ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ មាន​ចំណុច​វិជ្ជមាន តែ​កម្ពុជា​អាច​ខ្ចីប្រាក់​បរទេស​ជិត ១​ពាន់​លាន​ដុល្លារ​

​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦​នេះ មាន​ចំណុច​វិជ្ជមាន​ខ្លះ ព្រោះ​មានការ​កើនឡើង​ទាំង​ចំណូល និង​ចំណាយ តែ​ក្នុងនោះ​មាន​ចំនុច​អវិជ្ជមាន​ផងដែរ​។ សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ ២០១៦ ដែលមាន​ទំហំ​៤៣៦៥ លាន​ដុល្លារ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ យល់ថា វិធានការ​របស់​រាជ​រដ្ឋាភិបាល ដែល​តំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​វុ​ធ និង​គ្រូបង្រៀន ជា​ភាព​វិជ្ជមាន​មួយ​សម្រាប់​មន្ត្រីរាជការ​ទាំងអស់​។  ប៉ុន្តែ​លោក​ក៏​យល់ឃើញ​ដែរ​ថា វា​ក៏​មិនទាន់មាន​ភាព​ពេញលេញ និង​ត្រឹមត្រូវ​នោះទេ ព្រោះ​កម្ពុជា អាច​នឹង​ខ្ចីប្រាក់​ពី​បរទេស​ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦​នេះ ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​សមាជិក​បក្ស នៅ​ទីស្នាក់ការ​បក្ស​នៅ​រសៀល​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​យ៉ាង​ដូច្នេះ​៖«​យើង​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ឲ្យ​បាន​សមរម្យ​។ ប៉ុន្តែ​ចំណុច​នេះ​ត្រូវធ្វើ​ឲ្យ​ចំណូល និង​ប្រាក់កម្ចី មាន​តុល្យភាព​នឹង​គ្នា​។ តុល្យភាព​ដែល​ល្អ​បំផុត​គឺ​ការប្រមូល​ពន្ធគយ​ឲ្យ​បាន​ពេញលេញ​និង​ល្អប្រសើរ ហើយ​កាត់បន្ថយ​ចំណាយ​ទាំងឡាយណា​ដែល​មិនចាំបាច់​»​។

​យោងតាម​ខ្លឹមសារ​នៃ​ច្បាប់​ថវិកាជាតិ ចំណូល​មូលធន​ដោយ​ហិរញ្ញប្បទាន​ក្រៅប្រទេស​សម្រាប់​គម្រោង​វិនិយោគ ដែលមាន​ប្រភពពី​ហិរញប្បទាន​ឥត​សំណង និង​ពី​ការខ្ចី ត្រូវបាន​គ្រោង​ចំនួន ៣ ៨៧១ ៣៥០ លាន​រៀល ស្មើ​ប្រមាណ​ជា ៩៥៩​លាន​ដុល្លារ​។

​ជុំវិញ​គម្រោង​ប្រាក់កម្ចី​បរទេស​នេះ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​អះអាងថា ការខ្ចីប្រាក់​បរទេស ដែលមាន​កំណើន​ច្រើនជាង​ឆ្នាំ​២០១៥​នេះ ធ្វើឡើង​ស្របតាម​កំណើនសេដ្ឋកិច្ច​កម្ពុជា ហើយ​លោក​ថា ការខ្ចី​នេះ​ក៏​មិនមែន​យកមក​ដើម្បី​ជំពាក់​គេ «​វ័ណ្ឌករ​»​នោះទេ​។​

​លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បាន​បន្តថា «​កម្ពុ​ជាមាន​គម្រោង​ខ្ចីប្រាក់​ពី​បរទេស​ប្រមាណ​៩៨០​ទៅ​១១២០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៦​នេះ​ទៅ ហើយ​ចំនួន​នេះ​ស្មើនឹង​៤,៧​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​(GDP)​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​»​។ បើតាម​រដ្ឋមន្ត្រី​ដដែល កន្លងមក​រដ្ឋាភិបាល​បាន​ខ្ចីប្រាក់​បរទេស​ប្រមាណ​ជា​៨៤០​លាន​ដុល្លារ​។​

​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន បានអនុម័ត​សេចក្តីព្រាងច្បាប់​ច​វិកា​ជាតិ​នេះ ដោយ​សំឡេង​ឯកច្ឆ័ន្ទ​៦៦​សំឡេង​។ ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៦ នេះ មាន​១៦​មាត្រា ហើយ​ថវិកាជាតិ​សម្រាប់​ឆ្នាំ ២០១៦ ចំណាយ​ត្រូវ​បានគ្រោង​ក្នុង​ទឹកប្រាក់ ១៧ ៤៦២ ៤៧៧ លាន​រៀល ស្មើ​ប្រមាណ​ជា ៤.៣៦៥​លាន ដុល្លារ​អាមេរិក លើស​ឆ្នាំ ២០១៥ ចំនួន ១៦,១ ភាគរយ ស្មើនឹង​២១,៣១​ភាគរយ នៃ ផ​.​ស​.​ស​។

​បើ​យោងតាម​តាមច្បាប់​ថវិកាជាតិ​នេះ ការចំណាយ​លើ​បន្ទុក​បុគ្គលិក ត្រូវបាន​គ្រោង​មាន​ចំនួន ៥ ៦៣៦ ៣៣៩ លាន​រៀល មាន​កំណើន ២៣,៤​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥​។ វិស័យ​ការពារជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​គ្រោង​ចំណាយ​ចំនួន ២,៧៧២,៨៥៧​លាន​រៀល មាន​កំណើន ១៩.៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥ ។ វិស័យ​សង្គមកិច្ច ត្រូវបាន​គ្រោង​ចំនួន ៤,២៩១,៤៤១ លាន​រៀល មាន​កំណើន ១៩.៧​ភាគរយ នឹង​ច្បាប់​ឆ្នាំ​២០១៥​។ វិស័យសេដ្ឋកិច្ច ត្រូវបាន​គ្រោង​ចំនួន ១,១៤៥,៥៥៧​លាន​រៀល មាន​កំណើន ១៦.១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​