មក​ពី​ផឹកស៊ី​ស្រវឹង​ចុះ​ពី​លើ​ម៉ូតូទូរស័ព្ទ​ហៅ​ប្រពន្ធ​ឲ្យ​បើកទ្វារ​​​​ ​អ្នក​រើស​អេ​ត​ចាយ​លួច​ម៉ូតូ​ទៅ​បាត់

រាជ​ធានីភ្នំពេញ ៖ បុរស​ជា​មេការ​សំណង់​ម្នាក់​ត្រឡប់​ពី​ផឹកស៊ី​ស្រវឹង​ទោរទន់​ចុះ​ពីលើ​ម៉ូតូ​ទូរស័ព្ទ​ហៅ​ប្រពន្ធឲ្យ​បើកទ្វារ​ ត្រូវ​អ្នក​រើ​សអេ​ត​ចាយ​លួច​យកម៉ូតូ​​ទៅ​បាត់​ កាលពី​វេលា​ម៉ោង​០១​ និង​២៥​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ​ធ្នូ ​២០១៥ ត្រង់​ចំណុច​មុខ​ការដ្ឋាន​សំណង់​ខុន​ដូអូ​ឡាំ​ពិ​ក ផ្លូវ​លេខ​២៩២ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន​។

ជន​រង​គ្រោះ​មានឈ្មោះ អ៊ុយ សុខ​ឡៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខរ​បរជា​មេការ​សំណង់ ​ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្បែរ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទើប​ត្រឡប់​មក​ពី​ផឹក​នៅ​ជិត​បឹង​ត្របែក​ក្នុង​ស្ថានភាព​ស្រវឹង​ទោរទន់ ដោយ​ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​១G៩២២៣ មក​ដល់​មុខ​ការដ្ឋាន​សំណង់​បាន​ចត​ម៉ូតូ​ទុក ហើយ​ចុះ​ពីលើ​ម៉ូតូ​ដោយ​មិន​បាន​ដក​កូនសោ​ចេញពី​ម៉ូតូ​ទេ​ទៅ​ទូរស័ព្ទ​ហៅ​ប្រពន្ធ​ឲ្យ​បើកទ្វារ​ឲ្យ តែ​ប្រពន្ធ​មិន​ទាន់​ចេញ​មក​បើកទ្វារ​ឲ្យ​ផង ស្រាប់តែ​ជន​សង្ស័យ​​ម្នាក់​ជា​អ្នក​អូស​រទេះ​រើស​អេ​ត​ចាយ​​​ឃើញ​ឱ​កាស​ល្អ បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ដែល​ស្រវឹងស្រា​ស្រ​វាចាប់​មិន​ទាន់​រត់​ដេញចាប់​ក៏​មិន​ទាន់​បាន​ត្រឹមតែ​ស្រែក​ចោរ​ៗ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​បានយក​ម៉ូតូ​ទៅ​បាត់​បន្សល់​ទុក​រទេះ​អេ​ត​ចាយ​មួយ​គ្រឿង ចត​ទុក​ចោល​នៅ​មុខ​ផ្ទះ​វី​អេស​ដេ​គ័​រលក់​ស៊ុម​រូបថត​ក្បែរ​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​អូ​ឡាំ​ពិ​ក​ឲ្យ​ជួយ​អន្តរាគមន៍​៕