គិតត្រឹមម៉ោង៨និង៥០នាទីព្រឹកនេះ​ ជនដៃដល់​កាប់សម្លាប់ឪពុក​ម្តាយក្មេក ប្រពន្ឋ​និងកូន ​មិនទាន់ចាប់ខ្លួន​បាននៅឡើយទេ

ខេត្តកំពង់ចាម ៖ ​ជនដៃដល់កាប់សម្លាប់​ឪពុកម្តាយក្មេក ប្រពន្ឋនិងកូន ​សរុប៤នាក់និងរបួសធ្ងន់ម្នាក់ ​គិតត្រឹមម៉ោង៨និង​៥០នាទីព្រឹកថ្ងៃទី០១ ធ្នូនេះ ​សមត្ថកិច្ចមិនទាន់​ចាប់​ខ្លួនបាននៅឡើយទេ ​និង កំពុងតាមប្រមាញ់ ​។ នេះបើតាម​លោក​ឧត្តម​សេនី​យ៍ បែន រ័​ត្ន ​ស្នងការ​នគរបាល​​ខេត្តកំពង់ចាមដែលបា្រប់​គេហទំព័រកោះសន្តិភាព​នៅ​ប៉ុន្មាននាទី​មុននេះ ។

គួររំលឹកថា ​បុរស​ម្នាក់​បាន​កាប់សម្លាប់ ឪពុក​​ ម្តាយក្មេក ប្រពន្ធ និង​កូនស្រី ​​ស្លាប់​៤​នាក់ និង​របួសធ្ងន់ម្នាក់​ ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាល​ពីយប់​ថ្ងៃ​ទី​៣០​ វិច្ឆិកា ​​ស្ថិត​នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ​​​ ​​។​ ជនដៃដល់ឈ្មោះ​ អេ​ង ធី អាយុ​៤៧​ឆ្នាំ ​បាន​រត់​គេច​ខ្លួន​បាត់​​ក្រោយ​ធ្វើសកម្មភាព​យ៉ាងព្រៃផ្សៃនោះរួចមក ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា ​ក្រោយពេលកាប់សម្លាប់​ឪពុកម្តាយក្មេក ប្រពន្ឋនិងកូន ​ជនដៃដល់ អេង ធី ​បានរត់កាត់វាលស្រែ ​ហើយក្រុម​អ្នកភូមិបានដេញតាមរក ​តែរកមិនឃើញ។ ​យ៉ាងណាក៍ដោយបើតាម​លោកស្នងការនគរបាលខេត្តកំពង់ចាម​ នៅពេលនេះសមត្ថកិច្ចកំពុងតែ​តាមរកចាប់ខ្លួនជន​នេះឲ្យខាង​តែបាន ​ដើម្បីយកមកផ្តន្ទា​ទោសតាមច្បាប់ ។

តាម​របាយ​ការណ៍​​ពី​​អធិការ​នគរ​បាល​ស្រុក​ចំការ​​លើ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​ជនដៃ​​ដល់​​​មិន​ដឹងជាផឹក​ស្រា​ស្រវឹង​មក​ពី​ណា​ទេ​​ ពេល​មក​ដល់​​ផ្ទះ​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ប្រពន្ធ​ ​តែ​ត្រូវ​ប្រពន្ធ​នាំ​កូន​​ទៅ​ផ្ទះ​​​ឪពុក​ ម្តាយ​បង្កើត​ដែល​​មាន​របង​ជាប់​គ្នា​ ​ខណៈ​នោះ​ជន​សង្ស័យ​​​ក៏​ប្រមូល​ខោ​អាវ​ដុត​នៅ​ក្នុង​​ផ្ទះ​របស់​ខ្លួន​។ ​ឃើញ​ដូច​នេះ​​ឪពុក​ក្មេក​បាន​ដង​ទឹក​ទៅ​ពន្លត់​ភ្លើង​​​ ភ្លាម​នោះ​ត្រូវ​ជន​ដៃ​​ដល់ទាញ​កាំ​បិត​កាប់​​មក​លើ​ឪពុក​ក្មេក​ចំ​ក្បាល​ ​ផ្នែក​ខាង​ឆ្វេង​បណ្តាល​​ឱ្យ​របួស​ធ្ងន់​ដួល​​សន្លប់​នៅ​នឹង​កន្លែង​​ បន្ទាប់​មក​ជន​ដៃ​ដល់​បាន​បន្ត​​ទៅ​ផ្ទះ​ឪពុក​ក្មេក​​ ហើយ​កាប់​ប្រពន្ធ​ និង​កូន​ប្រុស ស្រី​២នាក់​​ទៀត​បណ្តាល​​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​តែ​ម្តង​។

ក្រោយ​ធ្វើ​សកម្ម​ភាព​រួច​ ​ ជន​សង្ស័យ​បាន​យក​​​កាំ​បិត​រត់​គេច​ខ្លួន​បាត់​ ​ចំណែក​ជន​រង​គ្រោះ​ជា​​ឪពុក​ក្មេក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ បង្អែក​ស្រុក​ចំការ​លើ​​ និង​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​កំពង់​ចាម​ ។

ជន​រង​គ្រោះ​​ដែល​ស្លាប់​​ ​គឺ ​១-ឈ្មោះ ម៉ៅ យាង​ អាយុ​៦៤​ឆ្នាំ ជា​ម្តាយ​ក្មេក ២​-​​ឈ្មោះ ចាន់​ធី សុភា​នី ​អាយុ​៤៥​ឆ្នាំ ជា​ប្រពន្ធ ៣​-កូនស្រី​ឈ្មោះ​ ធី ស៊ា​ង​ហ៊ី អាយុ​៦​ឆ្នាំ ​និង៤-​​កូនប្រុសឈ្មោះ​ ធី សីហា ​អាយុ​៤​ឆ្នាំ ​ចំណែក​ឪពុកក្មេក ​ឈ្មោះ ស្វាយ ​សា​ខន អាយុ​៦៩ឆ្នាំ រង​របួសធ្ងន់​ ។

សេចក្តីរាយការណ៍ពីលំនៅ​ដ្ឋានសពដែលកំពុងតែធ្វើបុណ្យនោះវិញ​ មកដល់ម៉ោង៩ព្រឹក​ថ្ងៃអង្គារនេះ អ្នកភូមិនិងអាជ្ញាធរមូលដ្ឋាន​ជាច្រើននាក់បាន​មកចូលរួមបុណ្យនិង​សម្តែងនូវការ​តក់ស្លត់​សោកសង្រេងយ៉ាងពន់ពេក ៕