គួរ​បរិភោគ​អាហារ​អ្វី​ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​គាំងបេះដូង​?

Sanofi

​តើ​អ្វី​ទៅជា​អាហារ​សុខភាព​សម្រាប់​ការពារ​ជំងឺ​បេះដូង ? ជាទូទៅ​មនុស្ស​គ្រប់រូប​ប្រាកដជា​បានដឹងហើយថា អាហារ​មិនល្អ​ចំពោះ​បេះដូង គឺ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ កាបូ​អ៊ី​ដ្រា​ត អាហារ​កំប៉ុង និង អាហារ​សម្បូរ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ដែល​ជះ​ផល​អវិជ្ជមាន​ដល់​សុខភាព​បេះដូង ។ កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​មាន ២ ប្រភេទ គឺ កូ​ឡេ​ស្តេ​រ៉ូ​លកក និង កូ​ឡេ​ស្តេ​រ៉ូ​ល​ងាយ​រលាយ ដែល​ប្រភេទ​ងាយ​រលាយ​នេះ​មិន​ប៉ះពាល់​ដល់​បេះដូង​ទេ ។

ដោយឡែក​ប្រភេទ​កក គឺ​បង្កឡើង​ពី​អាហារ​សម្បូរ​ខ្លាញ់​ឆ្អែត ហើយ​ខ្លាញ់​នោះ​ទៅ​កក​ផ្តុំ​ក្នុង​សរសៃឈាម រហូត​បង្ក​ទៅជា​ការស្ទះ​សរសៃឈាម ។​ ​ដើម្បី​ចៀសវាង​ប្រភេទ​ខ្លាញ់​កក​នេះ រោងចក្រ​ផលិត​អាហារ​កែច្នៃ​ច្រើនតែ​ចម្រាញ់​ឱ្យទៅជា​ខ្លាញ់​រាវ (Trans fat)​។ អ្នក​បរិភោគ មានការ​ភាន់ច្រឡំ​ដ៏​ធំ ដោយ​គិតថា​ខ្លាញ់​រាវ​មិន​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​ទេ ប៉ុន្តែ​ជាក់ស្តែង​ខ្លាញ់​រាវ​បាន​ពី​ការ​ចម្រាញ់​នេះ​ក៏​ជា​ភ្នាក់ងារ​បណ្តុំ​ជា​ខ្លាញ់​កក​ច្រើនជាង​ពពួក​ខ្លាញ់​ឆ្អែត​ដែល​មិន​ឆ្លងកាត់​ការ​ចម្រាញ់​ទៅទៀត ។

តាម​ការរៀបរាប់​ខាងលើ​មិត្ត​អ្នកអាន​ប្រាកដជា មាន​ចម្ងល់​ហើយ​ថា​តើ​អាហារ​ណា​ដែល​គួរ​បរិភោគ​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​បេះដូង ? មិនមាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន​នោះទេ អ្នក​គ្រាន់តែ ៖
១. កាត់បន្ថយ ឬ ឈប់​បរិភោគ​អាហារ​កែច្នៃ​(​កំប៉ុង​) និង អាហារ​សម្បូរ​ជាតិ​ស្ករ ។

២. ទទួលទាន​អាហារ​ធម្មជាតិ គ្មាន​ជាតិ​កាបូ​កាបូ​អ៊ី​ដ្រា​ត ដូចជា បន្លែ​ផ្លែឈើ អាហារ​សម្បូរ​ប្រូតេអ៊ីន​មធ្យម ។ អាហារ​ខ្លាញ់​ក្នុង​កម្រិត​សមស្រប (៥០ ទៅ ៨៥ ភាគរយ នៃ​អាហារ​ក្នុង ១ ថ្ងៃ​) តែ​ជា​ប្រភេទ​ខ្លាញ់​ល្អ​មានដូចជា ផ្លែ​ប៊័រ ធញ្ញជាតិ​ស្រស់ ទឹកដោះគោ​ស្រស់ ឬ ផលិត​ចម្រាញ់​ពី​ទឹកដោះគោ​ស្រស់ ប្រេង​ធញ្ញជាតិ​ធម្មជាតិ ស៊ុត សត្វ​(​មិន​ស៊ី​ចំណី​គីមី​) សាច់គោ ចៀម ពពែ ដែល​ស៊ី​ស្មៅ​ធម្មជាតិ ។

៣. គ្រប់គ្រង​កម្រិត​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​-៣ និង អូ​មេ​ហ្គា​-៦ (​មាន​ក្នុង​ខ្លាញ់ត្រី​) ដើម្បី​ជួយ​បង្កើត​កោសិកា​សរសៃឈាម ជួយ​ឱ្យ​ចរន្តឈាម​ហូរ​ដោយ​រលូន ។ កង្វះ​អូ​មេ​ហ្គា​-៣ អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ ទាំង​ផ្លូវចិត្ត និង ផ្លូវកាយ រហូតដល់​ធ្វើឱ្យ​ស្លាប់​មុន​អាយុ​ក៏មាន ៕​លក្ខិណា​

Related