អាជ្ញាធរ​ខេត្ត​ហាម​យក​សព​ទៅ​កប់ និង​ធ្វើ​ផ្នូរ​លើ​ភ្នំ ដើម្បី​រៀបចំ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​កណ្តាល​ក្រុង​សិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ មាន​រៀបចំ​ពិធី​ប្រជុំ​សាមញ្ញ​លើក​ទី​១៣ អាណត្តិ​ទី​២ របស់​ក្រុម​ប្រឹ​ក​ខេត្តបន្ទាយមានជ័យ ដោយ​អាជ្ញាធរ​ខេត្ត​បាន​ហាម​មិន​ឲ្យ​យក​សព​ទៅ​កប់ និង​ធ្វើ​ផ្នូរ​នៅ​លើ​ភ្នំ​ទៀត​ឡើយ ដើម្បី​រៀបចំ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​កណ្ដាល​ក្រុង​សិរី​សោភ័ណ ។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា ខេត្តបន្ទាយមានជ័យ​គ្រោង​កសាង​ផ្លូវ​សងខាង​មាត់​ស្ទឹង ដើម្បី​លម្អ​ក្រុង ដែល​ត្រូវ​ចាប់ផ្តើម​កសាង​ជា​បណ្តើរ​ៗ​ពី​សង្កាត់​ទឹក​ផ្លា​ត​ភ្ជាប់​ពី​ផ្លូវជាតិ​៥​ដល់​សង្កាត់​ព្រះ​ពន្លា​ក្នុង​ក្រុង​សិរី​សោភ័ណ ។ មន្ត្រី និង​កម្លាំង​ជំនាញ ត្រូវ​មាន​វិធានការ​ចំពោះ​រថយន្ត​ដឹក​ដី និង​ថ្ម ដែល​មិន​គ្រប​ស្បៃ​បណ្តាល​ធ្លាក់​ដី​លើ​ផ្លូវ និង​ថ្ម​ស្ទះ​មាត់​លូ និង​ហុយ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ។ មន្ទី​ពាណិជ្ជកម្ម​ខេត្ត​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​រក​ទីផ្សារ​ស្រូវ និង​រក​ពូជស្រូវ​ឲ្យ​បាន​តាម​ស្តង់ដា ។

លោក អ៊ុំ អឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មាន​ប្រសាសន៍​ថា សមត្ត​កិច្ច និង​មន្ត្រី​ជំនាញ​មិន​ត្រូវ​ពាក់ព័ន្ធ ឬ​នៅ​ក្រោយខ្នង​បទល្មើស​គ្រឿងញៀន ត្រូវ​ចូលរួម​ទប់ស្កាត់ មិន​ត្រូវ​ឲ្យ​កើត​មាន​ឡើយ ។ គ្រោះថ្នាក់​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​មាន​កំណើន​ឡើង ហើយ​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ត្រូវ​មាន​វិធានការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ទប់ស្កាត់​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៦​អាច​ខ្វះ​ទឹក និង​ត្រូវ​ទប់ស្កាត់​មិន​ឲ្យ​យក​សព​ទៅ​កប់ ឬ​ធ្វើ​ផ្នូរ​លើ​ភ្នំ​កណ្តាល​ក្រុង​សិរី​សោភ័ណ​ទៀត​ទេ ព្រោះ​ខេត្ត​គ្រោង​អភិវឌ្ឍន៍​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ធម្មជាតិ​ទាក់ទៀញ​ភ្ញៀវ​ឆ្លងកាត់​ចូល​មក​កំសាន្ត ៕