សមត្ថកិច្ច​​ ​សង្ស័យ​បុរស​ម្នាក់​ផឹក​ស្រវឹង​ខឹង​បាត់​ប្រ​ព​ន្ធដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់

ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យ​បាន​ឆាបឆេះកូន​ផ្ទះ​មួយ​ខ្នង​ខ្ទេច​ទាំងស្រុង កាល​ពី​វេលា​ម៉ោង០១ និង​៥០​នាទី​រសៀល ​ថ្ងៃ​ទី៣០ ​វិច្ឆិកា ​​២០១៥ នៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បណ្តាល​​ឱ្យ​មានការ​ភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​នៅ​ក្បែ​រនោះ និង​រថយន្ត​ពន្លត់អគ្គិភ័យ​របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត ​​បាន​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ គ្រា​ដែល​ផ្ទះ​នោះ​បាន​ឆេះ​ទាំងស្រុង​ទៅ​ហើយ​។

សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ពីមូលហេតុ​ដែល​នាំ​អោយ​មាន​អគ្គី​ភ័យ​នេះ​កើតឡើង​គឺ​ដោយសារ​ម្ចាស់ផ្ទះជា​អ្នក​ដុត​។

សមត្ថកិច្ច​​ក្រុង​កំពង់ឆ្នាំងបានឱ្យដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​នេះ​មានឈ្មោះ លឹ​ម មាសម៉ា​រ៉ា អាយុ​៣០​ឆ្នាំ ជា​មុខសញ្ញា​ចាស់ប្រើប្រាស់ ​និង​ចែកចាយ​ថ្នាំ​ញៀន ធ្លាប់​ជាប់​ព​ន្ធ​នាគារជា​ច្រើន​ដង​ ​។

សមត្ថកិច្ច​បាន​ស្រង់​សំដី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រខាងឱ្យដឹង​ថា ពីរ​នាក់​ប្តី​ប្រ​ព​ន្ធ​ម្ចាស់ផ្ទះ​នេះតែងតែ​ឈ្លោះប្រកែក​គ្នា​រាល់ថ្ងៃមិនសូវ​លួស​ពេល​ទេ ហើយ​នៅមុន​ពេល​កើត​គេ​ឃើញ​បុរស​ជា​ម្ចាស់ផ្ទះបាន​ផឹក​ស្រវឹង ​និង​ឡូឡា​រឿង​មិនឃើញ​ប្រ​ព​ន្ធកូន​នៅផ្ទះ បន្តិចក្រោយមក​គេ​ឃើញ​បុរស​ជា​ម្ចាស់ផ្ទះ​បាន​ជិៈ​ម៉ូតូ​ចេញ​ទៅ ដោយ​ស្រែក​ឡើង​ថា ​​កុំ​ចេះ​ដឹង​រឿង​គេ​ តែពេល​ចេញ​ផុត​បាន​តែ​ប្រហែល​១០​ម៉ែត្រ​ស្រាប់តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ផ្ទះ​តែ​ម្តង ដោយ​បុរស​ជាម្ចាស់ផ្ទះ​មិន​ខ្ចី​ងាក​ក្រោយ​មើល​ផ្ទះ​ឆេះ​ឡើយ ធ្វើឱ្យប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នាំ​គ្នា​ជួយ​ពន្លត់ ព្រោះ​ខ្លាច​រាលដាល​ដល់​ផ្ទះ​របស់​ខ្លួន ហើយ​បន្តិច​ក្រោយមក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្តបាន​មក​ដល់​បាញ់​ទឹក​ពន្លត់ ​គ្រា​ដែល​ផ្ទះ​នោះ​បាន​ឆេះ​ទាំងស្រុង​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ផ្ទះ​ខាងលើ​នេះ​មាន​ទំហំ៣​គុណ​​​៤​ម៉ែត្រ ​ជា​ផ្ទះ​តៀម ធ្វើ​ពី​ឈើប្រក់ និង​បាំងជញ្ជាំង​ស្លឹក ក្រៅពី​ផ្ទះ​មួយ​ខ្នង​នៅ​មាន​ឆេះ​សំភារប្រើប្រាស់ ចាន ឆ្នាំង មុង​ភួយ​មួយ​ចំនួន​ទៀត​។

ដោយសារ​តែ​ផ្អែក​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បែប​នេះ ទើប​សមត្ថកិច្ច​សង្ស័យ​ថា ផ្ទះ​ឆេះ​ទាំងស្រុងខាងលើ គឺ​ម្ចាស់ផ្ទះ​ជា​អ្នក​ដុត ហើយ​ជិះម៉ូតូ​គេចខ្លួន​បាត់​ទៅ ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្វែងរក​នាំ
ខ្លួន​មក​សាកសួរ ៕ ​