មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង ធ្វើការ​ព្រមាន​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​គោរព​សារាចរ​ណែនាំ​របស់​ក្រសួង និង​លាង​សំអាត​ផ្លូវថ្នល់

ខេត្តកោះកុង ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកោះកុង បាន​ចាត់វិធានការ​ក្តៅ​គគុក និង​ចាប់​អនុវត្ត​តែ​ម្តង​ចំពោះ​ក្រុម​ហ៊ុន​ដែល​មាន​រថយន្ត​ដឹក​ដី​-​ថ្ម ដែល​ជ្រុះ​ប្រឡាក់​ផ្លូវថ្នល់ ឲ្យ​បាញ់​ទឹក​លាង​សំអាត​បន្ទាប់​ពី​បាន​ចេញ​សេចក្តី​អនុវត្ត​តាម​សារាចរ «​ស្តី​ពី​វិធានការ​ចំពោះ​ការ​ដឹក​ជញ្ជូន​រ៉ែ សំណង់​គ្រប់​ប្រភេទ​» កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ។

លោក ប៉ិច ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា ខ្លឹមសារ​នៃ​សេចក្តីណែនាំ​មាន ៖ ១-​អាជីវករ​ក្រុមហ៊ុន​រ៉ែ​ទាំងអស់ ត្រូវ​ផ្ទុក​រ៉ែ សំណង់ លើ​រថយន្ត ដែល​ត្រូវ​ដឹក​ជញ្ជូន​រ៉ែ​ចេញពី​ការដ្ឋាន ឬ​ដេប៉ូ​របស់​ខ្លួន​ក្នុង​កម្រិត​មិន​ឲ្យ​ហួស​ពី​ទ្រុង​រថយន្ត​ដែល​ត្រូវ​ដឹក​ជញ្ជូន​ឡើយ ។ ការ​ដឹក​ជញ្ជូន​ត្រូវ​គោរព​តាម​បទដ្ឋាន​នៃ​ការ​កម្រិត​ទម្ងន់​ផ្ទុក​តាម​ប្រភេទ​រថយន្ត និង​តាម​ប្រភេទ​ផ្លូវ​ដឹក​ជញ្ជូន ។ ២-​ការ​ដឹក​ជញ្ជូន​រ៉ែ សំណង់ តាម​រថយន្ត​ត្រូវ​មាន​គម្រប​តង់​កៅស៊ូ​គ្រប​ពីលើ​ឲ្យ​ជិត ហើយ​ចង​ឲ្យ​ជាប់ ចៀសវាង​ការ​ធ្លាក់​នូវ​ថ្ម គ្រួ​ស ខ្សាច់ ដីក្រហម ដីឥដ្ឋ ឬ​អាចម៍ដី ។​ល​។ នៅ​តាម​ផ្លូវ​ដែល​ដឹក​ជញ្ជូន ។ ៣-​អាជីវករ ក្រុមហ៊ុន​ត្រូវ​ចូលរួម​ក្នុង​ការ​ថែរក្សា​ផ្លូវ​ដែល​ខ្លួន​បាន​ប្រើប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​រ៉ែ​ សំណង់​ចេញពី​ការដ្ឋាន ឬ​ពី​ដេប៉ូ​របស់​ខ្លួន ដោយ​ត្រូវ​ធ្វើការ​ស្រោច​ទឹកជា​ប្រចាំ ដោយ​មិន​បង្ក​ឲ្យ​មានការ​រំខាន​ដោយសារ​ធូលី​ហុយ ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ឬ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នោះ ។ ៤-​អាជីវករ ក្រុមហ៊ុន ត្រូវ​មាន​ផែនការ​ជួសជុល​ផ្លូវ​ដែល​ចេញពី​ការដ្ឋាន​របស់​ខ្លួន​ឆ្ពោះ​មក​ផ្លូវ​ខេត្ត ឬ​ផ្លូវជាតិ ។ ក្នុង​ករណី​ដែល​ផ្លូវ​នោះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អាជីវករ ក្រុមហ៊ុន​លើស​ពី​មួយ អាជីវករ ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​សហការ​គ្នា​ក្នុង​ការ​ស្រោច​ទឹក និង​ថែទាំ​ផ្លូវ​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ ។

ក្នុង​ករណី​ដែល​អាជីវករ ក្រុមហ៊ុន ប្រព្រឹត្ត​ល្មើស​ចំណុច​ណាមួយ​នៃ​វិ​ធា​ន​ការ​ខាងលើ មន្ទីរ​រ៉ែ និង​ថាមពល ត្រូវ​ចាត់វិធានការ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ការដ្ឋាន​នោះ​ចំនួន​មួ​យស​ប្តា​ហ៍ ដោយ​ធ្វើការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ និង​បញ្ជាក់​ពី​ចំណុច​នៃ​ការ​ប្រព្រឹត្ត​ល្មើស​ក្នុង​លិខិត​ព្រមាន​នោះ ។

ប្រសិនបើ​អាជីវករ ក្រុមហ៊ុន ប្រព្រឹត្ត​ល្មើស​នឹង​វិធានការ​ខាងលើ​ចំនួន​៣​លើក ក្នុង​រយៈពេល​១២​ខែ ការដ្ឋាន​អាជីវកម្ម​រ៉ែ សំណង់​នោះ​ត្រូវ​បិទទ្វារ​ជា​ស្ថាពរ ហើយ​មន្ទីរ​រ៉ែ និង​ថាមពល ត្រូវ​រៀបចំ​សំណុំ​លិខិត ដើម្បី​ដកហូត​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ជា​ធរមាន និង​ផ្អាក​មិន​ឲ្យ​ចូល​ធ្វើ​អាជីវកម្ម​គ្រប់​សកម្មភាព​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​រ៉ែ​ចំនួន​៣​ឆ្នាំ ៕