ធ្វើ​ត្រប៉ែ​ទទួល​អ្នកចូលរួម​បុណ្យ ពុល​ក្អួតចង្អោរ​មនុស្ស​1​ភូមិ

ធ្វើ​ត្រប៉ែ​ទទួល​អ្នកចូលរួម​បុណ្យ ពុល​ក្អួតចង្អោរ​មនុស្ស​1​ភូមិ

ខេត្តកំពត ៖ អ្នក​ភូមិ​ទាំង​ក្មេង​ទាំង​ចាស់ រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ដែល​នាំ​គ្នា​ហូប​ត្រប៉ែ ក្នុង​ពិធីបុណ្យ​អ្នក​ភូមិ​ម្នាក់ បាន​ពុល​ក្អួត​ចុកពោះ និង​រាករូស​ពេញ​ភូមិ ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​រៀង​ៗ​ខ្លួន ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ វិច្ឆិកា ។
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ មាន ខ្នា អាយុ​៣៧​ឆ្នាំ បានឱ្យ​ដឹង​ថា អ្នក​ភូមិ​ម្នាក់​បាន​និមន្ត​ព្រះសង្ឃ​ឆាន់​មួយ​ព្រឹក ដែល​អ្នក​ភូមិ​និយម​ហៅ​ថា «​បុណ្យ​ដា​» ហើយ​អ្នក​ភូមិ​កោះ​ត្រាច ទាំង​ក្មេង ទាំង​ចាស់ ច្រើន​នាក់ បាន​ទៅ​ចូលរួម​បុណ្យ​នោះ ហូប​ចុក​យ៉ាង​សប្បាយ​រីករាយ ។ ដឹង​ស្រាប់​ហើយ ឱ្យ​តែ​មាន​ពិធីបុណ្យ​ម្តង​ៗ សប្បាយ​ណាស់​ការ​ហូប​អាហារ ។ ពេល​នោះ ម្នាក់​ៗ​បាន​ហូប​ត្រប៉ែ ដែល​ម្ចាស់​ដើមបុណ្យ​ដាក់​ទទួល ប៉ុន្តែ​មិន​ទាន់​ដល់​ពេល​លោក​ឆាន់​ផង ស្រាប់តែ​ម្នាក់​ៗ ខ្លះ​ក្អួត ខ្លះ​ចុកពោះ រាករូស​រក​កន្លែង​បត់ជើងតូច​ធំ​ឱ្យ​ប្រសាច ។ ដោយសារ​មាន​អាការ​បែប​នេះ ក៏​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ ទៅ​កាន់​ពេទ្យ​ស្រុក ។
ស្ត្រី​រូប​នេះ មិន​បានដឹង​ចំនួន​អ្នក​ហូប​ត្រប៉ែ ពុល​ប៉ុន្មាន​នាក់​ទេ ព្រោះ​អ្នក​ពុល​ខ្លះ ត្រូវ​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​កៀង​យ៉ាង ប្រទេស​វៀតណាម ព្រោះ​នៅ​ជិត​ព្រំប្រទល់ ខ្លះទៅ​មន្ទីរពេទ្យ​ស្រុក ។
ស្ត្រី​ម្នាក់​ទៀត រស់នៅ​ភូមិ​កោះ​ត្រាច​ដែរ បាន​និយាយ​ថា រូប​គាត់​មិន​បាន​ហូប​ត្រប៉ែ​ក្នុង​ពិធីបុណ្យ​នេះ​ទេ តែ​ប្តី​របស់​គាត់​បាន​ហូប និង​ពុល​ចាក់ទីង ហើយ​កូនប្រុស​គាត់​ម្នាក់​អាយុ​៣​ឆ្នាំ ក៏​ពុល​ដែរ ។
ស្ត្រី​ចំណាស់​ឈ្មោះ រស់ ចេ​ន អាយុ​៦២​ឆ្នាំ ជា​អ្នក​ធ្វើ​ត្រប៉ែ​នេះ​ដោយ​ផ្ទាល់​ដៃ បាន​អះអាង​ថា គាត់​ជា​អ្នក​ធ្វើ​ត្រប៉ែ និង​ទិញ​មេដំបែ ពី​កន្លែង​មួយ​ជិត​ផ្ទះ​របស់​គាត់ ហើយ​ក៏​មិនដឹង​ថា​ពុល​ដោយសារ​មេដំបែ ឬ​ពី​អ្វី​នោះ​ទេ ។
គាត់​បន្ត​ថា កន្លង​មក​គាត់​ក៏​ធ្លាប់​ទិញ​មេដំបែ​នោះ យក​ទៅ​ធ្វើ​ត្រប៉ែ​ដែរ មិន​ដែល​កើត​អី​ទេ មក​ដល់​លើក​នេះ ស្រាប់តែ​ពុល ហើយ​ពុល​ទាំង​គាត់​ជា​អ្នក​ធ្វើ​ទៀត ។
នគរបាល​ស្រុក បាន​ទៅ​ធ្វើ​កំណត់ហេតុ​ពាក់ព័ន្ធ​នឹង​ករណី​អ្នក​ភូមិ​ពុល​ត្រប៉ែ​នេះ ឃើញ​ថា​ចំនួន​អ្នក​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មាន​១៦​នាក់ និង​នៅ​មាន​មនុស្ស​ដែល​គេ​កំពុង​បញ្ជូន​មក​បណ្តើរ​ៗ​ទៀត ហើយ​តួលេខ​នេះ​មិន​រាប់​បញ្ចូល​អ្នក​ដែល​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ទេ ។
តាម​សម្តី​គ្រូពេទ្យ​ដែល​ដាក់​សេរ៉ូម​ព្យាបាល​ឱ្យ​អ្នក​ពុល​គ្រប់​គ្នា​នោះ បាន​និយាយ​ថា នេះ​ជា​ការ​ពុល​មេដំបែ ទើប​ធ្វើ​ឱ្យ​មាន​អាការ​ក្អួតចង្អោរ ចុកពោះ និង​រាករូស​យ៉ាងនេះ ។
តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មេដំបែ​នេះ​គឺ​អ្នកលក់​ក្នុងភូមិ ទិញ​បន្ត​មក​ពី​ស្រុក​យួន យក​មក​លក់​ជា​ធម្មតា​ទៅ​ហើយ ពី​មុន​មក​មិន​ដែល​អី​ទេ ទើបតែ​អី​លើក​នេះ ៕