ហេតុអ្វី​អាស៊ាន​រក្សា​ភាព​ស្ងៀមស្ងាត់​លើ​ការ​សុំចូល​ជា​សមាជិកភាព​ទី​ម័​រ​ខាងកើត​?

​បន្ទាប់ពី​បានស្នើ​សុំចូល​ជា​សមាជិកភាព​អាស៊ាន​តាំងពី​ឆ្នាំ​២០១១​មក ទី​ម័​រ​ខាងកើត​ដែលជា​ប្រទេស ក្មេងខ្ចី​មួយ​នៅ​អាស៊ីអាគ្នេយ៍ បាន​បន្ត​រង់ចាំ​ការសម្រេច​ជា​ឯក​ច្ឆ័​ន​ពី​មេដឹកនាំ​អាស៊ាន​ក្នុងការ​ដាក់បញ្ចូល​ខ្លួន​ជា​សមាជិក​។ តែ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ហាក់ដូចជា​មិនមាន​ពន្លឺ​សម្រាប់​ទី​ម័​រ​ខាងកើត ពោលគឺ​អាស៊ាន មិនបាន​លើក​ការសុំ​ចូល​ជា​សមាជិកភាព​របស់​ទី​ម័​រ​ខាងកើត​ក្នុង​របៀបវារៈ​ដើម្បី​ពិចារណា​នោះទេ ។ តើ​មាន​របាំង​អ្វីខ្លះ​បានជា​អាស៊ាន រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ការសុំ​ចូល​របស់​ទី​ម័​រ​ខាង​កើតជា​សមាជិក​ខ្លួន​?

សូមស្ដាប់ព័ត៌មានលម្អិត៖

​គឺជា​រយៈពេល​បួន​ឆ្នាំ​ហើយ​ដែល​ទី​ម័​រ​ខាងកើត បាន​ព្យាយាម​ភ្ជាប់​ខ្លួន​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ តែ​មិនទាន់​ទទួលបាន​សញ្ញា​វិជ្ជមាន​ណាមួយ ខណៈ​ដំណើរការ​នៃ​សមាហរណកម្ម​នៃ​ស្ថាប័ន នេះ កំពុងតែ​ឆ្ពោះទៅមុខ​កាន់តែ​ស៊ីជម្រៅ​។ តែ​ទី​ម័​រ​ខាងកើត នៅតែ​បន្ត​ប្តេជ្ញា​ក្នុងការ​បង្ហាញ​ពី​សក្តា​នុ ពល​របស់ខ្លួន​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​មេដឹកនាំ​អាស៊ាន​។​

១. មាន​លក្ខខណ្ឌ​អ្វីខ្លះ​ដើម្បី​អាច​ក្លាយជា​សមាជិក​អាស៊ាន​?
​ដូចដែល​បាន​បញ្ញត្តិ​ក្នុង​ជំពូក​ទី​៣ មាត្រា​៦ នៃ​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ក្លាយជា​សមាជិក​របស់​អា​ស៊ាន រដ្ឋ​ដែល​បានដាក់​ស្នើ​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​គ្រឹះ​មួយចំនួន​។ ក្នុងនោះ​រួមមាន ត្រូវមាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការទទួលស្គាល់​ពីរ​ដ្ឋ​អាស៊ាន​ទាំងអស់ គោរព​តាម​ធម្មនុញ្ញ​អាស៊ាន និង​ជាពិសេស​នោះ​ត្រូវ​ទទួលបាន​ការយល់ព្រម​ជា​ឯក​ច្ឆ័​ន​ពី​រដ្ឋ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​។
​ងាក​មក​ទី​ម័​រ​ខាងកើត​វិញ បាន​បំពេញ​លក្ខខណ្ឌ​ស្ទើរតែ​គ្រប់​ចំនួន​ហើយ តែ​បាន​បរាជ័យ​ក្នុង​ការទទួល បានការ​រ​យល់ព្រម​ជា​ឯក​ច្ឆ័​ន​ពី​មេដឹកនាំ​អាស៊ាន​។ នោះ​គឺ​កាលពី​ឆ្នាំ​២០១១ សិង្ហ​បុរី ធា្ល​ប់​បាន​ជំទាស់ ចំពោះ​ការសុំ​ចូល​ជា​សមាជិកភាព ដ្បិត​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ទី​ម័​រ​ខាងកើត និង​សេដ្ឋកិច្ច​នៅមាន លក្ខណៈ​ផុយស្រួយ​នៅឡើយ​។ ក្រោយមកទៀត​របៀបវារៈ​នៃ​ការពិភាក្សា​ពី​សមាជិកភាព មិនត្រូវ​បាន លើក​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​ទៀត​នោះទេ​។

២. អាស៊ាន មិនទាន់​រួចរាល់​ក្នុងការ​បញ្ចូល​សមាជិក​បន្ថែម​?
​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ក្នុង​ក្រុង​ចា​កាតា​កាលពី​ខែសីហា​កន្លងទៅ ឥណ្ឌូនេស៊ី បាន​សន្យាថា​នឹង​ជំរុញ​មេដឹកនាំ​កំពូល​អាស៊ាន​ផ្សេងទៀត​ដើម្បី​ពិចារណា​លើ​ការសុំ​ចូល​ជា​សមាជិកភាព​អាស៊ាន​របស់​ទី​ម័​រ ខាងកើត​។ ជាពិសេស​នោះ ឥណ្ឌូនេស៊ី ថែមទាំង​សន្យា​លើក​បញ្ហា​នេះ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល អាស៊ាន​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ដែលមាន​ម៉ាឡេស៊ី​ជា​ប្រធាន​ទៀតផង​។ យ៉ាងណាក៏ដោយ កិច្ចប្រជុំ​កំពូល​អាស៊ាន ទើបតែ​បានបញ្ចប់​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ មិនបាន​រំលេច​ចេញ​នូវ​ប្រធានបទ ទី​ម័​រ​ខាងកើត​នោះទេ​។

​តាមពិតទៅ វា​អាចជា​មូលហេតុ​ចម្បង​មួយ​ដែល​អាស៊ាន ហាក់ដូចជា​ព្រងើយកន្តើយ​ចំពោះ​ទី​ម័​រ​ខាងកើត​។ នោះ ក៏​ព្រោះតែ អាស៊ាន​ខ្លួនឯង​ផ្ទាល់ កំពុងមាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​។ ក្នុងនោះ រួមមាន​បញ្ហា​ភេរវកម្ម​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ និង ពិសេស​នោះ នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ អាស៊ាន នឹងត្រូវ​ចាប់​ផ្តើមធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច ដែល​ត្រូវគេ​ជឿជាក់ថា នឹងត្រូវ​មាន​បញ្ហា​ប្រឈម​ច្រើន​។ ហើយ ប្រទេស​អាស៊ាន​មួយចំនួន ក៏​កំពុងតែ ប្រឈម​នឹង​បញ្ហា​ផ្ទៃក្នុង​ផងដែរ​នោះ​។ ដូច្នេះ បើ​សម្រេច​ឲ្យ​ទី​ម័​រ​ខាងកើត ដែលជា​ប្រទេសមួយ​ក្មេងខ្ចី ជា​សមាជិក​ពេញអង្គ​របស់​អាស៊ាន នោះ​នឹងធ្វើ​ឲ្យ​មានការ​ប្រទាញប្រទង់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ទាំង​ផ្នែក​សន្តិសុខ​។

​សូមបញ្ជាក់​ផងដែរ​ថា ទី​ម័​រ​ខាងកើត ទើបតែ​ទទួលបាន​ឯករាជ្យ​ពេញលេញ និង​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​២០០២​នោះទេ​។ ហើយ​ប្រទេស​នៅមាន​ភាពទន់ខ្សោយ​ទាំង​ផ្នែក សេដ្ឋកិច្ច និង សន្តិសុខ​នៅឡើយ​នោះទេ​។ បើ​យើង​តាម​របាយការណ៍​របស់ ADB និង World Bank ក្នុង​ឆ្នាំ​២០១៤ កំណើនសេដ្ឋកិច្ច​របស់​ទី​ម័​រ​ខាងកើត មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរកត់សម្គាល់​។ យ៉ាងណាក៏ដោយ បើ​ប្រៀបធៀប​ពី ផលិតផល​ក្នុងស្រុក​សរុប (GDP) ចុងក្រោយ របស់​រដ្ឋ​នេះ យើង​ឃើញថា ទី​ម័​រ​ខាងកើត សម្រេចបាន​ត្រឹម ១.៦ ពាន់​លាន​ដុល្លា​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ដែល​តួលេខ​នេះ ទាប​ជាង​ប្រទេស​អាស៊ាន​ចាស់ ច្រើនដង​ណាស់​។ មួយវិញទៀត ដោយសារតែ​រដ្ឋ​នេះ ទើបតែ​បញ្ចប់​អាណានិគម មាន​ក្រុម​ឧទ្ទាម​ជាច្រើន​នៅតែ​បន្ត​រំខាន និង​គំរាមកំហែង​ដល់​សន្តិសុខ​ទី​ម័​រ​ខាងកើត ដែល​ចំណុច​នេះ គឺជា​អ្វីដែល​រដ្ឋ​អាស៊ាន​ជាពិសេស​សិង្ហ​បុរី​ព្រួយបារម្ភ​បំផុត​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​