ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​

Sanofi

*​តើ​ដី​នៅ​តំបន់​ណាខ្លះ​មានតម្លៃ​ខ្ពស់​ជាងគេ ?
​បច្ចុប្បន្ននេះ​ទីផ្សារ​អចលនទ្រព្យ ដូចជា ផ្នែក​សំណង់​បុរី ខុន​ដូ និង អគារ​តូចធំ​ជាច្រើន​កំពុង​រីក​ដុះ ដាល​ព្រោងព្រាត​នៅក្នុង​រាជធានី​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​នៅ​ប្រទេស​កម្ពុជា ។ អ្នកជំនាញ​បាន​និយាយថា តម្លៃ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​កំពុងតែ​កើនឡើង​ខ្ពស់ ដែលជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ។ លោក គឹម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា​មានប្រសាសន៍ថា ជាការ​ពិតណាស់​នាពេល​បច្ចុប្បន្ននេះ​តម្លៃ​អចលនទ្រព្យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កំពុងតែ​មានការ​កើនឡើង​ខ្ពស់ មិនថាតែ​សំណង់​បុរី​ខុន​ដូ ផ្ទះល្វែង ឬ ក៏​ដីធ្លី​នោះទេ គឺ​សុទ្ធ​តែមាន​ហាងឆេង​ខ្ពស់​ដូចគ្នា ដែលជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ។

នៅ​ឆ្នាំ ២០១៥ នេះ ថ្វីដ្បិតតែ​ទីផ្សារ​ដី​ហាក់ បីដូច​ជាមាន​ភាពស្ងប់ស្ងាត់​ជាង​កាល ពី​ឆ្នាំ ២០១៤ ឬ ឆ្នាំមុនៗ​ក៏ពិតមែន ប៉ុន្តែ​មិនមែន​មានន័យថា តម្លៃ​របស់​វា​ធ្លាក់ចុះ​នោះទេ ពោលគឺ​នៅតែ​រក្សា​តម្លៃ​ខ្ពស់​ដដែល ដោយមាន​តំបន់​ខ្លះ​នៅ​រាជធានី​ភ្នំពេញ​ស្ទើរតែ​មានតម្លៃ​ថ្លៃ​រហូតដល់​គ្មាន​ឈ្មួញ ឬ​ម្ចាស់​ក្រុមហ៊ុន​សាង សង់​ណា​ហ៊ាន​មក​ធ្វើការ​ចរចា ឬ ទិញ​ឡើយ ។ ជាក់ស្តែង​ដូចជា​ដី​នៅ​តំបន់​មាត់ទន្លេ ដី​នៅ​ជុំវិញ​ផ្សារ​ធំថ្មី និង ផ្សារ​អូឡាំពិក ។ ចំពោះ​ដី​ទាំង​ប៉ុន្មាន​តំបន់​នេះ​គឺ​ពិបាក​ក្នុងការ​កំណត់​តម្លៃ​ខ្លាំងណាស់ ។

ក្រៅពី​ដី​នៅតាម​មាត់ទន្លេ នៅ​ជុំវិញ​ផ្សារ​ធំថ្មី និង ផ្សារ​អូឡាំពិក ក៏មាន​ដី​នៅ​តំបន់​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុងតែ​ត្រូវប៉ាន់​ក្នុងពេល​បច្ចុប្បន្ន ដោយ​ក្នុងនោះ​មានដូចជា ដី​នៅក្នុង​សង្កាត់​បឹង​កេងកង​១ ដែលមាន​តម្លៃ​ចន្លោះ​ពី ៤ ៥០០ ដុល្លារ ទៅ ៥ ៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ និង ដី​នៅតាម​បណ្តោយ​មហាវិថី​មួយ ចំនួន​ទៀត ដូចជា មហាវិថី​ព្រះមុនីវង្ស និង មហាវិថី​ព្រះ​នរោត្តម គឺ​ដី​នៅ​ទីនោះ​ស្ថិតក្នុង​តម្លៃ​ពី​ចន្លោះ ៤ ៥០០ ដុល្លារ ទៅ ៥ ៥០០ ដុល្លារ ដូចគ្នា​ទៅនឹង​តម្លៃ ដី​នៅ​សង្កាត់​បឹង​កេងកង ១ ដែរ ។

​លោក​បាន​បន្ថែមទៀតថា មូល​-​ហេតុដែល​នាំឱ្យ​មានការ​ស្ងប់ស្ងាត់​នៃ​ទីផ្សារ​ដីធ្លី​នេះ​គឺ​បណ្តាលមកពី​ថៅកែ​ក្រុមហ៊ុន​សាងសង់​មួយចំនួន​បាន​សម្រាក​ការទិញ​ដី​មួយរយៈ ហើយ​ក្នុង​ចន្លោះ​ពេលនេះ​ក្រុមហ៊ុន​ក៏ដូចជា​ម្ចាស់​សំណង់​ទាំង​នោះបាន​ងាក​មក​សាងសង់​ជា​បណ្តើរៗ​នៅលើ​ដី​ដែល បាន​ទិញ​ទុក​នាពេល​កន្លងមក ព្រោះ​ពេលបច្ចុប្បន្ន​កំពុង​តែមាន​ការរីកចម្រើន និង មមាញឹក​យ៉ាងខ្លាំង​ក្នុង​ការទិញ​លក់ ឬ ជួល​ផ្ទះល្វែង បុរី​ខុន​ដូ និង រោងចក្រ សហគ្រាស ជាដើម ។

ជាក់ស្តែង​ដូចជា​ក្នុង​រាជធានី​ភ្នំពេញ​ត្រង់ចំណុច​ផ្លូវ វេ​ង​ស្រេង និង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ លេខ ៣ លេខ ៤ យើង​សង្កេតឃើញ​មាន​សំណង់​អគារ​រោងចក្រ​ជាច្រើន​រយ​ដំបូល​តម្រៀបជួរ​គ្នា​លើដី​រាប់សិប​ហិកតារ ហើយ​ភាគច្រើន​នៃ​អគារ​ទាំងនោះ​សុទ្ធតែ​ទើបនឹង​សាងសង់​រួច​ក្នុងពេល​ថ្មីៗ​នេះ ហើយ​ក៏មាន​សំណង់​បុរី​ផ្ទះល្វែង​ក្នុង​តំបន់​ខ្លះទៀត​ក្នុង​រាជធានី​ភ្នំពេញ​កំពុងតែ​សម្រុក​សាងសង់​ជា​បន្តបន្ទាប់ ។

លោក​សង្កេតឃើញថា ទីផ្សារ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា​មិនយូរប៉ុន្មាន​ទេ​នឹងមាន​ការឡើង​ខ្ពស់ជាង​កាលពី​ឆ្នាំ ២០០៧ និង ២០០៨ ទៅទៀត ព្រោះ​កំណើន​នៃ​ប្រជាជន​ក៏ដូចជា​កំណើន​នៃ​វិស័យ​សេដ្ឋកិច្ចជាតិ​កំពុង​តែមាន​សន្ទុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​អ្នកវិនិយោគ​បរទេស​វិញ​ក៏​នាំគ្នា​ចូលមក​ដាក់ទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើងៗ ។ កត្តា​ទាំងអស់​នេះហើយ​គឺអាច​នាំ​ឲ្យ​ទីផ្សារ​ដីធ្លី ក៏ដូចជា​អចលនទ្រព្យ​ផ្សេងទៀត​មានការ​កើនឡើង​ខ្ពស់​ទ្វេដង ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា លោក គឹម ហ៊ាង បាន​លើកឡើងថា «​សម្រាប់​ឆ្នាំ ២០១៥ នេះ​មានការ​សាងសង់​អគារ​ខុន​ដូ បុរី និង ផ្ទះល្វែង​យ៉ាងគំហុក​ច្រើនជាង​ឆ្នាំមុនៗ​ដែលជា​ឆ្នាំ​សម្រុក​ក្នុង​ការទិញ និង លក់​ដី ជាពិសេស​នៅ​ឆ្នាំ ២០០៧ និង ២០០៨ គឺជា​ពេល​មួយ​ដែល​ទីផ្សារ​ដី​មាន​ការឡើង​ខ្ពស់ ទាំង​ដី​នៅ​ទីក្រុង និង នៅតាម​តំបន់​ជនបទ ទាំងអស់នេះ​គឺ​ស្ថិតនៅ​ក្នុងតម្លៃ​ខ្ពស់កប់ពពក​ដូចគ្នា » ។​ ​លោក សន សិលា ជា​អ្នករកស៊ី​សាងសង់​ផ្ទះល្វែង​លក់​នៅ​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា «​ខ្ញុំ​បាន​រកស៊ី​សាងសង់​ផ្ទះល្វែង​លក់​នេះ​អស់​រយៈពេល ជាង ១៥ ឆ្នាំ​ហើយ ។

កាលពី ៣ ឬ ៤ ឆ្នាំមុន ទីផ្សារ​អចលនទ្រព្យ​មាន​សភាព​ស្ងប់ស្ងាត់ ធ្វើ​ឲ្យ​អ្នករកស៊ី​សាងសង់​ផ្ទះល្វែង​លក់​មួយចំនួន​ស្ទើរតែ​ចងក​ទៅហើយ ដោយសារតែ​មិនមាន​ប្រាក់​បង់ការ​ធនាគារ តែ​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ ឬ ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​សកម្មភាព​ភ្ញៀវ​ដែល​មករក​ទិញ​ផ្ទះល្វែង គឺ​មានការ​មមាញឹក​ជាង​មុន ហើយក៏​លក់ដាច់​ជាង​មុន​ដែរ យ៉ាងហោចណាស់​ក៏​មួយ​សប្តាហ៍​លក់ដាច់​ផ្ទះមួយ​ល្វែង​ដែរ ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​រយៈពេល​មួយខែ​មិនទាន់​លក់ ដាច់​ផ្ទះមួយ​ល្វែង​ផង ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ខ្ញុំ​មើលឃើញថា វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​កាន់​តែមាន​ទីផ្សា​រ​ល្អ ហើយ​តម្លៃ​ក៏​កាន់តែ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពីព្រោះ​ដី​មិនចេះ​កើតកូន​នោះទេ មានតែ​មនុស្ស​ទេ​ដែល​កើតកូន​រាល់​ថ្ងៃនោះ​» ៕​កុសល

​ ​ ​ ​ ​ ​ ​ ​

​        

Related