ពលរដ្ឋ​ស្រុក​រុក្ខគិរី​ខេត្ត​បាត់ដំបង​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​ក្នុង​ចំណោម ៣០០​គ្រួសារ នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ឈប់​ការ​ទន្ទ្រាន​ព្រៃ​សហគមន៍​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ និង​បែង​ចែក​ដី​មួយ​ចំនួន​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​យក​ទៅ​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។

ក្រុម​អ្នក​តវ៉ា​ក្មេង​ចាស់​ប្រុស​ស្រី ខ្លះ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ផ្ទាល់​ខ្លួន និង​ខ្លះ​ទៀត​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ឈ្នួល​ចំណុះ ១៥​នាក់ មក​ពី​ស្រុក​រុក្ខគិរី ឡើង​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​មន្ត្រី​មាន​អំណាច​កាប់​រាន​ដី​ព្រៃ​សហគមន៍។

ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​រុក្ខគិរី ប្រមាណ ២៥០​នាក់ តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​តាម​ដង​ផ្លូវ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​អ្នក​តវ៉ា​មួយ​ចំនួន​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​ខេត្ត​បាត់ដំបង បាន​នោះ​ទេ។

ក្រុម​អ្នក​តវ៉ា ថ្លែង​នៅ​សួន​នាគ​មុខ​សាលា​ខេត្ត​បាត់ដំបង ជា​ទីកន្លែង​ពួក​គាត់​ប្រមូល​ផ្ដុំ​គ្នា នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​តវ៉ា​នេះ ដើម្បី​ស្នើ​ឲ្យ​អភិបាល​ខេត្ត​បាត់ដំបង ដោះស្រាយ​បញ្ឈប់​ការ​រុក​រាន​ដី​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ពី​សំណាក់​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​នៅ​ស្រុក​រុក្ខគិរី រួម​មាន​មន្ត្រី​ប៉ូលិស ទាហាន និង​ក្រុម​ប្រឹក្សា​ស្រុក ជាដើម។

ប្រជាពលរដ្ឋ ស្នើ​ឲ្យ​អាជ្ញាធរ​បែង​ចែក​ដី​សហគមន៍​មួយ​ចំនួន ដើម្បី​យក​ទៅ​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នក​ភូមិ​បញ្ជាក់​ថា ពួក​គាត់​បាន​តវ៉ា​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ មិន​បាន​ដោះស្រាយ​ឲ្យ​ពួក​គាត់​នោះ​ទេ៖ «ពួក​យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ទេ ហើយ​ស្នើ​អាជ្ញាធរ​ដោះស្រាយ​តាម​ការ​ទាមទារ​នេះ​ផង។ ដី​នៅ​សេសសល់​តែ​បន្តិចបន្តួច ប្រសិន​បើ​អាជ្ញាធរ​មិន​ប្រគល់​ឲ្យ​ពួក​យើង​ខ្ញុំ​ទេ មន្ត្រី​មាន​អំណាច​នៅ​ស្រុក​រុក្ខគិរី នឹង​នាំ​គ្នា​ទន្ទ្រាន​យក​ដី​នោះ​អស់​ហើយ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​បាត់ដំបង និង​អភិបាល​ស្រុក​រុក្ខគិរី ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា។

ប្រជាពលរដ្ឋ​អះអាង​ថា អភិបាល​ខេត្ត​បាត់ដំបង លោក ចាន់ សុផល មាន​ប្រសាសន៍​ប្រាប់​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់ ដែល​បាន​ចូល​ជួប​ពិភាក្សា​នៅ​ក្នុង​សាល​ប្រជុំ​សាលា​ខេត្ត​ថា អាជ្ញាធរ​ខេត្ត​នឹង​ប្រមូល​ដី​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ដែល​ប្រជាពលរដ្ឋ​អះអាង​ថា មន្ត្រី​មួយ​ចំនួន​នៃ​ស្រុក​រុក្ខគិរី បាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​មក​វិញ ទុក​ជា​សម្បត្តិ​រដ្ឋ​ទាំងអស់ ប៉ុន្តែ​អាជ្ញាធរ​ពុំ​បែង​ចែក​ដី​នោះ​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ដី​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ត្រូវ​បាន​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​នៅ​ស្រុក​រុក្ខគិរី ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បាន រីឯ​ប្រជាពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់​ទៅ​វិញ៖ «ខ្ញុំ​សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា សូម​កុំ​ជឿ​របាយការណ៍​លាប​ពណ៌​គ្នា ថា​មាន​គណបក្ស​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង​នោះ។ សំខាន់​គឺ​អាជ្ញាធរ​ត្រូវ​ពិនិត្យ​មើល​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ទើប​អាច​ដោះស្រាយ​បាន»

សហគមន៍​ព្រៃ​ត្រឡាច​មាន​ផ្ទៃ​ដី ១.៣៣២​ហិកតារ ក្នុង​នោះ​ដី​ព្រៃ​ប្រមាណ ៥០០​ហិកតារ ត្រូវ​បាន​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​នៅ​ស្រុក​រុក្ខគិរី ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា កន្លង​ទៅ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាត់ដំបង បាន​ដឹក​នាំ​សមត្ថកិច្ច​ប្រមាណ ២០​នាក់ ចុះ​រុះរើ និង​ដុត​ផ្ទះ​សម្បែង និង​រោង​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃ​ត្រឡាច អស់​ជាង ៤០​ខ្នង។ ក្រុម​ប្រជាពលរដ្ឋ ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​រុះរើ​ផ្ទះ​សម្បែង​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​នេះ។

ក្រុម​អ្នក​តវ៉ា បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល ដោយ​មិន​ពេញ​ចិត្ត​នឹង​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​នោះ​ឡើយ។ ប្រជាពលរដ្ឋ​ព្រមាន​ថា នឹង​នាំ​គ្នា​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។