ស្ថានភាព​នយោបាយ​នៅ​កម្ពុជា គឺជា​សេចក្តី​ព្រួយបារម្ភ​របស់​សមាជិក​សភា​អាស៊ាន​

ការគំរាមកំហែង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្សជំទាស់​ក្នុងប្រទេស​កម្ពុជា កំពុង​ត្រូវបាន​សហគមន៍​អន្តរជាតិ​រិះគន់​ជា​បន្តបន្ទាប់ ហើយ​រដ្ឋសភា​កម្ពុជា​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនអាច​បិទបាំង​បានទេ​។ ជាក់ស្តែង​សមាជិកសភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស​បាន​សម្តែង​សេចក្តី​ព្រួយបារម្ភ ចំពោះ​បញ្ហា​វិវត្តន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ដែល​រួមមាន ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ការដកហូត​តំណែង​លោក កឹម សុខា និង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ការចាប់​ឃុំខ្លួន​សកម្មជន​គណបក្ស​នេះ​។ សមាជិកសភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការ​ធានា​នូវ​សិទ្ធិសេរីភាព​ពេញលេញ ចំពោះ​ការចូលរួម​ក្នុង​ជីវិត​នយោបាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។

នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ របស់​សភា​អាស៊ាន​បាន​ហៅ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មេដឹកនាំ តំណាងរាស្ត្រ និង​សកម្មជន​គណបក្សជំទាស់​ថា ជាការ​បំផ្លាញ​ពន្លក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ក្រុមតំណាងរាស្ត្រ​នៃ​សភា​អាស៊ាន​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​បទចោទប្រកាន់​ប្រឆាំង​លោក សម រង្ស៊ី ព្រមទាំង​ផ្តល់​សេរីភាព​ជូន​តំណាងរាស្ត្រ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា សភា​អាស៊ាន​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ហើយ​មើលឃើញ​រាល់​ការពិត​ទាំងឡាយ​ទាក់ទង​ទៅនឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។

នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ របស់​សភា​អាស៊ាន លោក ឆា​លស៍ សេ​នទី​យ៉ា​ហ្គោ ប្រធានសភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស បាន​លើកឡើងថា​ការវិវត្តន៍​នយោបាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺជា​សេចក្តី​ព្រួយបារម្ភ​របស់​សមាជិក​សភា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ លោក ឆា​លស៍ សេ​នទី​យ៉ា​ហ្គោ បាន​បញ្ជាក់ថា​«​ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា​និង​ប្រទេស​នានា​ក្នុង​តំបន់ សហគមន៍​អន្តរជាតិ​រួមទាំង​អាស៊ាន​ផង ត្រូវតែ​ប្រាកដថា​សកម្មភាព​ទាំងអស់នេះ មិនអាច​ទទួលយកបាន​នោះឡើយ​។ ប្រសិនបើ​ការដាក់​សម្ពាធ​មិនអាច​ធ្វើ​អ្វី​រដ្ឋាភិបាល​កម្ពុជា​បាន​នោះ មេដឹកនាំ​ដទៃទៀត​ក្នុង​តំបន់​ប្រាកដជា​មិន​ញញើត​នឹង​ប្រព្រឹត្ត​នូវ​ទង្វើ​រំលោភបំពាន​បែបនេះ​ឡើយ ពេលដែល​មាន​អ្នក​រិះគន់​ពួកគេ​»​។

ការលើកឡើង​របស់លោក ឆា​លស៍ សេ​នទី​យ៉ា​ហ្គោ ដូច​ខាងលើនេះ​មានន័យថា សភា​អាស៊ាន​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ការដកហូត​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា អំពើហិង្សា​ទៅលើ​សមាជិកសភា​២​រូប បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​រិះគន់​យ៉ាងខ្លាំង​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្សកាន់អំណាច​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមតំណាងរាស្ត្រ​នៃ​សភា​អាស៊ាន​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស បានកើត​មាន​ក្រោយពេល​សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង​សភា​អឺរ៉ុប​ជាដើម ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​បាន​ប្រព្រឹត្ត​ផ្ទុយទៅនឹង​សន្ធិសញ្ញា កតិកាសញ្ញា​ផ្សេងៗ​ស្តីអំពី​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​ខាង​ការប្រមូលផ្តុំ​ដែល​កម្ពុជា គឺជា​ភាគី​ហត្ថលេខី​។ ជាមួយគ្នានេះ​សភា​អឺរ៉ុប​ព្រមាន​ថា នឹង​លុបចោល​ទឹកប្រាក់​ជំនួយ​៤៣៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ប្រសិនបើ​លោក សម រង្ស៊ី មិនអាច​វិល​ត្រឡប់មក​កម្ពុជា​បន្ត​អាជីព​នយោបាយ​ដោយ​សុវត្ថិភាព​៕

12291845_999353876788012_6815005784284100098_o 12196045_730110727123471_5799455885843183549_n-2015-11-05