អតីត​ពិធី​ការិនី​អ្នក​នាង ឈុ​ន ចាន់​ស្រី​ឡា ត្រៀមខ្លួន​ចូល​ទូរទស្សន៍​ថ្មី

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ដែល​ធ្លាប់​ស្គាល់​អ្នក​នាង​ ឈុ​ន ចាន់​ស្រី​ឡា ងឿងឆ្ងល់​ពី​ការ​បាត់​មុខ​នាង ក្រោយ​ពេល​លាឈប់​ពី​ស្ថានីយទូរទស្សន៍​ហង្ស​មាស​មក ។ ទោះជា​យ៉ាងណា​ក្តី អ្នក​នាង​ស្រី​ឡា​នឹង​បង្ហាញមុខ​តាម​ទូរទស្សន៍​វិញ​នា​ពេល ឆាប់​ៗ​ខាង​មុខ ។

អ្នក​នាង​ ឈុ​ន ចាន់​ស្រី​ឡា បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​មួយ​រយៈ​ងាក​ទៅ​ធ្វើ​ការងារ​ថ្មី​តាម​ចំណូលចិត្ត និង​ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ថ្មី​ ។ អំឡុង​ពេល​ចាក​ចេញពី​តួនាទី​ជា​អ្នក​អាន​ព័ត៌មាន អ្នក​នាង​ឈុ​ន ចាន់​ស្រី​ឡា ត្រូវ​គេ​កោតសរសើរ​ថា កសាង​សមត្ថភាព​ប្រសើរ​ជាង​មុន​ដោយសារ​តែ​នាង​មិន​ធ្លាប់​មានបទពិសោធន៍​ខាង​ភាពយន្ត តែ​អាច​ផលិតភាព​យន្ត​រឿង «​ហ្វេ​ស​ប៊ុ​ក​ផ្តាច់​វិញ្ញាណ​» របស់​ផលិតកម្ម​អភិមង្គល ។ ភាពយន្ត​នោះ​បាន​ចេញ​ជា​រូបរាង និង​បញ្ចាំង​ជា​ផ្លូវការ​ឲ្យ​ទស្សនិកជន​ទស្សនា​កម្សាន្ត​នា​ពេល​កន្លង​មក ។

បច្ចុប្បន្ន​អតីត​អ្នក​អាន​ព័ត៌មាន​អ្នក​នាង​ឈុ​ន ស្រី​ឡា បាន​សាង​រូបភាព​ថ្មី តាម​រយៈ​ការ​បង្កើត​អាជីវកម្ម​មួយ ក្រោយ​ពេល​គិតគូរ​យ៉ាង​ផ្ចិតផ្ចង់​នោះ​គឺ​ផ្នែក​បម្រើ​ពិធី​មង្គលការ ។ បើ​ម្ចាស់​ដើមការ​ចង់ឱ្យ​ជួយ​រៀបចំ នោះ​ក្រុមការងារ​របស់​អ្នក​នាង​ស្រី​ឡា នឹង​ចាត់ចែង​តាម​តម្រូវការ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​«កោះសន្តិភាព»​កាលពី​ពេលថ្មី​ៗ​កន្លង​មក អ្នក​នាង​ ឈុ​ន ស្រី​ឡា រៀបរាប់​ថា បន្ទាប់​ពី​អាជីវកម្ម​ភាពយន្ត​នា​ពេល​កន្លង​មក នាង​បង្កើត​អាជីវកម្ម​ថ្មី​មួយ​ឈ្មោះ​ថា «​ស្រី​ឡា​វីត​ឌី​ង​» ជា​អាជីវកម្ម​ផ្តោត​បម្រើ​កម្មវិធី​មង្គលការ​ប្រកបដោយ​សិរី​សួស្តី​របស់​កូនកំលោះ​កូនក្រមុំ​ ក៏​ដូច​ជា​មាតា បិតា​ទាំងឡាយ ។ អាជីវកម្ម​ ស្រី​ឡា​ វីត​ឌី​ង មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ដែល​បម្រើ​លើ​ផ្នែក​កាមេរ៉ា​ផ្សាយ​ផ្ទាល់​ក្នុង​កម្មវិធី​មង្គលការ ថតរូប​ព្រី​វីត​ឌី​ង ថតរូប​នៅ​ខាងក្រៅ​តាម​តំបន់ផ្សេង​ៗ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត និង​នាំ​កូនកំលោះ​ក្រមុំ​ថតរូប​តាម​ទីតាំង​ដូច​ជា​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​ទំនើប ។ អាជីវកម្ម​ថ្មី​នេះ​ទទួល​បាន​អតិថិជន​ជា​បន្តបន្ទាប់​ក្រោយ​ពី​ពួក​គាត់​បាន​ស្គាល់ និង​ដឹង​តាម​កញ្ចក់​ទូរទស្សន៍​ ។ «​អ្វី​ដែល​សំខាន់​យើង​ពិតជា​មាន​កញ្ចប់​ការងារ​មួយ​ច្បាស់លាស់​ និង​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​លើ​ការ​បម្រើ​អតិថិជន ធានា​ថា​មិន​ឲ្យ​ខ្វល់ចិត្ត​ ហើយ​ស្នាដៃ​ចេញ​មក​ពិតជា​ទទួល​បាន​យ៉ាង​គាប់ចិត្ត​សម​តាម​តម្លៃ​ជួល​មក​លើ​ក្រុមការងារ​របស់​យើង​» អ្នក​នាង​ ឈុ​ន ស្រី​ឡា និយាយ​បែប​នេះ ។

នៅ​ពេល​សួរ​ថា​ ទុន​ចំណាយ​លើ​មុខរបរ​ថ្មី​នេះ​ប៉ុន្មាន អ្នក​នាង​ ស្រី​ឡា​ មិន​បញ្ជាក់​ច្បាស់លាស់​ទេ តែ​ថា​ការ​ចំណាយ​មិន​ខុស​ពី​អ្នក​បើក​អាជីវកម្ម​ផ្សេង​ទៀត​ទេ ។

ចំពោះ​គម្រោង​កសាង​ស្នាដៃ​ផ្នែក​អាន​ព័ត៌មានវិញ អ្នក​នាង​ ឈុ​ន ស្រី​ឡា រកបាន​ស្ថានីយ​ទូរទស្សន៍​ថ្មី​ធំ​មួយ តែ​សុំ​លាក់​ឈ្មោះ​សិន ដោយ​ត្រៀមខ្លួន​បង្ហាញមុខ​សា​ជា​ថ្មី​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។ អ្នក​នាង​ ស្រី​ឡា មិន​អាច​ចោល​អាជីព​អាន​ព័ត៌មាន​បាន​ទេ ព្រោះ​ជា​ការងារ​ដែល​ស្រឡាញ់​ចូល​ចិត្ត និង​តស៊ូ​យូរ​មក​ហើយ ។ ម្យ៉ាង​ទៀត​មាន​ទស្សនិកជន​គាំទ្រ​សមត្ថភាព​កន្លង​មក ទើប​នាង​មិន​អាច​ចោល​បាន​ទេ គឺ​ត្រូវ​តែ​បម្រើ​ការងារ​អាន​ព័ត៌មាន​នេះ​វិញ ៕