ទឹកចិត្ត​អ្នក​ម្តាយ​ពិការ​ម្នាក់​ខំ​ធ្វើ​ប្រឹង​ធ្វើការ ១៦ ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​តែ​កូនស្រី​ពីរ​នាក់​ ​ ​

Sanofi

នេះ​គឺជា​រឿង​រាវ​ពិត​នៃ​ជីវិត​របស់​ស្ត្រី​មេម៉ាយ​ពិការ​ដៃ​ម្នាក់​ដែល​សព្វថ្ងៃ​ត្រូវ​ទទួលបន្ទុក​រ៉ាប់​រាង​គ្រួសារ​តែម្នាក់ឯង ។ ស្ត្រី​ពិការ​ដៃ​ខាងលើ​មានឈ្មោះ ហ្វា​ន វេន​យិ​ង​(Fang Wenying) នៅ ខេត្ត​អាន​ហ៊ុយ (Anhui) ក្នុងប្រទេស​ចិន សព្វថ្ងៃ​ស្ត្រី​មេម៉ាយ ហ្វា​ន វេន​យិ​ង ត្រូវ​ចេញទៅ​ធ្វើ​ការងារ​បី​តួនាទី​ក្នុង​មួយថ្ងៃ​ដើម្បី​ទប់ទល់​នឹង​ជីវភាព​គ្រួសារ ណាមួយ​អ្នកស្រី​នៅមាន​កូនស្រី​ពីរ​នាក់​ទៀត​ដែល​ស្ថិតនៅក្នុង​បន្ទុក​របស់​អ្នកស្រី​ថែមទៀត​ដែរ ។

​អ្នកស្រី ហ្វា​ន វេន​យិ​ង បាន​រៀបរាប់​ប្រាប់​គេហៈទំព័រ Sina News ទាំង​ទឹកភ្នែក​កាលពីពេល​ថ្មីៗ​នេះ​ថា រាល់ថ្ងៃ​អ្នកស្រី​ត្រូវ​បង្ខំចិត្ត​ធ្វើការ ៣ តួនាទី​ទាំង​ខ្លួន​មានតែ​ដៃ​ម្ខាង ជាមួយនឹង​ការងារ​ជា​អ្នក​សម្អាត​ទីក្រុង​ដោយ​ត្រូវ​ធ្វើការ​រហូតដល់ ១៦ ម៉ោង​ក្នុង​មួយថ្ងៃ ។ អ្នកស្រី​បាន​បន្តថា ជា​រៀង​រាល់ពេល​គាត់​ត្រូវ​ងើបឡើង​ពី​ដំនេក​នៅ​ម៉ោង ៣.៣០​នាទី​រៀប​ភ្លឺ ហើយ​ត្រឡប់មកវិញ​នៅ​ម៉ោង ១០.៣០ នាទី​យប់​ជា​រៀងរាល់ថ្ងៃ អ្នកស្រី​ត្រូវ​រស់នៅ​លំបាក​វេទនា​ទាំង​ផ្លូវកាយ ផ្លូវចិត្ត​ដូចនេះ​អស់​រយៈពេល ៣ ឆ្នាំ​មកហើយ​បន្ទាប់ពី​ស្វាមី​របស់​អ្នកស្រី​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី ៣ ឆ្នាំមុន ។

អ្នកស្រី​បន្ថែមថា ដោយសារតែ​ឃើញ​ពីស​ភាពលំបាក​វេទនារ​បស់​គាត់​បែបនេះ ទើប​កូនស្រី​ពៅ​របស់គាត់​ឈ្មោះ ដាន​ដាន​(Dandan) អាយុ ២០​ឆ្នាំ​សម្រេចចិត្ត​បោះបង់​ការសិក្សា​រហើយ​ទៅធ្វើ​ការ​នៅ​ហាង​នំ​ប័​ុ​ង​មួយកន្លែង​ដោយ​នាង​ទទួលបាន​ប្រាក់ខែ​តែ ១៥៥​ដុល្លា​ប៉ុណ្ណោះ​ក្នុង​មួយខែ បួ​ក​រួមទាំង​ប្រាក់ខែ​របស់​អ្នកស្រី ៤៣៥​ដុល្លា​ទៀត​សរុបទៅ ៥៩០​ដុល្លា​ក្នុង​មួយខែ ដែល​ប្រាក់ខែ​ទាំង​ប៉ុន្មាន​នេះ​អ្នកស្រី​ត្រូវ​យកទៅ​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនស្រី​ច្បង​របស់​អ្នកស្រី​អាយុ ២១​ឆ្នាំ ឈ្មោះ តី​ង​តី​ង​(Tingting) ដោយ​សព្វថ្ងៃនេះ​នាង​ជា​និ​សិ​ត្ស​ឆ្នាំ​ទី ១​នៃ​សកល​វិទ្យាល័យ Anhui Foreign Language University ។ ចំពោះ​ការសិក្សា​របស់​កូនស្រី​ច្បង​អ្នកស្រី​គឺជា​សម្ពាធ​ដ៏​ធ្ងន់​មួយ​ដែល​ចាំបាច់​ត្រូវតែ​ចំណាយ​យ៉ាងហោចណាស់ ១៥៥០​ដុល្លា ទៅលើ​ថ្លៃ​សិក្សា​ក្នុង​មួយ​ឆមាស ។

សម្រាប់​មូលហេតុ​ដែល​នាំ​អ្នកស្រី ហ្វា​ន វេន​យិ​ង ពិការ​ដៃ​ឆ្វេង​នេះ អ្នកស្រី​បាន​ប្រាប់ថា កាលពី​ឆ្នាំ ២០០៣ ដោយសារតែ​ប្តី​របស់​អ្នកស្រី​មាន​ជម្ងឺសរសៃប្រសាទ​ប្រចាំកាយ​ទើប គ្រានោះ​ប្តី​របស់គាត់​បាន​ព្យាយាម​យក​កាំបិទ​មក​ដេញ​កាប់​កូនស្រី ឃើញ​ដូចនេះ​អ្នកស្រី​ក៏​ចូលទៅ​ជួយ ហើយ​ទើប​បណ្តាល​ឲ្យ​រងរបួស​ដាច់​ដៃ​ឆ្វេង​ពិការ​ដល់​សព្វថ្ងៃនេះ​ទៅ ។

​អ្នកស្រី​បាន​បន្តថា គ្រប់ពេល​ដែលមាន​គេ​សួរ​អ្នកស្រី​ថា តើ​ហេតុអ្វី​ចាំបាច់​ត្រូវ​ខំប្រឹង​ដល់​ថ្នាក់​នេះ​? អ្នកស្រី​តែងតែ​ឆ្លើយតប​វិញ​ថា «​សម្រាប់​ការខិតខំ​ប្រឹង​របស់គាត់​សព្វថ្ងៃនេះ​គឺ​សម្រាប់តែ​កូនស្រី​របស់គាត់​ទាំងពីរ​នាក់​នេះ​តែប៉ុណ្ណោះ​» ៕ កុសល​



Related