Q&A : តើ​គ្មាន​អារម្មណ៍​ជាមួយ​ស្វាមី ផ្តើមចេញ​មកពី​ខឹង​ស្វាមី​ក្បត់ចិត្ត​ពិតមែន​ឬទេ ?​

Sanofi

សំណួរ ៖ នាង​ខ្ញុំ និង ស្វាមី បាន​រៀបការជាមួយគ្នា​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​មាន​ពេល​មួយ​នៅ​កំលុង​ពេលដែល​ទើប​សម្រាល​កូនច្បង​នោះ ស្វាមី​លួច​ទៅ​មាន​ក្រៅ ។ នៅពេលដែល​ចាប់បាន​ថា​មាន​ស្រី​ជាក់ស្តែង​បែបនេះ​បានធ្វើឱ្យ​អ្វីៗ ដែល​ធ្លាប់​ស្រឡាញ់​ធ្លាប់​ទុកចិត្ត ហាក់​រលាយបាត់​សូន្យឈឹង​ពី​អារម្មណ៍​នាង​ខ្ញុំ​អស់រលីង​តែម្តង ។ ទោះបីយ៉ាងណា​យើង​បានរួម​រស់នៅ​ជាមួយគ្នា​រហូត​បានកូន​ទី ២ ។ សូមបញ្ជាក់​ប្រាប់​ត្រង់ៗ ថា ពេលដែល​ចាប់បាន​ស្វាមី​ទៅ​លួច​មាន​ក្រៅបែបនេះ​នាង​ខ្ញុំ​លែង​ចង់​រួមភេទ​ជាមួយ​ស្វាមី​បន្តទៀត ។

នៅ​ថ្ងៃ​ខ្លះ​គាត់​ចេះតែ​ទទូច និង ចូលមក​បបោសអង្អែល ហើយ​នាង​ខ្ញុំ​ចេះតែ​បង្ខំចិត្ត​ធ្វើជាបណ្តោយឱ្យ​គាត់​ចាត់ការ​ខ្លួនឯង ហើយក៏​ស្រែកថ្ងូរ​ធ្វើ​ដូចជា​ទទួល​សេចក្តីសុខ ប៉ុន្តែ​តាមពិត​នោះ គ្មាន​អារម្មណ៍​សោះឡើយ ។ ថ្ងៃ​ខ្លះ​ដោយសារ​គ្មាន​អារម្មណ៍ ក៏ត្រូវ​ប្រើ​ទឹករំអិល​ជួយ ហេតុនេះនៅពេល​ស្វាមី​ដឹង​ក៏​កើតក្តី​តូចចិត្ត ហើយ​ពេលនេះ​គាត់​កាន់តែ​ឃ្លាតឆ្ងាយ​ពី​នាង​ខ្ញុំ​បន្តិច​ម្តងៗ​សឹង តែ​លែង​ក្លាយជា​ប្តី​ប្រពន្ធ​ទៅហើយ ។ នាង​ខ្ញុំ​ត្រូវ​ដោះស្រាយ​ដូចម្តេច ? តើ​បញ្ហា​នេះ​ផ្តើមចេញ​មកពី​អារម្មណ៍​ខឹង​ស្វាមី​ក្បត់ចិត្ត​នាង​ខ្ញុំ​ពិតមែន​ឬទេ ?

​ចម្លើយ ៖ រឿង​ជឿជាក់​ចិត្ត​គ្នា​ទៅវិញទៅមក រវាង​ស្វាមីភរិយា​ជា​រឿង​មួយ​សំខាន់​ខ្លាំងណាស់ ហេតុនេះ​បើ​នរណាម្នាក់​ក្បត់ចិត្ត​ហើយ ទឹកចិត្ត ដែល​ខំ​ស្មោះត្រង់់​ទាំង​ប៉ុន្មាន​នឹង​ធ្លាក់ចុះ ហើយ ដោយសារតែ​ផ្តើមចេញពី​បញ្ហា​នេះ អ្នកខ្លះ​អាចឈាន​ដល់​បែកបាក់​គ្រួសារ​ដែល​ធ្លាប់​តែមាន​ភាព សុខដុម និង មាន​សំឡេង​ក្អាកក្អាយ​ក្នុង​គ្រួសារ​នោះ នឹង​ប្រែជា​ជូរចត់​គួរឱ្យ​ភ័យខ្លាច​ថែមទៀត ។ ទោះបីយ៉ាងណា​ការបណ្តែតបណ្តោយ​អារម្មណ៍​បែប នេះ វា​មិន​ផ្តល់​ផល​ល្អ​ទេ ផ្ទុយទៅវិញ​វា​ថែមទាំង ជះឥទ្ធិពល​អាក្រក់​ដល់​ខ្លួន​ទៅវិញ ។

បើ​យើង​មិន ចេះ​ដោះស្រាយ​វា​នឹង​បង្ក​ឱ្យ​ឃ្លាតឆ្ងាយ​ពីគ្នា​បន្តិច ម្តងៗ​រហូត​ទាល់តែ​អស់រលីង​តែម្តង ។ បញ្ហា​អស់​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​អាច​ផ្តើម ចេញពី​កត្តា​សំខាន់​ពីរ​យ៉ាង គឺ​ទីមួយ​កើត​មកពី​ការ អស់សង្ឃឹម ពេលដែល​ដឹងថា​ស្វាមី​លួច​ទៅ​មាន​ក្រៅ​ដែល​ធ្វើឱ្យ​ចិត្ត​របស់​អ្នក​ធ្លាប់តែ​ស្មោះស្ម័គ្រ​នោះ​កើតការ​ធុញទ្រាន់​លែង​ជឿជាក់ និង តូចចិត្ត ទៅតាម​ធម្មជាតិ ។ ហេតុនេះ​កាមារម្មណ៍​ផ្លូវភេទ ក៏​ចាប់ផ្តើម​លែងមាន និង កើតការ​ភ័យព្រួយ​ផ្សេងៗ ក៏​កើតឡើង​ទន្ទឹមគ្នា​ផងដែរ ដូចជា​ការចម្លង​មេរោគ ជាដើម ។

កត្តា​មួយទៀត​ដែល​អាចធ្វើឱ្យ​អ្នក​អស់​អារម្មណ៍​ផ្លូវភេទ​ដែរ​គឺ​កូនតូចៗ​ដែល​នៅ​ជុំវិញខ្លួន ដែល​មួយថ្ងៃៗ​ត្រូវមាន​ភារកិច្ច​យ៉ាងច្រើន​រាប់​មិន អស់ ហេតុនេះ​ធ្វើឱ្យ​ចំណង់​ផ្លូវភេទ​ក៏​ថយចុះទៅ តាម​នោះដែរ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អ្នក​គប្បី​ពិភាក្សា ជាមួយ​ស្វាមី​ឱ្យបាន​ច្បាស់លាស់ ហើយ​រួមគ្នា​ដោះ ស្រាយ ទើប​បញ្ហា​ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​គ្រួសារ​របស់​អ្នក​បាន​ធូរស្បើយ ហើយ​ភាព​ញញឹមញញែម​ដាក់គ្នា​កើតមាន​ឡើងវិញ ។ ក្រៅពីនេះ​អ្នក​ត្រូវ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ហើយ​លុបបំបាត់​ការមិនទុកចិត្ត​គ្នា ទើប​អ្វីៗ​អាច​ដោះស្រាយបាន​ប្រកប ដោយ​ជោគជ័យ ៕


Related