ហើយ​៕​