អ៊ុង សានស៊ូជី ធ្វើកិច្ចជំនួបជាមួយ ប្រធានាធិបតី និងមេបញ្ជាការយោធា មីយ៉ាន់ម៉ា នៅថ្ងៃពុធខាងមុខនេះ

យ៉ាំងហ្គោន៖ មេដឹកនាំបក្សប្រឆាំងប្រចាំប្រទេស មីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី នឹងធ្វើកិច្ចជំនួបជាមួយប្រធានាធិបតី ថេន សេន និងមេបញ្ជាការយោធា លោក មិន អឿងហេឡេង  នៅថ្ងៃពុធខាងមុខនេះ ជាកិច្ចជំនួប លើកដំបូងរបស់ពួកគេ ចាប់តាំងពីលោកស្រីទទួលបាន ជោគជ័យក្នុងការបោះឆ្នោត ជាប្រវតិ្តសាស្រ្តមួយកាលពី ដើមខែវិច្ឆិកាកន្លងទៅនេះ នេះបើយោងតាមការលើកឡើង របស់មន្ត្រីជាន់ខ្ពស់ប្រចាំប្រទេស មីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

គណបក្សសម្ព័ន្ធភាពជាតិដើម្បី ប្រជាធិបតេយ្យហៅកាត់ថា NLD របស់លោកស្រី ស៊ូជី បានទទួលជោគជ័យ ក្នុងការបោះឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី ហេតុនេះ ត្រូវការបង្កើននូវ ទំនាក់ទំនងការងារជាមួយ មេដឹកនាំយោធាដ៏មានឥទ្ធិពល ដើម្បីដឹកនាំរដ្ឋាភិបាលប្រកបដោយ ភាពរលូន។

គួររំលឹកផងដែរថា ស្ត្រីជាមេដឹកនាំបក្សប្រឆំាងដែលអតីត ជាអ្នកទោសនយោបាយ ត្រូវបានហាមឃាត់ មិនឲ្យក្លាយជា ប្រធានាធិបតី ក្រោមគំនាបរដ្ឋធម្មនុញ្ញ នៃរបបយោធានិយមរូបនេះ បានស្នើអញ្ជើញមេបញ្ជាការយោធា និងប្រធានាធិបតីកំពុង កាន់អំណាចបច្ចុប្បន្ន ដើម្បីធ្វើកិច្ចជំនួបដោយផ្ទាល់ តាំងពីរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ព្រឹត្តិការណ៍បោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅនេះ ដើម្បីពិភាក្សាពីបញ្ហា បម្រួបបម្រួមជាតិឡើងវិញ៕

អ៊ុង សានស៊ូជី ធ្វើកិច្ចជំនួបជាមួយ ប្រធានាធិបតី និងមេបញ្ជាការយោធា មីយ៉ាន់ម៉ា នៅថ្ងៃពុធខាងមុខនេះ