រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បុក​ម៉ូតូ​ពីក្រោយ​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ម្នាក់

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផ្ទុះ​ក្បាល​ធ្លាយ​ខួរ​ខ្ចាយ​ពេញ​ផ្លូវ បន្ទាប់​ពី​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​សណ្តោង​កន្ទុយ​បើក​លឿន​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ក្រោយ​ម្នាក់​ធ្លាក់​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​នៅ​​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ថ្ងៃ​ទី​៣០ ​​វិច្ឆិកា ​ស្ថិត​​នៅ​​​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ  ។

សព​ជន​រង​គ្រោះ​ឈ្មោះ ដួង សុភាព ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ជា​​កម្មករ​រោងចក្រ ក្រុមហ៊ុន​ម៉ា​កា​ឡូត ហ្គា​មិន ខេ​ម​បូ​ឌា ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ឯករាជ​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​កូន​ខ្លា ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​អ្នក​បើករថយន្ត​បង្ក​ឈ្មោះ យឹ​ម អៀ​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់​​ជិះម៉ូតូ​ធំមិន​ស្គាល់​ម៉ាក​ និង​ស្លាក​លេខ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វេ​ង​ស្រេង ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​​ចំណុច​​កើតហេតុ​​ក៏​​បាន​ឈប់​ម៉ូតូ​អែប​​កផន​​និយាយ​គ្នា ​ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​​៣A-៤៦៤២ ជា​រថយន្ត​សណ្តោង​កន្ទុយធ្វើ​​ដំណើរ​​តាម​ផ្លូវ​វេ​ង​ស្រេង ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន​ ​ដោយ​សារ​តែ​ផ្លូវ​​ងងឹត​ផង​នោះ​ធ្វើ​ឲ្យ​អ្នកបើកបរ​គេច​មិន​ទាន់​ក៍​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​ បណ្ដាល​ឲ្យ​អ្នក​អង្គុយ​ក្រោយ​ដួល​ធ្លាក់​ចូល​​ក្រោមកង់​រថយន្ត​កិន​ក្បាល​​ផ្ទុះ​ខួរ​ចេញ​មក​ក្រៅ​ស្លាប់​នៅ​នឹង​កន្លែង រីឯ​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល​បាន​លើក​ម៉ូតូ​ជិះ​ដេញ​តាមរថយន្ត​បង្ក​បាត់​ស្រមោល ទោះបីជា​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​នៅ​តាម​ផ្លូវ​អូរ​ដឹ​ម ភូមិ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​ទោះបី​​ជា​​ប៉ូលិស​ចាប់​រថយន្ត​និង​អ្នក​បើក​បរ​​បាន ក៏​មិនឃើញ​មិត្តភក្តិ​ដែល​ជា​អ្នក​បើក​ម៉ូតូ​ដេញ​តាម​​នោះ​ត្រឡប់​មក​វិញ​ដែរ​ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​និង​អ្នក​បើក​ត្រូវ​​បាន​សមត្ថកិច្ច​​បញ្ជូន​ទៅ​​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ ។ ​ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុម​គ្រួសារយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕