អាជ្ញាធរ​អប្សរា​រឹត​បន្តឹង​មិន​ឲ្យ​ថត​រូប​ប្រាសាទ​បុរាណ​ក្នុង​តំបន់​អង្គរ​ដោយ​គ្មាន​ការ​អនុញ្ញាត

មន្ត្រី​អាជ្ញាធរ​អប្សរា បាន​ជូន​ដំណឹង ព្រម​ទាំង​បង្ហាញ​កាត​ថ្មី​មួយ​ប្រភេទ​ជំនួស​ឲ្យ​លិខិត​អនុញ្ញាត សម្រាប់​ផ្ដល់​ជូន​ក្រុម​អ្នក​សារព័ត៌មាន​ណា​ដែល​ចង់​ចូល​ទៅ​ថត​យក​រូបភាព​ប្រាសាទ​បុរាណ​នានា នៅ​ក្នុង​តំបន់​នៃ​ឧទ្យាន​អង្គរ​ក្នុង​រយៈពេល​ខ្លី។

ការ​ផ្ដល់​ជូន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​អ្នក​កាសែត ក្នុង​ការ​ចូល​ទៅ​ថត​យក​រូបភាព​អង្គរ​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​អាជ្ញាធរ​អប្សរា ពង្រឹង​ការ​អនុវត្ត​អនុក្រឹត្យ​មួយ ដែល​ហាម​ឃាត់​មិន​ឲ្យ​ភ្ញៀវ​ទេសចរ ឬ​ក៏​ក្រុមហ៊ុន​ឯកជន​ណា អាច​យក​ម៉ាស៊ីន​ថត​រូប ឬ​ក៏​ម៉ាស៊ីន​វីដេអូ​ធំៗ​ទៅ​ថត​រូប​ប្រាសាទ​បុរាណ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន​បាន​ឡើយ។

មន្ត្រី​អាជ្ញាធរ​អប្សរា បាន​ជូន​ដំណឹង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ទាំង​ក្រុម​អ្នក​កាសែត​ដែល​ប្រចាំ​ការ​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ក្រុម​អ្នក​កាសែត​មក​ពី​តំបន់​ផ្សេង​ទៀត គឺ​មិន​អនុញ្ញាត​ឲ្យ​កាន់​ម៉ាស៊ីន​ថត​រូប និង​ម៉ាស៊ីន​វីដេអូ​ធុន​ធំ ទៅ​ថត​រូប​ប្រាសាទ​បុរាណ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន​ឡើយ។

មន្ត្រី​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​បាន​លើក​បង្ហាញ​កាត​មួយ​ប្រភេទ​ក្នុង​ពេល​ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ជាមួយ​ក្រុម​អ្នក​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​វិច្ឆិកា ថា ចាប់​ពី​ពេល​នេះ​ត​ទៅ រាល់​អ្នក​កាសែត និង​ក្រុមហ៊ុន​ណា​ដែល​ចង់​កាន់​ម៉ាស៊ីន​ថត​រូប និង​ម៉ាស៊ីន​វីដេអូ​ធុន​ធំ ទៅ​ថត​រូប​ប្រាសាទ​បុរាណ​ក្នុង​ឧទ្យាន​អង្គរ គឺ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា​ជា​មុន។

លោក ឡុង កុសល បញ្ជាក់​ថា អាជ្ញាធរ​អប្សរា​បាន​ធ្វើ​កាត​ទំហំ​តូច​មួយ​ជំនួស​ឲ្យ​លិខិត​អនុញ្ញាត ដើម្បី​ជូន​ទៅ​ដល់​អ្នក​កាសែត​ណា​ដែល​ចង់​ថត​រូប​អង្គរ យក​ទៅ​ផ្សាយ​ព័ត៌មាន ចៀសវាង​កុំ​ឲ្យ​មាន​អ្នក​បន្លំ​មក​ថត​រូប​យក​ទៅ​ឃោសនា​ពាណិជ្ជកម្ម​ផ្សេងៗ៖ «មិន​មែន​រឿង​មិន​ទុក​ចិត្ត​គ្នា​រឿង​អី​ទេ បញ្ហា​វា​នៅ​ត្រង់​ថា រូបភាព​ហ្នឹង​កន្លង​មក ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​ទូលំទូលាយ​មក​ហើយ»

អាជ្ញាធរ​អប្សរា​ដែល​ធ្វើ​កាត​សម្រាប់​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាសែត ចូល​ទៅ​ថត​រូប​ប្រាសាទ​បុរាណ​នោះ គឺ​ដើម្បី​បង្ក​ការ​ងាយ​ស្រួល​មួយ​កម្រិត​ទៀត ពីព្រោះ​ថា កាល​ពី​ពេល​កន្លង​ទៅ រាល់​អ្នក​កាសែត​ណា​ដែល​មាន​ម៉ាស៊ីន​ថត​រូប និង​កាមេរ៉ា​វីដេអូ​ធំៗ ចង់​ចូល​ទៅ​ថត​រូប​ប្រាសាទ​បុរាណ​ក្នុង​ឧទ្យាន​អង្គរ គឺ​ត្រូវ​ទៅ​សុំ​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា ហើយ​ត្រូវ​រង់ចាំ​មួយ​រយៈពេល​ទៀត។

វិធានការ​របស់​អាជ្ញាធរ​អប្សរា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រឹត​បន្តឹង​ការ​អនុវត្ត​អនុក្រឹត្យ​មួយ​របស់​រដ្ឋាភិបាល​ឡើង​វិញ បន្ទាប់​ពី​អនុក្រឹត្យ​ស្ដីពី​ការ​ហាម​ឃាត់​មិន​ឲ្យ​ថត​រូប​អង្គរ យក​ទៅ​ធ្វើ​ជា​ស្បត (Spot ) ផ្សាយ​ពាណិជ្ជកម្ម​រក​កម្រៃ​ផ្ទាល់​ខ្លួន បាន​ចេញ​ឲ្យ​អនុវត្ត​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ គាំទ្រ​ចំពោះ​អនុក្រឹត្យ​ដែល​ហាម​ឃាត់​មិន​ឲ្យ​អ្នក​កាន់​ម៉ាស៊ីន​ថត​រូប និង​ម៉ាស៊ីន​ថត​វីដេអូ​ធុន​ធំ ទៅ​ថត​រូបភាព​អង្គរ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន​នេះ។ លោក ង៉ូវ សេងកាក់ មាន​ប្រសាសន៍​ថា ប្រាសាទ​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ មិន​អាច​ឲ្យ​គេ​មក​ថត​រូប​យក​ទៅ​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ផល​ចំណេញ​ឯកជន​ដោយ​ងាយៗ​ឡើយ៖ «អា​ហ្នឹង​វា​ត្រូវ ព្រោះ​ច្បាប់​ចែង​អ៊ីចឹង​មក ហើយ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា​គ្រប់គ្រង ដើម្បី​បង្ការ​កុំ​ឲ្យ​អ្នក​ថត​យក​ទៅ​ធ្វើ​ពាណិជ្ជកម្ម»

មន្ត្រី​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា គេ​អាច​សម្រប​សម្រួល​ឲ្យ​តែ​អ្នក​កាសែត​មួយ​គត់ ដែល​អាច​ថត​រូប​ប្រាសាទ​បុរាណ​នានា​យក​ទៅ​ប្រើប្រាស់​ផ្សព្វផ្សាយ ក្រៅ​ពី​នោះ បើ​ក្រុមហ៊ុន​ណា​ថត​រូប​អង្គរ​យក​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន គឺ​ត្រូវ​តែ​បង់​លុយ មុន​នឹង​អនុញ្ញាត​ឲ្យ​ថត​យក​រូបភាព​នានា។ ទោះ​យ៉ាង​ណា សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មាន​ម៉ាស៊ីន​ថត​រូប និង​ម៉ាស៊ីន​វីដេអូ​បែប​ទេសចរណ៍​ធម្មតា មិន​ត្រូវ​បាន​ហាម​ឃាត់​ទេ គឺ​អាច​ថត​រូប​ដោយ​សេរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។