តុលាការ​ឧទ្ធរណ៍ ច្រានចោល​បណ្តឹងទាស់​សាលក្រម​សាលាដំបូង​របស់​មេធាវី​លោក ហុង សុខ​ហួរ​

ភ្នំពេញ: ​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​ច្រានចោល​នូវ​បណ្តឹងឧទ្ធរណ៍​របស់​មេ​ធា​វី​ការពារ​ក្តី​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​។ លោក​មេធាវី បាន​ប្តឹង​ទាស់​នឹង​សាលក្រម​ចាត់​របៀប របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បង្គាប់​ឱ្យ​មេធាវី និង​លោក ហុង សុខ​ហួរ ផ្តល់​ភស្តុតាង​បន្ថែម មុន​បើកសវនាការ​លើ​អង្គសេចក្តី​។ នោះ​គឺ​ផ្តល់នូវ​កុំ​ព្យួ​ទ័​រ ដែល​លោក​ហុង​សុខ​ហួរ បាន​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​ក្លែងក្លាយ ជាដើម​។​

​ការបដិសេធ​របស់​តុលាការ​សាលាឧទ្ធរណ៍​ខាងលើនេះ បានធ្វើ​ឡើង ក្នុង​សវនាការ​ជំនុំជម្រះ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ ដែល​មិនមាន​វត្តមាន​របស់លោក​ហុង​សុខ​ហួរ នោះទេ គឺមាន​តែ​វត្តមាន​របស់លោក​ជូ​ង​ជូ​ងី មេធាវី​ការពារ​ក្តី​លោក​ហុង​សុខ​ហួរ ប៉ុណ្ណោះ​។​

​មេធាវី​ការពារ​ជនជាប់ចោទ លោក ជួង ជូ​ងី បាន​ប្រាប់​អ្នកព័ត៌មាន ក្រោយពី​សវនាការ នៅ​តុលាការ​សាលាឧទ្ធរណ៍​ថា ការសម្រេច​របស់​ឧទ្ធរណ៍ នាពេលនេះ លោក​នឹង​ជួប​កូនក្តី ដើម្បី​សម្រេច​ថា ប្តឹង​ឧទ្ធរណ៍​ទៅកាន់​តុលាការ​កំពូល ឬ​យ៉ាងណា​?​។​

​សូមបញ្ជាក់ថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​បង្ហោះ និង​ធ្វើការ​បកស្រាយ​ពី​សន្ធិសញ្ញា ព្រំដែន​កម្ពុជា​-​វៀតណាម ក្លែងក្លាយ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក​សម រង្ស៊ី ។ លោក ហុង​សុខ​ហួរ ត្រូវ​តុលាការ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទចោទប្រកាន់​ចំនួន ៣ រួមមាន​៖ បទ​ក្លែង​ឯកសារ​សាធារណៈ  ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ បទចោទប្រកាន់​ទាំងនោះ នឹងត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ចាប់ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ​។​

​សំណុំរឿង​ក្តី​នោះ ក៏បាន​រាលដាល​ដល់​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស​។ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​លោក​សមរង្ស៊ី ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥៕​