​លោក​ជំទាវ ម៉ែន សំអន អញ្ជើញ​ក្នុង​​ពិធី​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​២០១៥

​​​រាជ​ធានី​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១ ធ្នូ ​២០១៥ នេះ ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍ មាន​រៀប​ចំ​ទិវា​ពិភព​លោក​ប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍​២០១៥ «ឆ្ពោះ​ទៅ​សម្រេច​បាននូវ​គោល​ដៅ​៩០-៩០-៩០» ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​​​អធិបតី​ភាព លោក​ជំទាវ​​បណ្ឌិត ម៉ែន សំអន ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​​ រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការ​កិច្ច​ តំណាង​ដ៏ខ្ពង់​ខ្ពស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និងមាន​ការ​​ចូល​រួម​ពី​មន្ត្រី​ពាក់​ព័ន្ធ និង​សិស្សានុសិស្ស​ជា​ច្រើន​​នាក់​ផង​ដែរ ​នៅ​សាលមហោ​ស្រព​ចតុមុខ ។​

ទិវា​ពិភព​លោក​ប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍​២០១៥ ដែល​រៀប​ចំ​នៅ​ព្រឹក​នេះ ​ក្នុង​គោល​បំណង​លើក​​កម្ពស់​ការ​យល់​ដឹង​ថ្មីៗ​ពី​ការ​រាល​ដាល​មេរោគ​អេដស៍ ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ​ជូន​ដល់​សាធារណ​ជន​ទូទៅ​ និង​ជា​ការ​ដាក់​ស្មារតី​ពលរដ្ឋ​​​ឱ្យ​ចង​ចាំ​ជា​និច្ច​ពី​គ្រោះ​ថ្នាក់​​នៃ​មេរោគអេដស៍ និង​ជំងឺ​​អេដស៍​ ។​

លើស​ពី​នេះ​​​ទៀត ទិវា​នេះ​ក៏​មាន​​​បំណង​ស្វែង​រក​ការ​ជួយ​គាំទ្រ​បន្ថែម​ទៀត​ពី​ថ្នាក់​ដឹកនាំ​​​គ្រប់​លំដាប់​​ថ្នាក់ ​ពល​រដ្ឋ​​គ្រប់​ស្រទាប់​​ ​និង​ដៃ​គូ​​អភិវឌ្ឍ​ ព្រម​ទាំង​​អង្គការ​សង្គម​ស៊ីវិល​​ទាំង​អស់​​ផង​ដែរ ក្នុង​ការ​ចូល​រួម​វិភាគ​ទាន​​​ទប់​ស្កាត់​​ការ​រាល​ដាល​​​​មេរោគ​អេដស៍​​ក្នុង​ប្រទេស​កម្ពុជា ៕