ពាក្យ «បែក​ស្លុយ» មាន​ន័យ​យ៉ាងម៉េច?


ពាក្យ «បែក​ស្លុយ» មាន​ន័យ​យ៉ាងម៉េច?

ពាក្យ «បែក​ស្លុយ» ត្រូវ​បាន​ក្រុម​យុវវ័យ​ ចូលចិត្ត​លើក​មក​និយាយ​​លេង​សើច ឌឺដង​ដាក់​គ្នា​ណាស់ ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ។ បើ​តាម​ការ​សាកសួរ​របស់ Sabay យុវវ័យ​​ជា​ច្រើន​ ​តែង​ប្រើ​ប្រាស់ និង​ឮ​ពាក្យ​នេះ ប៉ុន្តែ​ពួកគេ​ខ្លះ​​មិន​យល់ ​ពី​អត្ថន័យ​របស់​វា​ច្បាស់​ទេ ពោល​​គឺ​ប្រើ​តាម​គ្នា។

ពាក្យ «បែក​ស្លុយ» មាន​ន័យ​យ៉ាងម៉េច?

 

ទោះបីជា​យ៉ាងណា​យុវជន​​ចូល​ចិត្ត​ប្រើ​​ពាក្យ «បែក​ស្លុយ» សម្បត្តិ បាន​​រៀបរាប់​ថា ពាក្យ​នេះ​គេ​សំដៅ​លើ​អ្នក​ដែល​ធ្វើ​អ្វី​ខុស​ទំនង ជាពិសេស​​​កាយវិការ និង​សំលៀកបំពាក់។

 

“តាម​ការ​យល់​របស់​ខ្ញុំ ពាក្យ​នឹង​គេ​​ប្រើ​លើ​អ្នក​ធ្វើ​អី​ខុស​ទំនង ជា​ពិសេស​កាយវិការ ការ​ស្លៀកពាក់។ ក្បែរ​ផ្ទះ​ខ្ញុំ​សម្បូរ​ណាស់! ការ​និយាយ​ស្ដី​ មិន​សូវ​ពាក់ព័ន្ធ​នឹង​ពាក្យ​បែក​ស្លុយ​ទេ»។

 

មាន​ការ​យល់​ឃើញ​ដូច​គ្នា លោក សែម សុធារិទ្ធ ថ្លែង​មក​កាន់ Sabay ថា បែក​ស្លុយ​ ជា​ពាក្យ​ប្រើ​សំដៅ​អ្នក​ធ្វើ​អ្វី​ខុសគេ ប្លែកៗ ឬ​បែក​ឆ្វេង ខណៈ​​កញ្ញា អ៊ិន ស៊ីដា បុគ្គលិក​ក្នុង​ព្រលានយន្តហោះ​​ភ្នំពេញ​អន្តរជាតិ បញ្ចេញ​មតិ​ថា បើ​តាម​ការ​យល់​ឃើញ​របស់​កញ្ញា ពាក្យ​នេះ​គេ​ប្រើ​​សម្រាប់​លេង​សើច​ដាក់​គ្នា ដូចជា​ពាក្យ​វល់ៗ​ជាដើម។

 

“ខ្ញុំ​យល់​បែប​នេះ​វិញ…គេ​ចង់​សំដៅ​លើ​មនុស្ស​ចិត្ត​ក្ដៅ ធ្វើ​អ្វី​ឆ្កួតៗ បែកៗ មិន​សូវ​ជា​ទំនង” ។ នេះ​ជា​ការ​លើកឡើង​របស់​យុវជន សារ៉ាន់ ជា​អ្នកជំនួញ​ម្នាក់​​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​បន្ត​ថា ៖ “ជាមនុស្ស​​ដែល ចូលចិត្ត​ធ្វើ​អ្វី​ឆ្កួតៗ ឬ​បែក​ថ្នាំ។ នេះ​បើ​តាម​ខ្ញុំ​យល់”។

 

អ្នក​ខេត្ត​សៀមរាប​យុវតី ងោ សត្យារាសី គរុសិស្ស​ឆ្នាំ​ទី ២ ឯកទេស​អង់គ្លេស​ខ្មែរ នៃ​មជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគបាត់ដំបង ប្រាប់​ថា៖ “ខ្ញុំ​យល់​ថាពាក្យ​នេះ សំដៅ​លើ​មនុស្ស​បែកថ្នាំ តែង​ខ្លួន​​ឆ្កួតៗ ធ្វើ​អ្វី​ប្លែកៗ និង​មនុស្ស​កើត​រោគចិត្ត”។

 

រាល់​មតិ​ខាងលើ គ្រាន់​តែ​ជា​ការ​យល់ឃើញ របស់​​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ មិន​បាន​ន័យ​ថា ជា​ពាក្យ​ត្រូវ​ឬ​ខុស​នោះ​ទេ។ ចំណែក​ប្រិយមិត្ត​វិញ យល់​ដូចម្ដេច​ដែរ? បើ​​បើ​ចង់​ចែករំលែង​ពាក្យ «បែក​ស្លុយ» ប្រិយមិត្ត​អាច​បញ្ចេញ​មតិ​ ក្នុង​ប្រអប់ Comment ខាងក្រោម៕

 

ចុចអាន៖ ស្នេហា​មួយ​នៅ​​វិទ្យាល័យ

ចុចអាន៖ កុំ​​ចេះ​​តែ​​ហ៊ាន​ប្រយ័ត្ន​​អស់​​បណ្ណ​​បើក​​បរ បើ​​ប្រព្រឹត្ត​​ខុស​​កំ​ហុស​​៥​​នេះ

 

អត្ថបទ៖ អ៊ុំ សុភក្តិ