រ៉ូណាល់ដូ ចេញ​ពី រៀល ចង់​ទៅ មេនឆេស្ទ័រ ជាង​ទៅ ប៉ារីស?

បន្ទាប់ពីពាក្យចចាមអារាម បានលេចឮកាន់តែច្បាស់ឡើង ថាកីឡាករជាតិព័រទុយហ្គាល់ នឹងមក​ទាត់​ឲ្យ​ក្រុម​ប៉ារីស​នោះ នៅ​ថ្ងៃ​អាទិត្យ​នេះ ស្រាប់តែសារព័៏ត៌មានអង់គ្លេសមួយ បានអះអាងថា កីឡាករចង់ទៅទាត់ ឲ្យ​ក្រុម មេនឆេស្ទ័រ យូណាយធីត (Manchester United) ច្រើនជាង។
រ៉ូណាល់ដូ ចេញ​ពី រៀល ចង់​ទៅ មេនឆេស្ទ័រ ជាង​ទៅ ប៉ារីស?
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ក្នុងឯកសណ្ឋានរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល។ (រូបថត ឯកសារ)

ពាក្យចចាមអារាម បានកើតមានមិនស្វាង តាំងពីចាប់ផ្ដើមរដូវកាលថ្មី ស្ដីពីអនាគត់របស់កំពូលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo)។ គេសឹងតែនិយាយថា មួយថ្ងៃៗ ដំណឹងចម្លែកៗ ទាក់​ទង​នឹង​ក្រុម​បាល់ទាត់ ដែលកីឡាករល្បីឈ្មោះរូបនេះ នឹងជ្រើសរើសនោះ បានធ្លាក់មកដល់ ជាបន្តបន្ទាប់គ្នារហូត។

ដំណឹងលើកនេះ បានចេញពីប្រទេសអង់គ្លេសម្ដង។ សារព័ត៌មាន «Sunday Mirror» បានអះអាងថា កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ដែលកំពុងលេងឲ្យក្រុម រៀលម៉ាឌ្រីដ (Real Madrid) មានបំណងចង់ ត្រឡប់​ទៅនៅ​ជា​មួយ​ក្រុម មេនឆេស្ទ័រ យូណាយធីត ដែលជាក្រុមចាស់របស់ខ្លួន ច្រើនជាងមកទាត់ឲ្យក្រុម ប៉ារីស។ បើតាម​សារព័ត៌មាន​ដដែល បានបញ្ជាក់ទៀតថា កីឡាករម្ចាស់បាល់មាសបីជំនាន់ ទំនងជាចូលចិត្ត «Premier League» របស់អង់គ្លេស ដែលមានការប្រណាំងប្រជែង ខ្លាំងជាងការប្រកួត «Ligue 1» នៅក្នុងប្រទេស​បារាំង។

បើសិនជា រ៉ូណាល់ដូ ជ្រើសរើសយក​ក្រុមបីសាចក្រហម មេនឆេស្ទ័រ នៅពេលនេះ ក៏ដោយសារ​មាន​មូលហេតុ​ផ្សេងៗជាច្រើនទៀតដែរ។ សារព័ត៌មានបានសរសេរបន្តថា ក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) នៅពេលនេះ មានចំណាត់ថ្នាក់ទីមួយ និងមានពិន្ទុនាំមុខក្រុមដទៃ នៅក្នុងក្របខណ្ឌ «Ligue 1» ដល់​ទៅ១៥​ពិន្ទុ ខណៈក្រុមបីសាចក្រហម មានចំណាត់ថ្នាក់នៅមិនទៀង  ក្នុងក្របខណ្ឌ «Premier League» (ម្ដង​លេខ​៥ ម្ដងលេខ៣ ហើយឥឡូវធ្លាក់ចុះក្រោមវិញ)។

ដូច្នេះ បើកីឡាករដ៏ល្បីនេះ មកលេងឲ្យក្រុមប៉ារីស និងទោះជាតារានឹងទទួលប្រាក់​ចំណូលដ៏សម្បើម​ មិន​ដែល​ធ្លាប់ជួប​នោះក៏ដោយ ក៏តារានឹងមិនសូវជា«រះ» មានពន្លឺចិញ្ចាចចិញ្ចែងខ្លាំង ដូចគម្រោងរបស់ក្រុម មេឆេស្ទ័រ ដែលប្រកាសថា នឹងរៀបចំក្បួនលេងរបស់ពួកគេ ដោយយកកីឡាករ រ៉ូណាល់ដូ ជា​គោល​នោះ​ឡើយ។

ក្នុងរដូវកាលថ្មីនេះ កីឡាករ រ៉ូណាល់ដូ មិនសូវជាសប្បាយចិត្តប៉ុន្មានទេ នៅក្នុងក្រុមរៀលម៉ាឌ្រីដ។ ការ​ចាក​ចេញ របស់អតីតគ្រូបង្វឹក ការឡូ អេសេឡូទី (Carlo Ancelotti) និងជំនួសដោយគ្រូបង្វឹកថ្មី រ៉ាហ្វាអែល ប៊េនីតេស (Rafael Benitez) មិនបានជួយឲ្យកីឡាករខ្លួនឯង និងក្រុមលេងបានល្អទេ ទាំងនៅក្នុងក្របខណ្ឌ «Liga» ក៏ដូចជាក្របខណ្ឌ «Champions League» និងជាពិសេស នៅក្នុងការប្រកួត នៅក្នុងប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ក្រុមអ្នកជិះសេះស រៀលម៉ាឌ្រីដ ទើបត្រូវបានក្រុមអ្នកមានបុណ្យ បាសឺឡូណា (Barcelonna) បំបាក់​យ៉ាង​អាម៉ាស កាលពីសប្ដាហ៍មុន ក្នុងពិន្ទុ៤ទល់នឹងសូន្យ៕