ភ្លៀង​ខ្លាំង​មើលផ្លូវ​មិនឃើញ ជ្រុ​ក​បុក​របាំង​ថ្ម​អស់​៣​ផ្ទាំង ថយ​មក​ក្រោយ​ប៉ះ​រថយន្ត​នី​សាន់​១​គ្រឿង​ទៀត

រាជធានី​ភ្នំពេញ ៖ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​រហូត​មើលផ្លូវ​មិន​ចង់​ឃើញ នារី​ម្នាក់​បាន​រថយន្ត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​៣​ផ្ទាំង ហើយ​ព្យាយាម​បើករថយន្ត​ថយក្រោយ​មក​ប៉ះ​ជាមួយ​រថយន្ត​នី​សាន់ JUKI ស៊េរី​ទំនើប​១​គ្រឿង​ទៀត​ដែល​បើក​មក​ពីក្រោយ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម នៅ​ចំណុច​មុខ​ធនាគារ​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ប្រភព​ពី​នារី​អ្នកបើកបរ​រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-5831 បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បើករថយន្ត​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈនោះ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​ស្ទើរ​មើលផ្លូវ​មិនឃើញ ក៏​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​៣​ផ្ទាំង ។

ប្រភព​ពី​ប៉ូលិស​ចរាចរណ៍​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា ខណៈ​រថយន្ត​កូ​រ៉ូ​ឡា​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​៣​ផ្ទាំង​ហើយ អ្នកបើកបរ​ព្យាយាម​ថយ​រថយន្ត​មក​ក្រោយ​ក៏​ប៉ះ​គ្នា​ជាមួយ​រថយន្ត​នី​សាន់ JUKI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-1413 បើកបរ​ដោយ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​ខូចខាត​បែក​ស្តុ​ប​មុខ​មួយ​ចំហៀង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វាស់វែង និង​ត្រូវ​យក​រថយន្ត​កូ​រ៉ូ​ឡា​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ។ ចំណែក​ម្ចាស់​រថយន្ត​នី​សាន់​ក៏​បាន​ទាមទារ​សំណង​ពី​ម្ចាស់​រថយន្ត​កូ​រ៉ូ​ឡា​ផង​ដែរ តែ​នៅ​ពេល​នេះ​កំពុង​ចរចា​គ្នា​នៅឡើយ ៕