Ronaldo, Messi និង Neymar ស្ថិតក្នុងបញ្ជីបេក្ខភាពសម្រាប់ការឈ្នះពាន Ballon d’Or

ខ្សែ​ប្រយុទ្ធ Lionel Messi និង Neymar របស់​ក្លិប Barcelona កាលពី​ថ្ងៃ​ចន្ទ​សុទ្ធ​សឹង​មាន​​ឈ្មោះ​ក្នុង​​បញ្ជី​ចំ​រាញ់​ចុងក្រោយ​សម្រាប់​ការ​ឈ្នះ​ពាន​កិត្តិ​យស​ដ៏មានកិត្យា​នុ​ភាព Ballon d’Or របស់ FIFA រួម​ជា​មួយ​នឹង​​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​ពីរ​សម័យ​កាល Cristiano Ronaldo របស់​ក្លិប Real Madrid ផងដែរ​។ ខណៈ​ដែល​ខ្សែ​​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Ronaldo បាន​ឈ្នះ​ពាន​នេះ​ក្នុង​​រយៈ​ពេល​២​រដូវកាល​ចុងក្រោយ​នេះ (សរុប​៣លើក) ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិអាហ្សង់​ទីន Messi បាន​ឈ្នះ​ពាន​​រង្វាន់​នេះកាល​ពីមុន​ចំនួន​៤​លើក ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Neymar ទើប​តែ​​មាន​ឈ្មោះ​ក្នុង​​បញ្ជី​ចំ​រាញ​​ចុងក្រោយ​សម្រាប់​​ពានកីឡាករ​​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ FIFA ជា​លើក​ទី​១​ប៉ុណ្ណោះ​។ Messi បាន​ដើរ​តួ​នាទីដ៏​សំខាន់​​សម្រាប់​ការ​ឈ្នះពាន​រង្វាន់​បីក្នុង​រដូវកាល​តែមួយ​កាល​​​ពី​រដូវកាលមុន​របស់​ក្រុម Barcelona (រួមមានពាន Champions League, La Liga និង Spanish Cup) ហើយ​​និង​ស្ថិត​​ជា​​​​បេក្ខ​ភាព​​នាំ​មុខ​លើ​កីឡាករ Ronaldo​។
1
ខ្សែ​ប្រយុទ្ធ​អន្តរ​​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ អាចនឹង​បញ្ចប់​រដូវកាលនេះ​​ដោយ​ការ​​មិន​ឈ្នះ​ពាន​អ្វី​សោះ ប៉ុន្តែ ពាន​សម្រាប់​ទេពកោ​សល្យ​​បុគ្គល​អាច​នឹង​​កើ​ត​ឡើង ខណៈ​ដែល​​រូប​គេ​បានក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​របស់​ក្រប​ខ័ណ្ឌ La Liga ជា​មួយ​នឹង​ការ​រក​បាន​៤៨​គ្រាប់ និង​​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​៧​គ្រាប់​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​នេះ​​។ គ្រូ​បង្វឹក​​អេ​ស្ប៉ាញ​ពីរនាក់​ដែល​​រួម​មានលោក Pep Guardiola របស់​ក្លិប Bayern Munich និងលោក Luis Enrique របស់​ក្លិប Barcelona ក៏​បាន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ចំ​រាញ់​ចុង​ក្រោយ​សម្រាប់​ការ​ឈ្នះ​ពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​​​ពិភព​លោក​ផងដែរ រួម​ជា​មួយ​នឹង​លោក​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់​ទីន​ Jorge Sampaoli ដែល​បាន​ជួយ​ឲ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស៊ីលី ឈ្នះ​ពាន Copa America​។ រាល់​ពាន​រង្វាន់​​ទាំង​អស់​នឹង​ត្រូវផ្តល់​ឲ្យនៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​បាល់​មាស FIFA Ballon d’Or ក្នុង​ទីក្រុង Zurich នា​ថ្ងៃ​ទី​១១ ខែ​មក​រា ឆ្នាំ​២០១៦​៕

ប្រភព​ព័ត៌មាន៖ Channel News Asia