រាជរដ្ឋាភិបាល នឹងដំឡើងប្រាក់ខែ ដល់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៦

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចថា នឹងដំឡើងប្រាក់បៀវត្ស អប្បបរមារបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បន្ថែមទៀត នៅឆ្នាំ២០១៦ នេះបើយោងតាមសេចក្តីថ្លែងហេតុ នៃសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ដែលត្រូវបានរដ្ឋសភាជាតិអនុម័តនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្នុងសេចក្តីថ្លែងហេតុ នៃសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ បានឲ្យដឹងថា បៀវត្សមូលដ្ឋាន, ប្រាក់បំណាច់មុខងារ, ប្រាក់ឧបត្ថម្ភ, និវត្តជន, លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន ៥.៦៣៦.៣៣៩លានរៀល មានសមាមាត្រា ៥០,៥២ភាគរយ នៃចំណាយចរន្តថវិកាថ្នាក់ជាតិ គឺមានកំណើន ២៣,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ត្រូវជា ៦,៨៨ភាគរយ នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស)។

សេចក្តីថ្លែងហេតុ បានបន្តថា ការចំណាយលើបន្ទុកបុគ្គលិកនោះ រួមមាន ទី១.ការដំឡើងបៀវត្សមូលដ្ឋានក្នុងអត្រា ១២ភាគរយ អនុវត្តចាប់ពីខែមករា ឆ្នាំ២០១៦ និងទី២. ការដំឡើងប្រាក់បំណាច់មុខងារនឹងត្រូវអនុវត្តចាប់ពី ខែមេសា ឆ្នាំ២០១៦។ សេចក្តីថ្លែងហេតុដដែល បានបន្ថែមថា បៀវត្សអប្បបរមារបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៦ នឹងត្រូវដំឡើងរួមមាន បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវដំឡើងពី ៥៥២.៨០០រៀល ដល់ប្រមាណ ៦០០.៥០០រៀល នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមេសា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៧០០.៥០០រៀល, បៀវត្សគ្រូបង្រៀន នឹងត្រូវដំឡើងពី ៦៤៤.៤៨០រៀល ដល់ប្រមាណ ៧០០.៥០០រៀល នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមេសា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៨០០.៥០០រៀល, បៀវត្សគ្រូពេទ្យ នឹងត្រូវដំឡើងពី ៦៤៦.៧២០រៀល ដល់ប្រមាណ ៧០០.៥០០រៀល នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមេសា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៨០០.៥០០រៀល។

ចំពោះបៀវត្សនគរបាល (ពលបាលត្រី) ត្រូវដំឡើងពី ៦៤០.០០០រៀល ដល់ប្រមាណ ៦៧៥.៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមេសា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៧៨៤.៧៣០រៀល (គិតបញ្ចូលរបបអង្ករ), បៀវត្សយោធិន (ពលទោ) នឹងត្រូវដំឡើងពី ៥៣៣.០០០រៀល ដល់ប្រមាណ ៥៦៦.៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមេសា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៦៧៥.៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ ៧៣៣.៧៣០រៀល។

នៅក្នុងសេចក្តីថ្លែងហេតុខាងលើ បានបញ្ជាក់ថា ក្រៅពីការដំឡើងប្រាក់សោធននិវត្តន៍ជូននិវត្តជន ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពីចំនួន ១៦០ពាន់រៀល ដល់ចំនួន ៤០០ពាន់រៀលផងដែរ ឯការចំណាយក្រៅបន្ទុកបុគ្គលិក ត្រូវគ្រោងចំនួន ៥.៥២០.៦៥០លានរៀល មានសមាមាត្រ ៤៩,៤៨ភាគរយ នៃចំណាយចរន្តថវិកាថ្នាក់ជាតិ គឺមានកំណើន ១៧,២ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ត្រូវជា ៦,៧៤ភាគរយ នៃផ.ស.ស៕

រាជរដ្ឋាភិបាល នឹងដំឡើងប្រាក់ខែ ដល់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៦