មនុស្ស​ចាស់​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ​ផលិត​វត្ថុ​អនុស្សាវរីយ៍​ពី​វត្ថុ​ដែល​គេ​បោះ​ចោល

ប្រជាពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​រស់នៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នាំ​គ្នា​ផ្ដួចផ្ដើម​យក​វត្ថុ​ធាតុ​ដើម​ដែល​គេ​បោះ​បង់​ចោល កែច្នៃ​ទៅ​ជា​របស់​របរ​វត្ថុ​អនុស្សាវរីយ៍ ដើម្បី​ដាក់​តាំង​លំអ។ មនុស្ស​វ័យ​ចំណាស់​ទាំង​នោះ​និយាយ​ថា គោលដៅ​ពួក​គាត់​នាំ​គ្នា​ធ្វើ គឺ​ដើម្បី​ចង់​រក្សា​អត្តសញ្ញាណ និង​របៀប​ច្នៃ​ប្រឌិត​ដល់​ក្មេង​ជំនាន់​ក្រោយ​ទៀត​ផង។

វត្ថុ​អនុស្សាវរីយ៍​ដែល​អាច​ដាក់​តាំង​លំអ​នៅ​គេហដ្ឋាន ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ រួម​មាន​ជា​សត្វ​កុក សត្វ​ក្រៀល សត្វ​អណ្ដើក ត្រី ពស់ ជាដើម។ គ្រឿង​កែច្នៃ​សម្រាប់​ធ្វើ​រូប​សត្វ​ទាំង​នេះ ភាគ​ច្រើន​យក​មក​ពី​របស់​របរ​ដែល​គេ​មើល​រំលង ឬ​បោះ​ចោល ដូចជា​ផ្លែ​ត្នោត​ទុំ ផ្កា​ត្នោត​ឈ្មោល និង​កម្ទេចកំទី​ឈើ រួម​នឹង​វត្ថុ​ផ្សំ​មួយ​ចំនួន​ទៀត ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់។

ចាស់​ទុំ​នៅ​ក្នុង​ភូមិ​កំពង់ធំ ឃុំ​កំពង់រទេះ លោកតា ចាន់ ប៉ាច មាន​ប្រសាសន៍​ថា ពួក​គាត់​បាន​ធ្វើ​រូប​សត្វ​ផ្សេងៗ​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​មែន​ក្នុង​គោល​បំណង​ធ្វើ​អាជីវកម្ម​នោះ​ទេ។ មនុស្ស​ចាស់​ពិការ​ជើង​ទាំង​ពីរ​រូប​នេះ​បន្ត​ថា ការ​កែច្នៃ​របស់​របរ​ទាំង​នេះ ជា​ការ​ហ្វឹកហាត់​ខួរ​ក្បាល​ស្មារតី​បន្ថែម នៅ​ពេល​ខ្លួន​កាន់​តែ​ចាស់ ត្បិត​អី​វា​ក៏​ជា​ចំណែក​មួយ​ដើម្បី​បាន​ជួប​ជុំ​ចាស់ៗ​នៅ​ក្នុង​ភូមិ ដែល​មិន​មាន​ការងារ​ធ្វើ គ្រាន់​បំបាត់​ភាព​អផ្សុក​ផង ក្រៅ​ពី​រក​ចំណូល​នោះ៖ «ត្រង់​នេះ​ដើម្បី​ការ​អផ្សុក​ផង ដើម្បី​ការ​ច្នៃ​ប្រឌិត​ឲ្យ​ចេះ​ផង ពី​របស់​ដែល​គេ​ចោល​ទៅ​ជា​ប្រើប្រាស់​បាន។ របស់​អត់​តម្លៃ កែច្នៃ​ជា​មាន​តម្លៃ​បាន»

ចាស់​ព្រឹទ្ធាចារ្យ​ម្នាក់​ទៀត លោក កង សាអ៊ុំ ដៃ​ចង្អុល​ទៅ​វត្ថុ​អនុស្សាវរីយ៍​បណ្ដើរ មាត់​និយាយ​បណ្ដើរ ដែល​ជា​អ្នក​ផ្ដើម​គំនិត​ធ្វើ​របស់​របរ​ទាំង​នេះ មាន​ប្រសាសន៍​ដែរ​ថា ដោយ​សង្កេត​ឃើញ​មនុស្ស​ចាស់​ជាច្រើន​នៅ​ក្នុង​ភូមិ​កើត​ជំងឺ​អផ្សុក ដោយសារ​ពួក​គាត់​មិន​ដឹង​ទៅ​ណា ឬ​ត្រូវ​ធ្វើ​អ្វី ទើប​លោក​បបួល​ចាស់ៗ​ប្រមាណ ៥​នាក់ ដើម្បី​រិះរក​មធ្យោបាយ​កែច្នៃ​ភាព​ទំនេរ​របស់​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​ផង និង​សម្រាប់​សង្គម​ជាតិ​ផង។ លោក​ថា ការ​កែច្នៃ​សម្ភារៈ​ចេញ​ជា​រូប​រាង​សត្វ​ផ្សេងៗ គឺ​អាច​ជួយ​ឲ្យ​ចាស់ៗ​បាន​ជជែក​គ្នា​ពី​បញ្ហា​មួយ​ចំនួន ព្រម​ទាំង​បាន​ពង្រីក​គំនិត​បញ្ញា​ស្មារតី​របស់​ខ្លួន និង​ដើម្បី​បង្ហាញ​ថា វត្ថុ​ធាតុ​ដើម​របស់​ខ្មែរ​សុទ្ធតែ​មាន​ប្រយោជន៍។ ជាក់ស្តែង គ្រាន់​តែ​ដើម​ត្នោត​មួយ​ដើម គឺ​អាច​យក​មក​ប្រើប្រាស់​បាន​ប្រយោជន៍​យ៉ាង​ច្រើន ព្រម​ទាំង​ចង់​បណ្ដុះ​គំនិត​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ពី​របៀប​តុបតែង​លំអ​ផង៖ «ច្រើន នេះ​ក៏​ត្នោត ត្រី​ក៏​ត្នោត ហើយ​យើង​អាច​ច្នៃ​រៀបចំ​ថា យក​ក្ដ​ត្នោត​ខ្ចីៗ អា​នេះ​ត្នោត​ទុំ​ជ្រុះៗ​ទេ»

វត្ថុ​អនុស្សាវរីយ​ទាំង​នេះ មិន​ទាន់​លក់​ចេញ​ជា​ផ្លូវ​ការ​ទេ គឺ​បាន​ត្រឹម​ដាក់​លំអ​នៅ​ផ្ទះ​របស់​អ្នក​ផលិត ហើយ​មួយ​ចំនួន ដាក់​នៅ​សារមន្ទីរ​មនុស្ស​ចាស់ ព្រម​ទាំង​ដាក់​បង្ហាញ​នៅ​កន្លែង​តាំង​ពិព័រណ៍​មួយ​ចំនួន ក៏ប៉ុន្តែ​មាន​រូប​សត្វ​ខ្លះ បាន​លក់​ចេញ​ក្នុង​តម្លៃ​ចន្លោះ​ពី ៦​ពាន់​រៀល​ទៅ ៨​ពាន់​រៀល។ ចំណែក​ថវិកា​ដែល​បាន​មក គឺ​ចាស់​ព្រឹទ្ធាចារ្យ​ទាំង​នោះ យក​មក​ទិញ​សម្ភារៈ​ប្រើប្រាស់​ដើម្បី​ផលិត​រូប​សត្វ​ទាំង​នោះ​ឡើង​វិញ និង​សម្រាប់​ទិញ​តែ ឬ​ស្ករ គ្រាន់​ពិសា​រួម​គ្នា។

បច្ចុប្បន្ន រូប​សត្វ​មួយ​ចំនួន ខាង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ខេត្ត​កំពង់ធំ បាន​យក​ទៅ​ដាក់​ផ្សព្វផ្សាយ ព្រម​ទាំង​ជួយ​លក់​ជូន​ពួក​គាត់​ទៀត​ផង។

ក្រៅ​ពី​វត្ថុ​ដែល​បាន​រៀបរាប់ ក្រុម​ចាស់​ព្រឹទ្ធាចារ្យ​ទាំង​នោះ ក៏​មាន​កន្លែង​ជា​សារមន្ទីរ​សមាគម​មនុស្ស​ចាស់ ដោយ​រក្សា និង​ផលិត​នូវ​របស់​របរ​ប្រើប្រាស់​មួយ​ចំនួន​របស់​ខ្មែរ រួម​មាន ទ្រូ លប ទ្រុង​ដាក់​ត្រី ដែល​ជា​ឧបករណ៍​នេសាទ​ត្រី​របស់​ខ្មែរ ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ធ្វើ​ស្រែ​ចម្ការ រួម​មាន រនាស់ នង្គ័ល រទេះ​គោ ព្រម​ទាំង​ឧបករណ៍​ទាក់​ដំរី ជាដើម។

វត្ថុ​អនុស្សាវរីយ៍​ខេត្ត​កំពង់ធំ ៦២០
សត្វ​កុក និង​សត្វ​ផ្សេង​ទៀត​ជា​វត្ថុ​អនុស្សាវរីយ៍​ដែល លោក​តា កង សាអ៊ុំ និង​ចាស់ៗ​នៅ​ក្នុង​ភូមិ​កំពង់ធំ ឃុំ​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ធ្វើ​ពី​របស់​របរ​ដែល​គេ​បោះ​ចោល។ រូបថត​កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ RFA/Saut Sokprathna

 

លោក កង សាអ៊ុំ បន្ថែម​ថា របស់​របរ​ទាំង​នេះ គឺ​សុទ្ធតែ​ជា​របស់​ខ្មែរ​ដែល​បង្ហាញ​ពី​តម្លៃ​អត្តសញ្ញាណ​របស់​ជាតិ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ខាង​លោក​នៅ​មិន​ទាន់​គិតគូរ​ពី​ទីផ្សារ​ក៏ដោយ ពីព្រោះ​វ័យ​កាន់​តែ​ចាស់ ប៉ុន្តែ​ថ្ងៃ​មុខ ប្រសិន​បើ​សុខភាព​ពួក​គាត់​នៅ​ល្អ ខាង​លោក​នឹង​ធ្វើ​កាន់​តែ​ច្រើន ព្រម​ទាំង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ៖ «ដឹង​ទៅ​រួច​មិន​រួច អាយុ​កាន់​តែ​ច្រើន​ណាស់​ហើយ។ ទី​មួយ​ចង់​ផ្សព្វផ្សាយ​ពី​ទីកន្លែង​យើង​ទំនាក់ទំនង​មក បើ​ចង់​បាន​ទើប​យើង​នាំ​គ្នា​ធ្វើ​ទៅ»

ជុំវិញ​បញ្ហា​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន សម្ដែង​ការ​គាំទ្រ​ចំពោះ​សកម្មភាព​មនុស្ស​ចាស់​ទាំង​នោះ ដែល​មាន​គំនិត​ច្នៃ​ប្រឌិត និង​មាន​ស្មារតី​អភិរក្ស​វប្បធម៌​របស់​ខ្មែរ។ ម្យ៉ាង របស់​របរ​វត្ថុ​អនុស្សាវរីយ៍​ទាំង​នេះ ក៏​អាច​ជួយ​បង្កើន​ការ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​មួយ​កម្រិត​ដែរ។ លោក​បន្ថែម​ថា កន្លង​មក បើ​ទោះ​បី​ជា​ខាង​មន្ទីរ​មិន​មាន​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ពួក​គាត់ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ក៏ដោយ ប៉ុន្តែ​ខាង​មន្ទីរ​ក៏​បាន​ជួយ​ផ្សព្វផ្សាយ និង​លក់​ដូរ​របស់​ទាំង​នោះ​ជូន​ពួក​គាត់​ទៀត​ផង៖ «អ៊ីចឹង​ខ្ញុំ​ក៏​បាន​សហការ​ជាមួយ​គាត់​ដែរ។ អ៊ីចឹង​ក្នុង​ខេត្ត​កំពង់ធំ យើង​នេះ​មាន​មណ្ឌល​ទេសចរណ៍​មួយ​ដែរ ហើយ​ក៏​បាន​យក​របស់​របរ​ពួក​គាត់​មក​ដាក់​តាំង​លក់​ជូន»

ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បញ្ជាក់​ថា គ្មាន​ឡើយ​នៅ​តំបន់​ផ្សេង​ដែល​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ច្នៃ​ចេញ​ជា​រូប​សត្វ​ដូច្នេះ។ លោក​បន្ត​ថា ការ​ជួយ​គាំទ្រ​ដល់​ស្នាដៃ​របស់​មនុស្ស​ចាស់​ទាំង​នោះ គឺ​ប្រៀប​ដូច​ជួយ​បង្កើត​ការងារ ដោយ​ជំនួស​ភាព​ទំនេរ​ដល់​ពួក​គាត់។ មិន​តែ​ប៉ុណ្ណោះ លោក​ក៏​គាំទ្រ​អំពី​គម្រោង​បង្ហាត់​បង្រៀន​ពី​របៀប​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ទាំង​នេះ ដល់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ផង។

ខេត្ត​កំពង់ធំ ជា​ខេត្ត​មួយ​មាន​រមណីយដ្ឋាន​ជាច្រើន រួម​មាន​ទាំង​រមណីយដ្ឋាន​បែប​ធម្មជាតិ និង​បែប​ប្រវត្តិសាស្ត្រ។ តួយ៉ាង​ដូចជា រមណីយដ្ឋាន​បឹង​ព្រៃប្រស់ រមណីយដ្ឋាន​ស្ទឹង​ជីនិត ភ្នំ​សន្ទុក បឹង​សំរឹទ្ធិ រមណីយដ្ឋាន​សំបូរព្រៃគុក និង​រមណីយដ្ឋាន​ជាច្រើន​ផ្សេង​ទៀត។ លើស​ពី​នេះ នៅ​តាម​រមណីយដ្ឋាន​ទាំង​នោះ ក៏​មាន​សហគមន៍​ផលិត​នូវ​របស់​របរ​ប្រើប្រាស់ ឬ​ជា​វត្ថុ​អនុស្សាវរីយ៍ ដូចជា ក្រមា មួក​ត្នោត កន្ត្រក ដែល​ធ្វើ​អំពី​រពាក់ ឬ​ផ្ដៅ និង​វត្ថុ​មួយ​ចំនួន​ទៀត។ វត្ថុ​ទាំង​នោះ សុទ្ធសឹងតែ​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ខ្មែរ ឬ​ជនជាតិ​ដើម​ភាគ​តិច ដែល​បាន​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​តំបន់​នៃ​ខេត្ត​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។