អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​ហើប​មាត់​ខ្លះៗហើយ​បញ្ហា​ប្រឈម​២​កប់​ក្នុង​ខណ្ឌ​

រាជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពេល​គេហ​ទំព័រ​កោះ​សន្តិ​ភាព​ចេញ​ផ្សាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​នៅ​ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ស្តី​ពី​ក្លិន​ស្អុយ​អសោចជះ​ចេញ​ពី​កុង​ស៊ី​កាប់​ជ្រូក​ និង​ការ​ចាក់​ដី​លុប​ប្រឡាយ​បឹង​ក្រពើ​ដែល​ជា​មូល​ហេតុ​ធំ​មិន​អាច​ឱ្យ​ទឹក​សំអុយ​ហូរ​បាន​នោះ ម្សិល​មិញ​នេះ​អ្នក​ភូមិ​តវ៉ា​ទាំង​ឡាយ​ស្វា​គមន៍​ក្រៃ​លែង​នូវ​ការ​នាំ​ពាក្យ​នេះ​ពី​កោះ​សន្តិ​ភាព​។

ទន្ទឹម​នឹង​ការ​ចេញ​ផ្សាយ​ប្រកប​ដោយ​ការ​រិះ​គន់​ស្ថាប​នា​នេះរួច​មក អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ​បាន​បក​ស្រាយ​​ដោយ​សុភាព​ប្រៀប​ដូច​គ្មាន​រឿង​កើត​ឡើង​ក្នុង​មូល​ដ្ឋាន​របស់​អស់​លោក​ឡើយ​។

ដោយ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ណា​មួយ​នោះ គេហ​ទំព័រ​កោះ​សន្តិ​ភាព​សូម​ដក​ស្រង់​នូវ​ចម្លើយ​របស់​អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ​ដូច​ខាង​ក្រោម​ទុក​ឱ្យ​អ្នក​ភូមិ​ដំណាក់​ធំ​ពិចារណា​តាម​ការ​គួរ​ ដែល​កោះ​សន្តិ​ភាព​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត​ បន្ទាប់​ពី​លិខិត​ទាំង​ឡាយ​បញ្ជូន​មក​ដល់​។

តាម​ពិត​ទៅ​អាជ្ញា​ធរ​មិន​ដែល​ព្រងើយ​កន្តើយ​នឹង​ទុក្ខ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ឡើយ​ បញ្ហា​ប្រឈម​នៅ​មូល​ដ្ឋាន​ជា​ច្រើន​យើង​បាន​នឹង​កំពុង​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ ការ​យឺត​យូរ​មិន​ទាន់​បាន​ដោះ​ស្រាយ​វា​មិន​មែន​ជា​ភាព​អសកម្ម​របស់​អាជ្ញា​ធរ​ ឬ​ដោយ​សារ​តែ​មាន​ក្រោម​តុ លើ​តុ​អ្វី​នោះ​ទេ បញ្ហា​ខ្លះ​អាជ្ញា​ធរ​អាច​ដោះ​ស្រាយ​បាន​ភ្លាម។

បញ្ហា​កុង​ស៊ី​កាប់​ជ្រូក​នៅ​ភូមិ​ដំណាក់​ធំ​២ ខ្ញុំនឹង​ចុះ​មើល​ទី​តាំង​នោះ​ដោយ​ផ្ទាល់​ ព្រោះ​កន្លង​មក​ខ្ញុំ​ហាក់​បី​ដូច​ជា​មិន​ទាន់​បាន​ឃើញ​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ​នៅ​ឡើយ​។ គ្រប់​ពាក្យ​បណ្តឹង​ទាំង​អស់​ អាជ្ញា​ធរ​មិន​​ដែល​ថា​គ្មាន​ដំណោះ​ស្រាយ​នោះ​ទេ ។

ខ្ញុំ​តែង​ធ្លាប់​ប្រាប់​ពលរដ្ឋ​តាម​រយៈ​វេទិកា​សាធារណៈ​ជា​រឿយៗថា បញ្ហា​ប្រឈម​នៅ​នឹង​មូល​ដ្ឋាន​សូម​ទុក​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​ដោះ​ស្រាយ​ឱ្យ​អស់​លទ្ធ​ភាព​​សិន​ ហើយ​បើ​សិន​ការ​បញ្ជូន​ពាក្យ​បណ្តឹង​ ឬ​ការ​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ពិត​ថា វា​លំបាក​គឺ​ប្រជា​ពលរដ្ឋ​​គ្រប់​រូប​អាច​មក​ទំនាក់​ទមនង​ជួប​ខ្ញុំ​ដោយ​ផ្ទាល់​ ខ្ញុំ​នឹង​រង់​ចាំ​ជួប​ជានិច្ច​ និង​ត្រូវ​រាយ​ការណ៍​ជូន​ដល់​ខ្ញុំ​ផង​ដែរ​ចំពោះ​មន្ត្រី​ដែល​គ្មាន​ឆន្ទៈបម្រើ​រាស្ត្រ​។

បញ្ហា​ការ​ចាក់​ដី​លុប​បឹង​ក្រពើ​ គឺ​ជា​តម្រូវ​ការ​នៃ​ការ​អភិវឌ្ឍ​មូល​ដ្ឋាន​។ បញ្ហា​នេះ​អាជ្ញា​ធរ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ជាមួយ​នឹង​អ្នក​វិនិយោគ​តំបន់​នេះ​ដើម្បី​រៀប​ចំ​ប្រព័ន្ធ​​លូ​រំដោះ​ទឹក​ចេញ​ឱ្យ​បាន​សម​ស្រប​ ដែល​ករណី​នេះ​យើង​បាន​សិក្សា​រួច​ហើយ​ ហើយ​ប្រព័ន្ធ​លូ​នេះ​នឹង​​ចាប់​ផ្តើម​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​នេះ៕