បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន ប្រទះ​ឃើញ​វត្ថុ​តាង​ករណី​ប្លន់

ខេត្តកំពត ៖ កម្លាំង​នគរបាល​ស្នងការ​ខេត្ត​ដឹកនាំ​ចុះ​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ ម៉ៅ ច​ន្ទ័​មធុ​រឹ​ទ្ឋ ស្នងការ​នគរបាល​​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ខៃ ស​ម្ផ័​ស្ប ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​ក្នុងផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស ស្រុក​ដងទុង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ ក្នុង​នោះ​មានមុខ​សញ្ញា​មេខ្លោង​ម្នាក់ និង​អ្នក​ប្រើប្រាស់​៣​នាក់ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​៨​កញ្ចប់​តូច និង​វត្ថុ​តាង​សម្ភារ​ចែកចាយ និង​ជក់​មួយ​ចំនួន ។ ក្រៅពី​ថ្នាំ​ញៀន និង​សម្ភារ​ប្រើប្រាស់ និង​ជក់​ថ្នាំ​ញៀន កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​ជនសង្ស័យ​ បាន​ប្រទះ​ឃើញ​ម៉ូតូ​មិន​ប្រក្រតី​ចំនួន​៣​គ្រឿង និង​អាវ​ម៉ូតូ ព្រមទាំង​កាង​ម៉ូតូ​ជា​ច្រើន​ទៀត​ដែល​លាក់​ក្នុងផ្ទះ​ជនសង្ស័យ​ជា​មេ​ខ្លោងជួញ​ដូរ​គ្រឿង​ញៀន​ទៀត​ផង ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច​ន្ទ័​មធុ​រឹ​ទ្ឋ បាន​ឲ្យ​ដឹង​ថា លោក​ចុះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​រយពេល​២​ថ្ងៃ​(២៩-៣០​វិច្ឆិកា​២០១៥) ចាប់​បាន​វត្ថុ​តាង​គ្រឿងញៀន​ ហើយយើង​ប្រទះ​ឃើញ​វត្ថុ​តាង​បទល្មើស​ករណី​ប្លន់​ម៉ូតូ និង​កាច់ក​ម៉ូតូ ជា​ករណី​ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ដុតដៃដុតជើង​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ប្រើប្រាស់​គ្រឿងញៀន​បាន​ម្នាក់ ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ប្រាប់​មុខសញ្ញា​មេខ្លោង​ម្នាក់​ទៀត ពេល​នោះ​លោក​បាន​បញ្ជា​ឲ្យ​លោក​វរសេនីយត្រី លក ញ៉ា​វ នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​​ខេត្ត ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ដោយ​សហការ​ជាមួយ​លោក ខៃ ស​ម្ផ័​ស្ប ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​បង្ក្រាប​ដល់ទី​តាំង​សំបុក​ជួញដូរ​តែ​ម្តង ពេល​នោះ​យើង​ចាប់​ឃាត់ខ្លួន​បាន​មេ​ខ្លោង​ម្នាក់ និង​ជនសង្ស័យ​២​នាក់​ទៀត​ដែល​កំពុង​ប្រើប្រាស់ ព្រមទាំង​ប្រមូល​បាន​វត្ថុ​តាង​ថ្នាំ​ញៀន និង​វត្ថុ​តាង​ដែល​សង្ស័យ​ជា​សម្ភារ​ប្លន់​ផង​ដែរ ។

ជនសង្ស័យ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ តឹង គឹ​ម​សែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់  ចាប់​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥, ២-​ឈ្មោះ ហ៊ិ​ន ដា​រ៉ូ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បើ​ន ឃុំ​ល្អាង ស្រុក​ដងទង់​, ៣-​ឈ្មោះ សន សុភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ឃុំ​ល្បើក ស្រុក​ឈូក និង ៤-​ឈ្មោះ ហ៊ី​ម ធូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ជា​មេ​ក្លោ​ង​ជួញដូរ​ថ្នាំ​ញៀន និង​ជា​មុខសញ្ញា​សង្ស័យ​ករណី​ប្លន់ និង​កាច់ក​ម៉ូតូ ដែល​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត និង​ស្រាវជ្រាវ​មុខសញ្ញា​ខាងលើ​យ៉ា​ដុតដៃដុតជើង​ប៉ុន្មាន​ថ្ងៃ​បន្តបន្ទាប់​នេះ​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​វែកមុខ​សញ្ញា​ជនល្មើស​ក្នុង​ករណី​ប្លន់​បន្ត​ទៀត ៕