នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើខេត្តមណ្ឌលគិរី​ថ្មី​ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​

​ដោយ​៖​សំណាង​

​ខេត្តមណ្ឌលគិរី​៖​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ត្រូវ​ប្រកាស​ផ្ទេរ​សម្រួល​ភារកិច្ច​លោកនាយ​ខណ្ឌ​ថ្មី​នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី​នា​រសៀល​ថ្ងៃទី​៣០ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ ក្រោម​វត្តមាន​លោក​អ៊ុង សំអាត​ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ និង​ភ្ញៀវកិត្តិយស​មកពី​អង្គភាព​មន្ទីរ​ជុំវិញ​ខេត្ត​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ​លោក វង់ សុក្រ​សិរី បានធ្វើការ​ប្តេជ្ញាចិត្ត​នៅ​ចំពោះមុខ​គណៈអធិបតី និង​ភ្ញៀវកិត្តិយស​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុង​តំបន់​នេះ​ប្រយោជន៍​ដើម្បី​ជំរុញឱ្យមាន​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ព្រៃឈើ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ គុណភាព និង​តម្លាភាព​។ លោក​បាន​បន្តថា រូបលោក​ផ្ទាល់​មាន​អារម្មណ៍​ចូលចិត្ត​បរិយាកាស់​ដ៏​ត្រជាក់​នៅទីនេះ​ក៏ដូចជា​ការថែរក្សា​នូវ​លំនឹង​គំរប​ព្រៃឈើ​ឱ្យបាន​ល្អប្រសើរ​ទៀតផង​។ ទន្ទឹម​នោះ​ភ្ញៀវកិត្តិយស ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃលែង​រាល់​ការប្តេជ្ញាចិត្ត​របស់លោក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ថ្មី​នៅ​មណ្ឌលគិរី​នាពេលនេះ​។​

​សូម​ជំរាប​ថា លោក វង់ សុក្រ​សិរី អតីត​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​បច្ចុប្បន្ន​ត្រូវបាន​ប្រកាស់​ផ្ទេរ​ភារកិច្ច​ថ្មី​មកកាន់​ដំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី រីឯ​លោក កែប កត់ អតីត​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​មុខតំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅ​រតនគិរី​៕

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើខេត្តមណ្ឌលគិរី​ថ្មី​ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​