យី​ឌុ​ប​ដឹក​ខ្សាច់​លើស​ចំណុះ​បែក​កង់​បង្ក​ការ​ស្ទះចរាចរណ៍​ជាង​កន្លះ​ម៉ោង

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​តូច​ធំ​ជា​ច្រើន​គ្រឿង​បាន​កកស្ទះ​ចរាចរណ៍​ប្រមាណ​ជា​ជាង​៣០​នាទី ក៏​ព្រោះតែ​រថយន្ត​ម៉ាក​យី​ឌុ​ប​ធុន​យក្ស​ដឹក​ខ្សាច់​បែក​កង់​​​ក្រោយ រហូត​ដល់​មានការ​ជួយ​អន្តរាគមន៍​ពី​នគរបាល​ចរាចរណ៍​ទើប​អាច​ដំណើរការ​ទៅ​មក​បាន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នៅ​ចំណុច​ខាងត្បូង​ស្ពាន​តា​ផា​ន់​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​​ដែល​បែក​កង់​ក្រោយ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​នេះ ជា​រថយន្ត​ម៉ាក​យី​ឌុ​ប​ធុន​យក្ស ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8358 បើកបរ​ដោយ​ឈ្មោះ ពៅ សំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​គោក​ស្វាយ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​ចរាចរណ៍ ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ទាំង​ទៅ​ទាំង​មក​ខ្វះ​ការ​យោគយល់​អធ្យាស្រ័យ​គ្នា ដោយ​ប្រជែង​គ្នា​ម្នាក់​ៗ​ចង់បាន​ទៅ​មុន​ទើប​បង្ក​ឲ្យ​មានការ​រាំងស្ទះ​ចរាចរណ៍​បែប​នេះ ក្រោយ​ពី​កម្លាំង​នគរបាល​ចរាចរណ៍​ចុះ​ទៅ​ដល់​បាន​ធ្វើ​ចរាចរណ៍​ទើប​រថយន្ត​អាច​ធ្វើ​ចរាចរណ៍​ទៅ​មក​បានជា​ធម្មតា​វិញ ។ ហើយ​កត្តា​បណ្តាល​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​នេះ​បែក​កង់​ទៅ​មុខ​លែង​រួច គឺ​មក​ពី​ការ​ផ្ទុក​ហួស​ចំណុះ និង​កង់​រថយន្ត​ចាស់​ពេក ៕